ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងភរិយា ព្រមជាមួយនឹងព្រះតេជគុណ ខឹម សម្បត្តិ ប្រធានសហគមន៍មូលនិធិកាយវត្តន៍ព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តចន្ទរង្ស៊ី បានរៀបចំពិធីមួយឡើង និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាមួយបងប្អូនប្រជាពលរដ្ឋចំណុះទូក មានឈ្មោះ សម្រែករាជសីហ៍ ចំនួន៧២នាក់ មុននឹងឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅឋានវិញ ។
ការសំណេះសំណាលរបស់គណៈអភិបាលខណ្ឌឫស្សីកែវជាមួយបងប្អូនប្រជាពលរដ្ឋ ដែលជាចំណុះទូកឈ្មោះសម្រែករាជសីហ៍ទាំង៧២នាក់ខាងលើនេះ បានធ្វើឡើងនៅក្នុងទីធ្លាវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយក្នុងនោះ លោកបានលើកឡើងថា ការខិតខំរបស់បងប្អូនដែលជាចំណុះទូកទាំងអស់ គឺខិតខំអស់ពីសមត្ថភាពក្នុងការចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នាពេលថ្មីៗនេះ ។
បើតាមមន្ត្រីសាលាខណ្ឌបានឲ្យដឹងថា អាជ្ញាធរខណ្ឌឫស្សីកែវ បានខិតខំ និងយកចិត្តទុកដាក់ និងការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងរយៈពេលពិធីបុណ្យអុំទូក៣ថ្ងៃខាងលើនេះ បានយ៉ាងល្អប្រសើរ ទាំងការហ៊ុំព័ទ្ធកំប្លោកមិនឲ្យហូរចូលនៅទីលានប្រណាំងនាពេលថ្ងៃ ពង្វៀង និងបិទចរាចរណ៍សម្រាប់រថយន្តធំៗ ដែលចូលមកកាន់រាជធានីភ្នំពេញ ។ ជាមួយគ្នានោះ ក្នុងរយៈពេលចាប់ពីមុនថ្ងៃអុំ ដែលចំណុះទូកឈ្មោះសម្រែករាជសីហ៍ បានលើកមកដល់ចូលមកក្នុងទន្លេ និងការចំណាយផ្សេងៗទៅលើការហូបចុក អាជ្ញាធរចំណាយអស់ប្រមាណជាង៤០លានរៀល ។
លោកបានបន្តទៀតថា ក្រោយពេលពិធីបានបញ្ចប់ មុននឹងឲ្យបងប្អូនជាចំណុះទូកវិលត្រឡប់ទៅកាន់លំនៅឋានវិញ គឺមានការផ្តល់នូវថវិកា និងគ្រឿងបរិភោគ សម្លៀកបំពាក់ សម្ភារផ្សេងៗ ដែលក្នុងម្នាកៗ បានជាង៤០ម៉ឺនរៀល ៕ អរុណរះ