ក្រោយពេលលោកអូបាម៉ា បានប្រកាសពីវិធីសាស្ត្រដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ីខ្លាំងជាងមុន ដោយសម្រេចបណ្តេញមន្ត្រីការទូត៣៥រូប ចេញពីអាមេរិក។ រដ្ឋាភិបាលទីក្រុង មូស្គូបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា មានបំណងបំផ្លាញទំនាក់ទំនង ជាមួយទីក្រុងមូស្គូ។
កាលពីថ្ងៃទី២៩ ខែធ្នូ ប្រធានាធិបតីអូបាម៉ា បានចេញបញ្ជាបណ្តេញមន្ត្រីរុស្ស៊ី៣៥រូប ដោយចោទប្រកាន់ ពីបទចារកម្មនៅអាមេរិក។ មន្ត្រីរុស្ស៊ីដែលត្រូវបណ្តេញចេញនោះជាប់ពាក់ព័ន្ធនឹងក្រុមចារកិច្ច ពីរផ្សេងគ្នា របស់រុស្ស៊ី ដែលបានវាយប្រហារទៅលើការបោះឆ្នោតនៅអាមេរិក ។ ក្រៅពីនេះអាមេរិកបានបិទទីតាំងពីរកន្លែងរបស់រុស្ស៊ីនៅក្នុងទឹកដីអាមេរិក ។
សារព័ត៌មានរ៉យទ័របានផ្សាយថា អាមេរិកបានដាក់ទណ្ឌកម្មទៅលើ អង្គការសន្តិសុខ សហភាពរុស្ស៊ី FSB និង អង្គការចារកម្មយោធា GRU ។ ទីតាំងពីរកន្លែងនៅអាមេរិក ដែលអូបាម៉ា បញ្ជាឲ្យបិទទ្វារនោះស្ថិតនៅទីក្រុង ញូវយ៉ក និងម៉ារីឡែន ដោយសង្ស័យពាក់ព័ន្ធប្រមូលព័ត៌មាន ចារកម្មពីអាមេរិក។
មន្ត្រីការបរទេស៣៥រូបរបស់រុស្ស៊ី ត្រូវចាកចេញពីអាមេរិកក្នុងរយៈពេល៧២ម៉ោង ។ នេះជាការដាក់ទណ្ឌកម្មតឹងតែងបំផុត ទៅលើរុស្ស៊ីពាក់ព័ន្ធនឹងសកម្មភាពចារកម្ម។
សកម្មភាពខាងលើកើតឡើង នៅពេលដែលលោក អូបាម៉ា ជិតបញ្ចប់អាណត្តិ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ។ សកម្មភាពខាងលើបានធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក នឹងរុស្ស៊ីកាន់តែតានតឹង ជាងពេលនានាទាំងអស់ បន្ទាប់ពីសង្គ្រាមត្រជាក់។
ក្រសួងចារកិច្ចអាមេរិកបានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានចេញបញ្ជាដោយផ្ទាល់ទៅលើការបោះឆ្នោតនៅអាមេរិក ដោយក្រុមហែកឃឺរុស្ស៊ីបានវាយប្រហារចូលក្នុងប្រព័ន្ធកុំព្យួទ័រលួចព័ត៌មានរបស់គណបក្សប្រជាធិបតេយ្យទើបធ្វើឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ចាញ់នៅក្នុងការបោះឆ្នោត៕ ម៉ែវ សាធី