ភ្នំពេញ៖ យោងតាមការឲ្យដឹងពីមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានប្រកាសថា កីឡាករប៉េតង់ សុខ ចាន់មានរបស់កម្ពុជាបានឈ្នះមេដាយមាស១គ្រឿងពីព្រឹត្តិការណ៍ ប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក (World Championships 2016) នៅ ប្រទេស Madagascar ហើយគ្រោងធ្វើ ដំណើរត្រឡប់មកដល់មាតុប្រទេសវិញនាថ្ងៃទី៧ ខែធ្វូ ឆ្នាំ២០១៦វេលាម៉ោង១៨ និង៣៥នាទី ។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងតាមប្រព័ន្ធសារអេឡិចត្រូនិកថាកីឡាករប៉េតង់កម្ពុជាសុខ ចាន់មាន ឈ្នះមេដាយមាសនៃព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ World Championships 2016 នៅ Madagascar ។ កីឡាករ រូបនេះប្រកួតឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ ដោយសុខ ចាន់មានបាន យកឈ្នះលើកីឡាករបារាំងនៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល៣៦-២៩ ក្នុងចំណោម៤៧ប្រទេសលេងវិញ្ញាសានេះទាំងអស់គ្នា ។
គួរបញ្ជាក់ថា កីឡាករកម្ពុជាបានឈ្នះមេដាយកម្រិតជើងឯកពិភពលោកផ្នែក កីឡាប៉េតង់ម្តងទៀតហើយបន្ទាប់ពីកីឡាការិនី កែ ឡេង ដែលបានឈ្នះមេដាយ ប្រភេទនេះចំនួន២រួចមកហើយនោះ ។ ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកផ្នែកបុរសនេះកម្ពុជាបានបញ្ជូនកីឡាករ៤នាក់ទៅចូលរួមមានដូចជាកីឡាករ សុខ ចាន់ មាន កីឡាករ ថោង ឈឿន កីឡាករញ៉ែម បូរ៉ា កីឡា ករ យ៉ា ចាន់ដារ៉ារិទ្ធ ព្រមទាំង លោក អុឹម ផាត ជាគ្រូបង្វឹក និងលោក សូម៉ៃ សុខគា អគ្គលេខាធិការរងជាប្រធាន ប្រតិភូ ។
លោក សុខ ចាន់មាន បានក្លាយជា កីឡាករខ្មែរទីពីរដែលឈ្នះមេដាយមាស ពីការប្រកួតកីឡាប៉េតង់ពិភពលោក ។
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញសារជូនពរនិងរង់ចាំស្វាគមន៍លោកនៅពេលខាងមុខ ។
“ខ្ញុំសូមអបអរសាទរនិងកោតសរសើរ ដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែល ដណ្តើមបាន “មេដាយមាសពិភពលោក” នៅក្នុងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោកដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១-៤ ខែធ្នូ ឆ្នាំ២០១៦ នៅប្រទេសម៉ាដា ហ្គាស្ការ (Madagascar) ដែលមាន កីឡាករចូលរួមប្រកួតមកពី៤៨ប្រទេស” ។ នេះបើតាម សាររបស់សម្តេចចែករំលែកនៅលើបណ្តាញសង្គម ។
“នេះគឺជាមោទនភាពរបស់កម្ពុជាទាំងមូល។ខ្ញុំនឹងទទួលស្វាគមន៍កីឡាករយើង នៅវេលាម៉ោង៤រសៀលនាថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០១៦នៅវិមានសន្តិភាព”។ សម្តេច តេជោបានបញ្ជាក់ដូច្នេះ ។
គួររំលឹកថា លោក សុខ ចាន់មាន ជា កីឡាករកម្ពុជាទីពីរដែលឈ្នះមេដាយមាស លើវិញ្ញាសាមួយនេះបន្ទាប់ពីលោកស្រី កែ ឡេង ដែលដណ្តើមមេដាយមាស បាន កាលពីឆ្នាំ២០១៣ និង ២០១៥៕ សារីម