ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសរុស្ស៊ីច្រានចោលការចោទប្រកាន់ជួយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតប្រធានាធិបតី

ចែករំលែក៖

 

វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់របស់ CIA ពីការជួយដល់ លោក ដូណាល់ ត្រាំ តាមរយៈការវាយ ប្រហារតាមបណ្តាញចូលក្នុងប្រព័ន្ធបោះឆ្នោតប្រធានាធិបតីអាមេរិក។
សារព័ត៌មាន Interfax របស់រុស្ស៊ីបាន ដកស្រង់សម្តីលោក Dmitry Peskov អ្នក នាំពាក្យប្រធានាធិបតី ពូទីន ឲ្យដឹងថា «ការ ចោទប្រកាន់របស់អាមេរិកមកលើរុស្ស៊ីគឺជារឿងមិនសមហេតុផលមិនមានភ័ស្តុតាង ច្បាស់លាស់»។

លោក Peskov បានបញ្ជាក់ថា ការចោទ ប្រកាន់របស់អាមេរិកគឺមិនមានមូលដ្ឋាន ខ្វះឯកទេសមិនមានការពិត។

សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយ ថា ក្រុម CIA បានបញ្ជាក់ថា រុស្ស៊ីបានជ្រៀត ជ្រែកចូលក្នុងការបោះឆ្នោតអាមេរិកជួយ ឲ្យលោក ដូណាល់ ត្រាំ ទទួលបានជ័យ ជម្នះលើលោកស្រី គ្លីនតុន នៅក្នុងការបោះ ឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា។

ប្រធានាធិបតីជិតបញ្ចប់អាណត្តិលោក អូបាម៉ា បានអំពាវនាវឲ្យត្រួតពិនិត្យទៅលើការចោទប្រកាន់ថា រុស្ស៊ីវាយប្រហារទៅលើ បណ្តាញបោះឆ្នោតអាមេរិក។
ពាក់ព័ន្ធនឹងការទាមទាររាប់សន្លឹកឆ្នោត ឡើងវិញពីគណបក្សបៃតងដោយជោគ ជ័យបានទៅលើលោក ដូណាល់ ត្រាំ ដដែល។ ការរាប់ឡើងវិញគឺតំណាងគណ បក្ស Green Party ជាអ្នកចំណាយដោយលទ្ធផលថ្មីបង្ហាញឲ្យឃើញថា លោក ត្រាំ បានផ្ដួលលោកស្រី គ្លីនតុន ដោយសំឡេង ឆ្នោតជាង២២ពាន់សំឡេងដដែល។

គណៈកម្មាធិការគ្រប់គ្រងការបោះ ឆ្នោតនៅរដ្ឋ Wisconsin បានប្រកាស បញ្ជាក់កាលពីថ្ងៃចន្ទកន្លងទៅថា សន្លឹក ឆ្នោតជិត៣លានត្រូវបានយកមករាប់ជាថ្មី និងបានបន្ថែមថា លទ្ធផលចុងក្រោយបាន ផ្លាស់ប្តូរដោយសំឡេងឆ្នោតតិចជាង១.៨០០ សន្លឹក។

ក្រោយពីលទ្ធផលឆ្នោតរាប់ជាថ្មីនេះ ត្រូវបានបញ្ជាក់លោកស្រី Jill Stein ជា បេក្ខភាពមកពីគណបក្ស Green Party បាន និយាយថា «ជាមួយនឹងការបញ្ចប់ការរាប់ សន្លឹកឆ្នោតជាថី្មក្នុងរដ្ឋ Wisconsin យើង ទាំងអស់គ្នាពិតជាមានភាពសាទរចំពោះក្រុមការងារនិងអ្នកអង្កេតការណ៍ជាច្រើននាក់ដែលបានជួយឲ្យការរាប់ជាថ្មីនេះមានភាពពេញលេញល្អក្នុងរដ្ឋទាំងមូល»។

បើទោះមានការចោទប្រកាន់តែរឿងនោះវាបានចប់សព្វគ្រប់ហើយ។ មេដឹក នាំរុស្ស៊ីលោក ពូទីន បានសម្តែងសេចក្តី សង្ឃឹមថា ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ រុស្ស៊ីមុខជានឹងអាចរៀបរយទំនាក់ទំនង ជាមួយ ស.រ.អា. ឲ្យបានរលូនឡើងវិញ។ ចំណែកលោក ត្រាំ ក៏ធ្លាប់បានបង្ហើបឲ្យដឹង ពីគោលជំហរបែបនេះដែរពីខាងគាត់។ ប៉ុន្តែតាំងពីឥឡូវទៅហើយពីខាងមន្ត្រីខ្លះនៃរដ្ឋបាលលោក អូបាម៉ា ដែលសូម្បីជិត ផុតអាណត្តិក្តីក៏ខំទូន្មានលោកត្រាំឲ្យប្រយ័ត្ន ប្រយែងជានិច្ចក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។ មិនតែប៉ុណ្ណោះសភាតំណាងអាមេរិកាំង កាលពីកន្លងទៅបានចាប់ផ្តើមប្រយុទ្ធទៅហើយទល់នឹងឥទ្ធិពលស្ងាត់ៗពីខាងរុស្ស៊ី។

កាលពីពេលកន្លងទៅមានរៀបចំសម័យ ប្រជុំដ៏ឱឧឡារឹកឧទ្ទិសដល់វិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីរុស្ស៊ីដ៏ឆ្នើមក្នុងឋានៈជាអ្នកប្រាជ្ញខាងបញ្ហាមជ្ឈិមបូព៌ាការពារសែនរន្ទឺ ផលប្រយោជន៍រដ្ឋរុស្ស៊ីលោក Evgeny Primalov ដែលបានចែកឋានទៅ មួយឆ្នាំកន្លះមុនក្នុងជន្មាយុ៨៥ឆ្នាំ។

ថ្លែងពីលើវេទិកាសម័យប្រជុំនោះដែលមានឥស្សរជនបរទេសដ៏ល្បីៗជាច្រើនចូល រួម បែបយ៉ាងអតីតអគ្គលេខាធិការអូតង់ លោក Xavier Solana ដែលទទួលស្គាល់ គុណូបការៈលោក Primalov ខាងធានា សន្តិសុខនិងស្ថិរភាពនៅក្នុងលោកលោកប្រធានាធិបតី ពូទីន ដោយនិយាយប៉ះលើ ទំនាក់ទំនងជាមួយ ស.រ.អា. បានមាន ប្រសាសន៍ថា លោក Primalov កាលគាត់នៅរស់ តែងប្រាកដក្នុងចិត្តថា រុស្ស៊ីត្រូវតែមានទំនាក់ ទំនងស្ថាបនានិងល្អធម្មតាជាមួយបណ្តាប្រទេសខាងលិច។ តបនឹងសំណួរ៖ តើ នៅក្នុងលោកយើងសព្វថ្ងៃរុស្ស៊ីអាចចង មិត្តភាពជាមួយគ្រប់ប្រទេសទាំងអស់ឬ? គាត់បានឆ្លើយថា ច្បាស់ជាមិនអាចឡើយ ប៉ុន្តែយើងអាចហើយយើងត្រូវតែធ្វើការងារ រួមជាមួយគេ។ លោក Primalov ក៏បាន យល់ឃើញថា បើមិនតាំងភាពជាដៃគូឲ្យបានហ្មត់ចត់ជាមួយ ស.រ.អា.ទេ គឺពិបាកដោះស្រាយបញ្ហាធំៗក្នុងលោកបច្ចុប្បន្ន។ លោក ពូទីន សម្តែងការសោកស្តាយដែលនាប៉ុន្មានឆ្នាំចុងក្រោយទំនាក់ទំនងរុស្ស៊ី-អាមេរិកបានស្រុតចុះអាក្រក់មែនទែន ប៉ុន្តែតាមសម្តីគាត់មិនមែនមកពីកំហុស រុស្ស៊ីឡើយ។

តាមប្រសាសន៍លោក ពូទីន បានឲ្យដឹង ថា «យុទ្ធនាការបោះឆ្នោតនៅ ស.រ.អា. បានចប់សព្វគ្រប់ទៅហើយជាង១ខែទៀតនឹងមានប្រធានាធិបតីថ្មីឡើងកាន់តំណែងខ្លួនក្នុងសេតវិមានក្រុងវ៉ាស៊ីនតោន។ ខ្ញុំចង់ សម្តែងនូវជំនឿថា ខណៈនោះនឹងមានលេច ចេញមកនូវភ័ព្វសំណាងដើម្បីរៀបរយ ទំនាក់ទំនងរុស្ស៊ី-អាមេរិកឲ្យបានធម្មតាវិញ ដ្បិតវាសំខាន់មិនគ្រាន់តែសម្រាប់ប្រជា ជនប្រទេសទាំងពីរប៉ុណ្ណោះទេ តែក៏សម្រាប់ សហគមន៍អន្តរជាតិទាំងមូលសម្រាប់ធានាស្ថិរភាពនិងសន្តិសុខក្នុងលោក»។

លោក ពូទីន ក៏បានឲ្យដឹងទៀតថា «កិច្ច សន្ទនាតាមទូរស័ព្ទនាពេលថ្មីៗកន្លងទៅជាមួយលោក ដូណាល់ ត្រាំ ភាគីទាំងពីរ បានមូលមតិគ្នាថា ទំនាក់ទំនងរុស្ស៊ី-អាមេរិក បច្ចុប្បន្នមិននាំឲ្យសោមនស្សឡើយ ម៉្លោះហើយបានជាត្រូវតែកែវាឲ្យប្រសើរឡើង។ ដូចដែលខ្ញុំធ្លាប់បាននិយាយទៅហើយភាគី រុស្ស៊ីត្រៀមដើរឲ្យបានផុតចំណែករបស់ ខ្លួននៅលើផ្លូវនេះ»។

គួរនិយាយថា លោក ត្រាំ ក៏ចង់មាន ទំនាក់ទំនងស្រួលបួលដែរជាមួយលោក ពូទីន។ បំណងបែបនេះត្រូវបានគាត់បន្លឺឡើងក្នុងបទសម្ភាសន៍ពេលថ្មីៗកន្លងទៅកាសែត The New York Time។
ប៉ុន្តែតាំងពីឥឡូវទៅហើយនៅបស្ចិមលោកផ្ទាល់មានបន្លឺឡើងជាការទូន្មានលោក ត្រាំ ឲ្យប្រកាន់ឥរិយាបថមធ្យ័តក្នុង ការសេពគប់ជាមួយរុស្ស៊ី។ ឧទាហរណ៍ នាយកចារកិច្ចអាមេរិកាំងលោក John Brennan ក្នុងបទសម្ភាសន៍ទៅ BBC បានទូន្មានលោកត្រាំឲ្យប្រយ័ត្នប្រយែង ចំពោះពាក្យសន្យារបស់រុស្ស៊ីក្នុងរឿងស៊ីរី។ តាម សម្តីគាត់៖ «ខ្ញុំមិនជឿឡើយថា រុស្ស៊ីនឹង សុខចិត្តធ្វើសម្បទាន ដរាបណាដែលគេចេះតែទទួលបានជោគជ័យលើសមរភូមិស៊ីរី»៕  ម៉ែវ សាធី

 

160909_pol_trump-putin-jpg-crop-promo-xlarge2


ចែករំលែក៖