ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់ធ្វើបាតុកម្មទាមទារចាប់ខ្លួនអភិបាលក្រុងហ្សាការតា

ចែករំលែក៖

ពលរដ្ឋឥណ្ឌូនេស៊ី ដែលជាអ្នកកាន់សាសនាអិស្លាមរាប់ពាន់នាក់ បាននាំគ្នាដង្ហែក្បួន ធ្វើបាតុកម្មនៅទីក្រុងហ្សាការតានាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ទាមទាររដ្ឋាភិបាលចាប់ខ្លួនអភិបាលក្រុង ដែលមានដើមកំណើតជនជាតិចិន កាន់សាសនាគ្រឹស្ទ ដោយរងការចោទប្រកាន់ថា បានមើលងាយដល់ សាសនាអិស្លាម ។

ក្រុមបាតុករទាមទារឲ្យចាប់ខ្លួនអភិបាលក្រុង BasukiTjahajaPurnamaដែលគេស្គាល់ឈ្មោះថា Ahok។ ប៉ូលិសឥណ្ឌូនេស៊ីបានឲ្យដឹងថា មានបាតុកររហូតដល់ជាង ១៥០ពាន់នាក់ចូលរួម។ នៅពេលនេះដែរ ទាហាន និងប៉ូលិសជាង ២២ពាន់នាក់បានដាក់ពង្រាយការពារសន្តិសុខ នៅទីក្រុងហ្សាការតា ដើម្បីរក្សាសណ្តាប់ធ្នាប់ ដោយខ្លាចមានអំពើហិង្សាដូចកាលពីបាតុកម្មកាលពីថ្ងៃទី៤ ខែវិច្ឆិកា។

លោក Ricky Subagia អាយុ២៦ឆ្នាំ បានបញ្ជាក់ថា អ្វីដែលខ្ញុំចង់បាននោះ គឺយុត្តិធម៌ ហើយដើម្បីអនុវត្តយុត្តិធម៌នោះ លោក Ahok ចាំបាច់ត្រូវតែចុះចេញពីតំណែង។ លោក Ricky Subagia ធ្វើដំណើរចម្ងាយផ្លូវជាង២០០គីឡូម៉ែត្រ ដើម្បីមចូលរួមធ្វើបាតុកម្ម។

លោក BasukiTjahajaPurnama ជាអភិបាលក្រុងហ្សាការតា មានដើមកំណើតជាជនជាតិចិន កាន់សាសនាគ្រឹស្ទ ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ លោកទទួលរងការស្រាវជ្រាវពីបទមើលងាយដល់គម្ពីរ កូរ៉ាន់ ដែលជាគម្ពីរធម៌ ដ៏ស័ក្តិសិទ្ធនៅក្នុងសាសនាអិស្លាម ។ ឥណ្ឌូនេស៊ីជាប្រទេសដែលមានពលរដ្ឋកាន់សាសនាអិស្លាមច្រើនជាងគេបំផុតលើពិភពលោក ។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក JokoWidodo ដែលជាសម្ព័ន្ធមិត្តយូរឆ្នាំរបស់លោក BasukiTjahajaPurnama បានបញ្ជាក់ថា មានក្រុមអ្នកនយោបាយកំពុងតែប្រើប្រាស់ឱកាសដើម្បីគោលដៅនយោបាយរបស់ខ្លួន ។ ប៉ូលិសឥណ្ឌូនេស៊ី ក៏បានព្រមានថា ក្រុមអិស្លាមជ្រុលនិយមអាចនឹងប្រើប្រាស់ហេតុការណ៍ខាងលើដើម្បីបង្កអសន្តិសុខ និងផ្តួលរំលំរដ្ឋាភិបាលរបស់លោក វីដូដូ ៕ ម៉ែវ សាធី

download_uqgz


ចែករំលែក៖