ភ្នំពេញ៖ តារាចម្រៀងចិត្តធម៌លោក សន វិជ្ជបុត្រ និងសិល្បករមួយចំនួនទៀតបានរួមគ្នាចែកទានជាផលិតផលនិងកសិផលជូនដល់ជនពិការច្រៀងតាមស្ដុបក៏ដូចជាតាមផ្សារប្រមាណ១០០នាក់នៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីប្រគល់ជូននេះត្រូវ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៦នេះនៅក្នុងបរិវេណវត្តនាគវ័ន ក្រោមព្រះវត្តមានព្រះសង្ឃនិងសិល្បករ មួយចំនួនចូលរួមផងដែរ។
អំណោយទាំងនោះមានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអីុវ បន្លែ ក្រមា អាវ យឺត ជាដើមដែលសុទ្ធសឹងជាផលិតផលផលិតក្នុងស្រុក ។អំណោយទាំងអស់ខាងលើ មួយចំណែកជារបស់លោកផ្ទាល់ និងមួយចំណែកធំជាការចូលរួមរបស់អ្នកនាង ថាច់ ផល្លា អតីតតារាសម្ដែងបច្ចុប្បន្នរស់នៅ សហរដ្ឋអាមេរិក ព្រមទាំងសិល្បករ សិល្ប ការិនីជាច្រើនទៀត ។
លោក សន វិជ្ជបុត្រ បានឲ្យដឹងថា ជន ពិការទាំង១០០នាក់នេះត្រូវបានក្រុមការងាររបស់លោកប្រមូលមកពីតាមស្ដុបទាំងអស់ក្នុងរាជធានីភ្នំពេញមានទាំងអស់១៦ក្រុម។ ការប្រមូលពួកគាត់មកទទួល អំណោយនេះព្រោះតែមើលឃើញជនពិការច្រៀងនៅតាមភ្លើងស្ដុបមានជីវភាពក្រីក្រលំបាកខ្លាំងពេកបានធ្វើឲ្យលោកមានចិត្តអាណិតចង់ជួយ ហើយគម្រោងនៃការជួយនេះតាំងពីជាង១ឆ្នាំមុន ។ លោកបញ្ជាក់ ដែរថា ការទិញកសិផលផលិតផលខ្មែរមកចែកជូនពួកគាត់ក៏បង្ហាញពីការគាំទ្រលើកស្ទួយកិសផល ផលិតផលខ្មែរ ហើយក៏ដូចជាបានចូលរួមចំណែកជួយបង្កើតការងារដល់ប្រជាជនខ្មែរផងដែរ។
ការចំណាយលើការចែកអំណោយ ខាងលើម្ចាស់បទ”គេស្រលាញ់អូនគ្រាន់តែចង់ឡូយឆាយ”បានប្រាប់ថាសរុបជា ទឹកប្រាក់ប្រហែលជាជាង២ពាន់ដុល្លារអាមេរិក។លោកថាបើទោះបីជាអ្វីដែលលោកបានប្រគល់ជូនដល់ពួកគាត់នៅពេលនេះមិនច្រើនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់ពួកគាត់មែនប៉ុន្តែនេះគឺជាទឹកចិត្តបរិសុទ្ធរបស់លោក ។
នេះមិនមែនជាលើកទី១ឡើយដែលតារាចម្រៀង លោក សន វិជ្ជបុត្រ ធ្វើអំពើ សប្បុរសធម៌បែបនេះកន្លងលោកធ្លាប់ធ្វើ ផ្ទះឲ្យជនក្រីក្រចាស់ជរា បុកអណ្ដូង ក៏ដូចជាចែកអំណោយអ្នកសិល្បៈក្រីក្រជាច្រើននាក់ទៀត ដោយអំណោយទាំងនោះមួយចំនួនធំបានមកពីសប្បុរសជនខ្មែរនៅក្រៅប្រទេស។
តារាចម្រៀងមានដើមកំណើតមកពី ស្រុកបាភ្នំ ខេត្តព្រៃវែងរូបនេះបានបញ្ជាក់ថា សកម្មភាពដែលខ្លួនកំពុងធ្វើអំពើសប្បុរសធម៌កន្លងមកនេះមិនមែនជាការចង់បានប្រជាប្រិយភាពឬពាក់ព័ន្ធរឿងនយោបាយអ្វីឡើយ គឺជាការកើតចេញពីទឹកចិត្តផ្ទាល់តែម្ដង។ លោក ថាលោកនឹងបន្តសកម្មភាពសប្បុរសធម៌នេះបន្តទៀត ហើយប្រសិនបើមានសប្បុរសជនផ្សេងទៀតអាចចូល រួមជាមួយលោកបាន លោកស្វាគមន៍ជា និច្ច៕ វឌ្ឍនា