ភ្នំពេញ៖ ដោយសារតែមានការគាំទ្រ ពីសហព័ន្ធកីឡាចំបាប់អាស៊ី និងផ្គត់ផ្គង់ថវិកាដោយដោយក្រសួងអប់រំយុវជននិងកីឡា សហការបច្ចេកទេសជាមួយសហព័ន្ធ កីឡាចំបាប់កម្ពុជានោះ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាចំបាប់អាស៊ី អាគ្នេយ៍ដែលគេប្រសិទ្ធនាមថា Southeast Asian Senior Wrestling Championship 2016 នៅក្នុងពហុកីឡដ្ឋានជាតិភ្នំពេញចាប់ពីព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៦នេះតទៅនោះនឹងទទួលបានជោគជ័យជាពុំខាន ឡើយ។
លោក ធិន វិចិត្រ បានឲ្យដឹងថា កម្មវិធីប្រកួតកីឡាចំបាប់ជាលក្ខណៈអន្តរជាតិ ថ្នាក់តំបន់អាស៊ាននេះ មានប្រទេសចូល រួមចំនួន៦ក្នុងនោះកម្ពុជាធ្វើម្ចាស់ផ្ទះមាន កីឡាករ-កីឡាការិនីសរុប៣១នាក់, ហ្វុីលីពីន មានអត្តពលិក១៤នាក់ សិង្ហបុរី២នាក់ វៀតណាម១៦នាក់ ឡាវ៥នាក់ និងម៉ាឡ េស៊ី៤នាក់។ លោកបានបន្តទៀតថា សម្រាប់វិញ្ញាសាប្រកួតមានចំបាប់សេរី បុរស (Freestyle Men) មាន៨ប្រភេទទម្ងន់ ។ ចំបាប់សេរីនារី (Freestyle Women) មាន ៥ប្រភេទទម្ងន់ និងចំបាប់ក្រិចកូរ៉ូម៉ាំង (Greeco-Roman)មាន៥ប្រភេទទម្ងន់ផង ដែរ ។ នេះបើតាមការឲ្យដឹងពីលោកធិន វិចិត្រ នៅក្នុងកិច្ចប្រជុំបច្ចេកទេសនាព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៦នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដឹកនាំដោយ លោក Kittposh Suchanta Butr ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីនិងមានការចូលរួមពីសំណាក់ពីប្រតិភូកីឡា មកពីបណ្តាប្រទេសខាងលើ ។
លោក Kittposh Suchanta Butr បាន ផ្តាំផ្ញើដល់ចៅក្រម និងអាជ្ញាកណ្តាលអន្តរ ជាតិទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការដាក់ពិន្ទុឲ្យមានភាពយុត្តិធម៌និង តម្លាភាព ពិសេសអាជ្ញាកណ្តាលត្រូវពិនិត្យមើលសកម្មភាពប្រកួតរបស់កីឡាករកីឡាការិនីធ្វើយ៉ាងណាឲ្យពួកគេប្រកួតតាមច្បាប់ បទបញ្ជាការប្រកួតអន្តរជាតិ។
ជាមួយគ្នានោះដែរលោកប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីបានធ្វើបទបង្ហាញខ្លះៗពាក់ព័ន្ធនឹងតួនាទីអាជ្ញាកណ្ដាល-ចៅក្រមនៅក្នុងការប្រកួតក្នុងគោលបំណងបំប៉ន ចំណេះដឹងបន្ថែមដល់មន្ត្រីអាជ្ញាកណ្ដាល និងចៅក្រមរបស់ខ្លួនដែលត្រូវបំពេញភារកិច្ចក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។
ក្នុងនោះដែរ លោក ធិន ចិវិត្រ ក៏បានសុំការយោគយល់ពីសំណាក់ប្រតិភូមកពីបណ្តាប្រទេសទាំង៥ថា សូមយោគយល់ផងប្រសិនបើការរៀបចំរបស់កម្ពុជានៅ មានភាពខ្វះចន្លោះ ប៉ុន្តែយ៉ាងណាលោក អគ្គលេខាធិការរូបនេះបានសម្តែងការជឿជាក់ខ្ពស់ ព្រោះព្រឹត្តិការណ៍ប្រកួតនេះ សហព័ន្ធបានខិតខំអស់ពីលទ្ធភាពដើម្បីធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅបានដោយ រលូន និងទទួលបានជោគជ័យ៕ សារីម