ព័ត៌មានទាន់ហេតុការណ៍៖

នៅពេលដែលលោកកឹម សុខា ក្លាយជាប្រធានក្រុមអ្នកតំណាងរាស្ត្រភាគតិចស្ថានការណ៍បានធូរស្រាលជាច្រើន

ចែករំលែក៖

ភ្នំពេញ៖ គ្មាននរណាអាចទាយត្រូវអំពីស្ថានការណ៍នយោបាយនៅចុងឆ្នាំ ២០១៦នេះបានទេនៅគ្រាដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ទទួលបានការលើកលែងទោសពីព្រះ មហាក្សត្រតាមសំណើរបស់នាយករដ្ឋ មន្ត្រីនោះអ្នកទោសមួយចំនួនអាចនឹងត្រូវ បានដោះលែងជាបន្តបន្ទាប់ ។

ការដាក់ត្រឡប់ទៅវិញនូវបេក្ខភាពអនុ ប្រធានទី១រដ្ឋសភាដែលគេរំពឹងថា នឹងកាន់ តែធ្វើឲ្យស្ថានការណ៍នយោបាយបានល្អ ប្រសើរឡើងមួយកម្រិតទៀត ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បានមាន ប្រសាសន៍នៅក្នុងសម័យប្រជុំរដ្ឋសភា ដោយបានចាត់ទុកលោក កឹម សុខា ជាដៃ គូសន្ទនាក្នុងការស្វែងរកផលប្រយោជន៍ ជូនជាតិ និងប្រជាពលរដ្ឋ ។ បញ្ហាជាច្រើន ត្រូវបានដោះស្រាយនៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងប្រធាន ក្រុមអ្នកតំណាងរាស្ត្រសំឡេងភាគតិច។

លោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគតិច នៅក្នុងរដ្ឋសភាបានអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងការជេរប្រមាថ លាបពណ៌ដែល នាំឱ្យមានការឈឺចាប់ និងការបែកបាក់ សង្គមកម្ពុជា ។

ការអំពាវនាវរបស់លោក កឹម សុខា នេះបានធ្វើឡើងនៅក្នុងសម័យប្រជុំសភាពេញអង្គកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ដែលជាការចូលរួមប្រជុំលើកដំបូងរបស់ លោក កឹម សុខា ក្នុងរយៈពេលជាង១ឆ្នាំ មកនេះបន្ទាប់ពីរដ្ឋសភាបានបោះឆ្នោត ទម្លាក់លោកចេញពីតំណែងអនុប្រធាន ទី១រដ្ឋសភា ។

លោក កឹម សុខា ដែលទើបក្លាយជា ប្រធានក្រុមមតិភាគតិចជំនួសកន្លែងលោក សម រង្ស៊ី បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា «ចៀសវាងនូវការជេរប្រមាថ លាបពណ៌ នាំឱ្យមានការឈឺចាប់នាំឱ្យមានការបែក បាក់សង្គមនេះគឺជាអ្វីដែលខ្ញុំបានជជែកជាមួយសម្តេចនាយករដ្ឋមន្រ្តី ហើយយើងព្យាយាមធ្វើកិច្ចការនេះឱ្យសម្រេចដល់គោលដៅដែលយើងចង់បានទាំងអស់គ្នា» ។

លោក កឹម សុខា បញ្ជាក់ថា អ្វីដែល គណបក្សនយោបាយត្រូវបន្តធ្វើទៅមុខទៀតនោះគឺជាការស្វែងរកការឯកភាពជាតិ ដើម្បីឱ្យជាតិកម្ពុជាបានរីកចម្រើនហើយលោកស្នើគ្រប់ភាគីទាំងអស់មានការប្រុងប្រយ័ត្នកុំឱ្យដំណើរនេះមិនដល់គោលដៅ។ លោក កឹម សុខា បានថ្លែងថា «ថ្ងៃនេះជា ថ្ងៃចាប់ផ្តើម ហើយកុំឱ្យមានគឺយើងត្រូវ ប្រុងប្រយ័ត្នគឺប្រុងប្រយ័ត្នទាំងអស់គ្នាធ្វើយ៉ាងម៉េចកុំឱ្យមានការរំខានណាមួយដែល ធ្វើឱ្យដំណើរការរបស់យើងអត់ដល់គោល ដៅរបស់យើង អ៊ីចឹងខ្ញុំសូមបងប្អូនជនរួមជាតិខ្មែរទាំងអស់លោកមេត្តារង់ចាំមើល សូមលោកចូលរួមជាមួយយើងខ្ញុំធ្វើដំណើរ ទៅដល់គោលដៅមួយឯកភាពជាតិ សន្តិ ភាព និងអភិវឌ្ឍន៍សម្រាប់ជាតិ និងប្រជា ពលរដ្ឋរបស់យើង» ។

សូមបញ្ជាក់ថា លោក កឹម សុខា ទើប នឹងទទួលបានការប្រទានលើកលែងទោស ពីព្រះមហាក្សត្រ ហើយលោកទទួលបានតំណែងជាប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ហើយក៏ជាប្រធានក្រុម មតិភាគតិចនៅក្នុងរដ្ឋសភាផងដែរ ។

ពាក់ព័ន្ធនឹងការស្នើសុំដោះលែងអ្នក ទោសមួយចំនួនដែលជាអ្នកមាននិន្នាការ គាំទ្រគណបក្សប្រឆាំងនោះសម្តេចក្រឡាហោម ស ខេង បានមាន ប្រសាសន៍ប្រាប់អ្នកយកព័ត៌មាននៅឯវិមានរដ្ឋសភាក្រោយ បញ្ចប់កិច្ចប្រជុំរដ្ឋសភាពេញអង្គកាលពី ព្រឹកថ្ងៃទី៧ ខែធ្នូថា នៅក្នុងជំនួបពិភាក្សា រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី និងសម្តេចក្រឡាហោមរួមទាំងលោក កឹម សុខា គឺបានឯកភាពលើបញ្ហាមួយ ចំនួន ។

សម្តេចក្រឡាហោមបញ្ជាក់ថា «បាន ឯកភាពគ្នាថាទី១-មុនរាល់ការប្រជុំសភាក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សទាំង២នឹងជួបគ្នាពិភាក្សាគ្នាលើបញ្ហានានា ដែលពាក់ព័ន្ធ និងការប្រជុំទី២-អាចពិនិត្យ លទ្ធភាព១ខែជួបគ្នាម្តង ហើយទី៣-ឯក ភាពគ្នាថានៅចុងខែធ្នូនេះអាចនឹងមានការជួបគ្នារវាងក្រុមថ្នាក់ដឹកនាំនៃគណបក្សទាំង២» ។

ដោយឡែកបញ្ហាដោះលែងសកម្មជនគណបក្សប្រឆាំង សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ចំពោះបញ្ហា ការដោះលែងមានដូចជាលោកមេឃុំ ស៊ាង ចែត សម្តេចមិនបានពិភាក្សាលើបញ្ហានេះទេ លោក កឹម សុខា បានជជែកជាមួយ សម្តេចតេជោហើយប្រហែលជាមុនដំណាច់ ខែធ្នូនេះនឹងមានការដោះស្រាយករណី មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីអគ្គលេខាធិការ រង គ.ជ.ប. លោក នី ចរិយា ៕ ហេង សូរិយា

as-1


ចែករំលែក៖