កីឡាករឆ្នើម Cristiano Ronaldo របស់ក្លិប Real Madrid និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលមានចំណូលខ្ពស់រហូតដល់១០០លានអឺរ៉ូ (ប្រមាណ១០៨លានដុល្លារ) ក្នុង១ឆ្នាំ ។
តាមប្រភពពីទស្សនាវដ្តី The Sun បានឲ្យដឹងថា ចំណូលរហូតដល់១០០លានអឺរ៉ូក្នុង១ឆ្នាំរបស់ Cristiano Ronaldo នេះបានមកពីចុះកុងត្រាធំៗ២ កាលពីសប្ដាហ៍មុន បន្ទាប់ពីរូបគេបន្តកុងត្រាជាមួយក្លិប Real Madrid ដល់ឆ្នាំ២០២១ បានថ្លៃឈ្នួល៥០០.០០០ផោនក្នុង១សប្ដាហ៍ និងចុះកុងត្រាជាមួយក្រុមហ៊ុន Nike រយៈពេលវែង តម្លៃ១ពាន់លានផោនថែមទៀតផង ។
ប្រភពពី Sunday Times បានឲ្យដឹងដែរថា ចំនួនទឹកប្រាក់ដ៏ច្រើនកប់ពពកនេះធ្វើឲ្យកីឡាករវ័យ៣១ឆ្នាំរូបនេះក្លាយជាសេដ្ឋីក្នុងនាមជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។
គួរបញ្ជាក់ថា ក្រៅពីចំណូលបានមកកីឡាខាងលើ Ronaldo ក៏នៅមានមុខជំនួញច្រើនមុខទៀតដែរ ដែលក្នុងរួមមានទាំងសណ្ឋាគារ ពូកខ្នើយ សម្ភារហាត់ប្រាណ សាប៊ូកក់សក់ និងសម្លៀកបំពាក់សុទ្ធតែមានយីហោផ្ទាល់ខ្លួន (CR7) ៕