ភ្នំពេញ ៖ លោក រ័ត្ន សុខន ប្រធាន សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានសន្យាទទួលយកអាជ្ញាកណ្តាលស្ត្រីទាំង ២៥នាក់ បន្ទាប់ពីពួកគេបានឆ្លងកាត់វគ្គ បណ្តុះបណ្តាលកាលពីព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកាឆ្នាំ២០១៦នៅស្នាក់ការគណៈកម្មាធិការជាតិអឡាំពិកកម្ពុជារយៈពេល៤ថ្ងៃកន្លងទៅដោយមានការសម្របសម្រួលពីគណៈកម្មការស្ត្រីនិងកីឡា ។
លោក រ័ត្ន សុខន បានឲ្យដឹងថា ចាប់ពី ពេលនេះទៅយើងមានធនធានបន្ថែមទៀត ហើយក្នុងវិស័យកីឡាវាយកូនឃ្លីលើតុ កម្ពុជា ពិសេសអាជ្ញាកណ្តាលដែលជាស្ត្រីកាន់តែមានច្រើន ដូច្នេះរាល់ព្រឹត្តិការណ៍ របស់កីឡាវាយកូនឃ្លីលើតុកម្ពុជាថ្នាក់ជាតិនិងថ្នាក់អន្តរជាតិនឹងមានវត្តមានរបស់ពួកគាត់ទាំងអស់គ្នា។ លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលស្ត្រីនិងការរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុលើកទី១នេះពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយបានបង្ហាញពីការចូលរួមដ៏សកម្មរបស់ស្ត្រីយើងក្នុងវិស័យកីឡាផងដែរ។
កញ្ញា តៃ លីដា អនុប្រធានគណៈកម្មការស្ត្រីនិងកីឡាបានបញ្ជាក់ថា វគ្គនេះ មានសារសំខាន់ណាស់ ព្រោះយើងត្រូវត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ក្នុងនាមយើងជាម្ចាស់ផ្ទះ។ ដូច្នេះហើយសហព័ន្ធ កីឡាវាយកូនឃ្លីលើតុមានការចាប់អារម្មណ៍លើវគ្គសិក្សាដែលផ្តល់អាទិភាពជូនស្ត្រីក្នុង វិស័យកីឡាបែបនេះ ជាពិសេសសហព័ន្ធអន្តរជាតិគាត់ចាប់អារម្មណ៍មកលើប្រទេសកម្ពុជាយើងដើម្បីឲ្យស្ត្រីអាចចូលរួមក្នុង វិស័យកីឡាផងនិងចេះរៀបចំទីលានប្រកួតជាលក្ខណៈអន្តរជាតិផងដែរ ។
អ្នកស្រី Cindy Leung ជនជាតិហុងកុង ដែលជាគ្រូឧទ្ទេសក្នុងវគ្គខាងលើបានផ្តាំផ្ញើដល់សិក្ខាកាមទាំង២៥នាក់ត្រូវតែខិតខំសិក្សាបន្ថែមក្នុងអាជីពជាអាជ្ញាកណ្តាល កីឡាវាយកូនឃ្លីលើតុនេះ ។ អ្នកស្រី សង្ឃឹមថា រាល់ព្រឹត្តិការណ៍កីឡាធំៗនឹង មានវត្តមានរបស់ពួកគាត់ទាំងអាជ្ញាកណ្តាល និងពិធីការរៀបចំការប្រកួត។ អ្នកស្រី Cindy Leung បានបញ្ជាក់ថា វគ្គសិក្សានេះបានឆ្លុះបញ្ចាំងឲ្យឃើញថា បច្ចុប្បន្នប្រទេសកម្ពុជាមានស្ត្រីចូលរួមយ៉ាងសកម្មក្នុងវិស័យកីឡាជាងនេះទៅទៀតក៏បានលើកកម្ពស់ស្ត្រី និងលើកទឹកចិត្តកីឡាការិនីដែលកំពុងហ្វឹកហាត់កីឡាគ្រប់ភេទដោយអាចបញ្ជាក់ថា ក្រោយពីចប់អាជីពជាកីឡាការិនីពួកគាត់ក៏អាចបម្រើការងារក្នុងវិស័យកីឡាបានតាមរយៈការធ្វើជាគ្រូបង្វឹកអាជ្ញាកណ្តាលឬក៏អ្នកជំនាញផ្នែករៀបចំទីលានប្រកួតជាដើម ៕ សារីម