ទីភ្នាក់ងារព័ត៌មានទួរគី Anadolu បានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ថា ប៉ូលិសទួរគីបានឃុំខ្លួនមនុស្ស១១៨នាក់ ក្នុងសកម្មភាពឆ្មក់ទៅលើគោលដៅមន្ត្រីបក្សប្រជាជាតិប្រជាធិបតេតយ្យ ដែលជាអ្នកគាំទ្រក្រុមឃើដ ដោយចោទប្រកាន់ពីការមានទំនាក់ទំនងជាមួយក្រុមឧទ្ទាម PKK។
ការឆ្មក់បង្ក្រាបនេះបានកើតឡើង ក្រោយពេលក្រុមបក្សពលករឃើដ(PKK) កាលពីថ្ងៃអាទិត្យបានប្រកាសទទួលខុសត្រូវការវាយប្រហារគ្រាប់បែក២លើក ដែលសម្លាប់មនុស្ស៣៨នាក់ និងជាង១៥៥នាក់ផ្សេងទៀតរងរបួស នៅខាងក្រៅពហុកីឡដ្ឋានទីក្រុងអិស្តែនប៊ូល ។
ប្រភពព័ត៌មានពីកងកម្លាំងយោធាប្រទេសទួរគីបានថ្លែងថា ប៉ុន្មានម៉ោងបន្ទាប់ពីប្រកាសទទួលខុសត្រូវការវាយប្រហារគ្រាប់បែកខាងលើ, យន្តហោះចម្បាំងទួរគីបានបើកប្រតិបត្តិការវាយប្រហារតាមដែនអាកាសប្រឆាំងទៅលើគោលដៅ PKK ស្ថិតនៅភាគខាងជើងអីរ៉ាក់ បំផ្លាញទីស្នាក់ការកណ្តាលរបស់ក្រុមឧទ្ទាម កម្ទេចទីតាំងទុកអាវុធ និងជម្រក ។
កាសែត Anadolu បានផ្សព្វផ្សាយថា នៅមុនពេលថ្ងៃលិច កម្លាំងប៉ូលិសប្រមាណ៥០០នាក់ គាំទ្រដោយកាំភ្លើងយន្ត និងឧទ្ធម្ភាគច្រក១គ្រឿង បានធ្វើប្រតិបត្តិការនៅភាគខាងត្បូងទីក្រុង Adana ហើយបានចាប់ឃុំខ្លួនមន្ត្រី HDP២៥នាក់ ។
ជាមួយគ្នានេះដែរ ក្រុមប៉ូលិសប្រឆាំងភេរវកម្មនៅក្នុងទីក្រុងអិស្តែនប៊ូល ជាករណីដាច់ដោយឡែកបានចាប់មន្ត្រី HDP២០នាក់បញ្ជូនចូលមន្ទីរឃុំឃាំង ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ផងដែរ ។ ប៉ូលិសប្រឆាំងភេរវកម្មបាននិងកំពុងស្រាវជ្រាវទីតាំងផ្សេងៗទៀត ក្នុងនោះមានទីស្នាក់ការកណ្តាលគណបក្សផងដែរ ដែលស្ថិតនៅទីក្រុងនោះ ។
មន្ត្រីជាន់ខ្ពស់គណបក្ស HDP នៅទីក្រុង Ankara ក្នុងចំណោម១៧នាក់ស្ថិតនៅក្រោមការវាយឆ្មក់ ។ មនុស្ស៥១នាក់ត្រូវបានចាប់ឃុំខ្លួននៅភាគខាងត្បូងទីក្រុង Mersin និង៥នាក់ផ្សេងទៀតស្ថិតនៅភាគពាយព្យខេត្ត Manisa ។
មេដឹកនាំគណបក្ស HDP ក្រុមប្រឆាំងធំលំដាប់ទី២ក្នុងសភា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ រង់ចាំបន្តសវនាការ ពាក់ព័ន្ធបទចោទប្រកាន់មានទំនាក់ទំនងជាមួយក្រុម PKK ។ ជានិច្ចកាល រដ្ឋាភិបាលទីក្រុង Ankara បានចោទប្រកាន់គណបក្ស HDP ថា ជាអ្នកបង្កើតឲ្យមានក្រុមឧទ្ទាម ។
ក្រុមឧទ្ទាម PKKជាអង្គការមួយដែលទួរគី អាមេរិក និងសហភាពអឺរ៉ុបចាត់ទុកថា ជាក្រុមភេរវកម្ម ៕