ខេត្តសៀមរាប ៖ លោក ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ ថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិអង្គរលើកទី២១ឆ្នាំ២០១៦នេះមាន អ្នកចូលរួមច្រើនលើសពីការរំពឹងទុកដែល ក្នុងតួលេខមានអ្នករត់៩.១៥០នាក់ ហើយ និងមានអ្នកមកទស្សនាគាំទ្រ ប្រមាណជាង ៦ពាននាក់បន្ថែមទៀតធ្វើឲ្យព្រឹត្តិការណ៍នេះមានភាពអធិកអធមទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំ ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា តាម រយៈសកម្មភាពនៃទិវារត់ប្រណាំងពាក់ កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរនេះយើងអាចស្រូបទាញយកភ្ញៀវទេសចរឲ្យមក ទស្សនាប្រាសាទអង្គរវត្តបានកាន់តែច្រើនថែមទៀតដែលក្នុងតួលេខសម្រាប់អ្នករត់ ធ្លាប់មកទឹកដីអច្ឆរិយដ៏បវររុងរឿងនៃយើងលើសពីរដងនៃចំនួនពាក់កណ្តាលសម្រាប់អ្នករត់ដែលជាជនបរទេសនោះ ។
ជាមួយនឹងការថ្លែងរបស់លោករដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នេះដែរ លោក សែម ផល្លា សមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរបាន ឲ្យដឹងថា តាមរយៈការផ្សព្វផ្សាយរបស់ ប្រព័ន្ធព័ត៌មានក្នុងស្រុកនិងក្រៅស្រុកបានធ្វើឲ្យព្រឹត្តិកាណ៍កីឡាបែបទេសចរណ៍នៅកម្ពុជានេះមានការរីកចម្រើនឡើងគួរឲ្យ កត់សម្គាល់។ លោកបានអះអាងថា ចំពោះ ព្រឹត្តិការណ៍ឆ្នាំនេះគណៈកម្មការយើងបាន ធ្វើការសម្រេចចិត្តបិទបញ្ជីចុះឈ្មោះចូល រួមរត់របស់ភ្ញៀវត្រឹមដើមខែវិច្ឆកាឆ្នាំ ២០១៦ ដោយសារតែកង្វះឧបករណ៍ កំណត់ថិរវេលា (ឈីប) ប៉ុន្តែឆ្នាំ២០១៧ ខាងមុខគណៈកម្មការនឹងពង្រឹងពង្រីក សមត្ថភាពគ្រប់គ្រង និងទទួលយកការចុះឈ្មោះពីអ្នករត់ឲ្យបានយ៉ាងតិច១ម៉ឺននាក់។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡារត់ ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី២១ មានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណជាង ៩.១៥០នាក់ ក្នុងនោះមានជាង៤.០៥០នាក់ជាប្រជាពលរដ្ឋខ្មែរហើយ៥.១០០នាក់ជាជនបរទេសដែលភាគច្រើនជាភ្ញៀវទេសចរមកពី៨៥ប្រទេសបើធៀបនិងឆ្នាំ២០១៥កន្លងទៅ ចំនួនប្រទេសបានកើនឡើងចំនួន១០ ប្រទេសនិងអ្នករត់កើនឡើងជិត២ពាន់ នាក់ ។ កីឡាករ-កីឡាការិនីអន្តរជាតិជាង ៥.១០០នាក់នេះ គឺមកពីចក្រភពអង់គ្លេស ឈរលំដាប់ថ្នាក់លេខ១, សហរដ្ឋអាមេរិក លេខ២ និងបារាំងលេខ៣ក្នុងនាមអ្នកចូលរួមច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍កីឡា បែបទេសចរណ៍នេះហើយចំនួននេះមានការកើនឡើង៧ភាគរយចំណែកកីឡាករខ្មែរជាង៤.០០០នាក់នេះមានការកើន ឡើងជាង២០ភាគរយ។ ក្នុងនោះកីឡាករ ជាតិ-អន្តរជាតិចំនួនជាង៣.០០០នាក់រត់ក្នុងចម្ងាយយ២១គីឡូម៉ែត្រ (ក្នុងនោះ មានខ្មែរជាង៣០០នាក់), និងជាង ៣.០០០នាក់រត់ចម្ងាយ១០គីឡូម៉ែត្រ។ ចំណែកអ្នកចូលរួមជាង២.០០០នាក់ទៀតក៏រត់ក្នុងចម្ងាយ៣គីឡូម៉ែត្រជាលក្ខណៈ កម្សាន្តគ្រួសារ ។
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំង កីឡាមហាជនដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនៅសៀមរាបរយៈពេល២ថ្ងៃប៉ុណ្ណោះកម្ពុជាអាចរកប្រាក់ ចំណូលបាន៤លានដុល្លារ ។
គួររំលឹកថា វិញ្ញាសារត់ចម្ងាយ២១ គីឡូម៉ែត្រផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ Qi Bian ជនជាតិចិន, ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ ម៉ា វីរ៉ូ កម្ពុជា និងចំណាត់ថ្នាក់លេខ៣បាន ទៅលើកីឡាករ Edward Gambley ជនជាតិ អង់គ្លេស ។ ផ្នែកនារីរត់ចម្ងាយ២១គីឡូម៉ែត្រចំណាត់ថ្នាក់លេខ១បានទៅលើកីឡាការិនី DonielleHodgkinsonជនជាតិអង់គ្លេស, លេខ២ កីឡាការិនី MangMc Colley ជនជាតិ អៀរឡង់ និងលេខ៣កីឡាការិនី Lyndsayclerke ជនជាតិអង់គ្លេស ៕ សារីម