ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ សហរដ្ឋអាមេរិកអាចនឹងដាក់ពង្រាយអាវុធទ្រង់ទ្រាយធំនៅសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

មន្ទីរបញ្ចកោណកំពុងតែស្រាវជ្រាវពីការដាក់អាវុធធុនធ្ងន់នៅលើពិភពលោកឡើងវិញ ក្នុងនោះអាមេរិកអាចនឹងដាក់ ប្រព័ន្ធការពារចល័តនៅសមុទ្រចិនភាគ ខាងត្បូងដើម្បីបាញ់ទម្លាក់មីស៊ីលនៅតំបន់ សមុទ្រនេះតែម្តង។

នៅក្នុងអត្ថបទមួយដែលបានផ្សាយនៅលើគេហទំព័រ « The National Interest» របស់អាមេរិកនៅដើមឆ្នាំ២០១៧នេះបានផ្សាយថា ចិនបានដាក់កាំជ្រួចមីស៊ីលការពារដែនអាកាសនៅលើកោះដែលចិន បញ្ជាក់ថា ស្ថិតនៅក្នុងដែនអធិបតេយ្យ របស់ខ្លួននៅសមុទ្រចិនភាគខាងត្បូង។

សកម្មភាពទាំងនោះរបស់ចិនបង្កឲ្យមាន ភាពតានតឹងកាន់តែខ្លាំងឡើងធ្វើឲ្យក្រុម អ្នកបង្កើតយុទ្ធសាស្ត្ររបស់មន្ទីរបញ្ចកោណ អាមេរិកត្រូវតែបើកការស្រាវជ្រាវដាក់ ពង្រាយអាវុធជាថ្មី។ ប៉ុន្តែមន្ត្រីការពារជាតិអាមេរិកបានបញ្ជាក់ថា ពេលនេះមិនទាន់មានការសម្រេចណាមួយនៅឡើយទេ។ មកទល់ពេលនេះអាមេរិកនៅតែប្រឆាំង ទៅនឹងការពង្រីកកម្លាំងយោធានៅសមុទ្រចិនភាគខាងត្បូងដោយជំរុញឲ្យមានការដោះស្រាយដោយសន្តិភាពតាមរយៈកិច្ចការបរទេស។

មន្រ្តីមន្ទីរបញ្ចកោណបានប្រកាសដោយ បើកចំហថា អាមេរិកនៅតែបន្តយាមល្បាតនៅសមុទ្រចិនភាគខាងត្បូងដើម្បីការពារសិទ្ធិសេរីភាពចរាចរណ៍នៅដែនសមុទ្រ ចិនភាគខាងត្បូងក្បែរតំបន់ដែលចិនប្រកាស ថា ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន។

គេហទំព័រ « The National Interest» បានផ្សាយថា ក្រៅពីសកម្មភាពយាមល្បាត អាមេរិកនឹងដាក់អាវុធធុនធំដូចជា កាំភ្លើង ធំ M 777 Howitzer ឬ Paladin មាន កាណុង១៥៥មិល្លីម៉ែត្រ។ អាវុធទាំងនោះអាចបាញ់កម្ទេចរ៉ុកែ្កតឬកាំជ្រួចមីស៊ីល និង យន្តហោះចម្បាំងផងដែរ។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter បានសន្យាថា នឹងចំណាយ ប្រាក់៤២៥លានដុល្លារសម្រាប់ការពារសន្តិសុខនៅតំបន់អាស៊ីភាគអាគ្នេយ៍ក្នុងរយៈពេលពីឆ្នាំ២០១៦-២០២០។

ប៉ុន្តែនៅពេលនេះអាមេរិករង់ចាំគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ថាតើលោកនៅតែគាំទ្រគោលនយោបាយខាងលើដែរឬទេ? តើលោក ដូណាល់ ត្រាំ អាចរក្សានឹងបន្តគោលនយោបាយ ឆ្ពោះមកកាន់តំបន់អាស៊ីរបស់លោក អូបា ម៉ា ដែលបានអនុវត្តរយៈពេលពីរអាណត្តិកន្លងមកដែរឬទេ?

សមុទ្រចិនភាគខាងត្បូងគឺជាច្រកផ្លូវ ដឹកជញ្ជូនដ៏សំខាន់បំផុតនៅក្នុងតំបន់ ហើយ ក៏ជាទីតាំងដែលក្តៅបំផុតអាចផ្ទុះសង្គ្រាមបានគ្រប់ពេលវេលារវាងចិននឹងប្រទេស ក្នុងតំបន់ស្តីពីដែនអធិបតេយ្យ។ ការដែលចិនសាងសង់កោះសិប្បនិមិត្តនៅតំបន់ សមុទ្រដែលមានវិវាទនោះបានគ្របដណ្តប់ ទៅលើដែនសមុទ្រប្រទេសជាច្រើនធ្វើឲ្យប្រទេសទាំងនោះមិនអាចនៅស្ងប់ស្ងៀមឡើយ និងបានត្រៀមលក្ខណៈទប់ទលជាមួយចិនទៀតផង។

នៅក្នុងវិវាទដែនសមុទ្រចិនភាគខាង ត្បូងនេះក៏មានការចូលរួមពីអាមេរិកផងដែរ ក្នុងការការពារសម្ពន្ធមិត្តនៅក្នុងតំបន់។ ទាំងនោះហើយបានជំរុញឲ្យអាមេរិកបញ្ជូន យន្តហោះចម្បាំងទម្លាក់គ្រាប់ B-52 ទៅ ក្បែរកោះសិប្បនិមិត្តរបស់ចិន។ ក្រៅពីនេះអាមេរិកក៏បានបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់តំបន់ប្រទេសជប៉ុនផងដែរ ដែលជាការត្រៀមលក្ខណៈធ្វើសង្គ្រាមជាទ្រង់ទ្រាយធំនៅទីនេះ។

អាមេរិកក្នុងនាមជាប្រទេសដែលមានឥទ្ធិពលនៅតំបន់អាស៊ីនិងជាអ្នកធានា ដល់សន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិក អាមេរិក បានចាត់វិធានការឲ្យបានទាន់ពេលវេលាក្នុងការរារាំងចិនទប់ស្កាត់ចិនគំរាមកំហែងដល់ប្រទេសតូចតាចជាប់ព្រំដែនរបស់ខ្លួន។

នៅពេលនេះអាមេរិកបានបញ្ជូនសព្វា វុធជាច្រើនមកតំបន់អាស៊ីដើម្បីទប់ស្កាត់ ឥទ្ធិពលរបស់ចិនវិញ ដោយមិនខ្វាយខ្វល់ពីការគំរាមកំហែងរបស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋនោះឡើយ។ ការណ៍ដែលអាមេរិកមកកាន់អាស៊ីបានដោយគ្មានការខ្វាយខ្វល់ដោយសារតែអាមេរិកបានប្រគល់តួនាទីវាយប្រហារក្រុមអ៊ិស្លាមបង្កើតរដ្ឋ និងទប់ ទល់ជាមួយរុស្ស៊ីឱ្យទៅសម្ពន្ធមិត្ដជាអ្នក ទទួលខុសត្រូវក្នុងនោះមាន អាល្លឺម៉ង់ បារាំង អង់គ្លេស និងប្រទេសជាច្រើនទៀត តំបន់អឺរ៉ុប។

ក្រៅពីនេះវិវាទដែនអធិបតេយ្យរវាង បណ្តាប្រទេសដូចជា ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន អាចជំរុញឲ្យតំបន់ អាស៊ីផ្ទុះសង្គ្រាមបានគ្រប់ពេលវេលា។

ជាមួយនឹងភូមិសាស្ត្រអំណោយផលកូរ៉េខាងត្បូងបានក្លាយទៅជាទីតាំងប្រកួតប្រជែងឥទ្ធិពលរវាងអាមេរិកនឹងចិន។ ប៉ុន្តែ អាមេរិកគឺជាសម្ពន្ធមិត្តយូរឆ្នាំរបស់កូរ៉េខាង ត្បូងដូច្នេះអាមេរិកមិនអាចឲ្យបាត់បង់កូរ៉េខាងត្បូងនាពេលនេះនោះឡើយ។

ទស្សនាវដ្តី National Interest បាន ដកស្រង់សម្តីលោក Brent Scowcroft អនុប្រធានមជ្ឈមណ្ឌលសន្តិសុខអន្តរជាតិ ប្រចាំនៅតំបន់អាស៊ីភាគខាងកើតបាន វាយតម្លៃថា តំបន់អាស៊ីភាគខាងកើតកន្លងមកមានសន្តិសុខពេញលេញ ប៉ុន្តែវាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សអាចជំរុញឲ្យផ្ទុះសង្គ្រាមបានគ្រប់ពេលវេលា។ ក្រៅពីនេះយុទ្ធសាស្ត្រធ្វើឲ្យមានតុល្យភាពកម្លាំងរបស់ អាមេរិកនៅតំបន់អាស៊ីក៏ជាចំណុចមួយ បង្កឲ្យមានសង្គ្រាមកើតឡើងនោះដែរ។

តំបន់ដែលអាចផ្ទុះសង្គ្រាមនៅក្នុងទ្វីបអាស៊ី នោះគឺចិននិងជប៉ុនបើទោះបីទំនាក់ទំនងរវាងចិននឹងជប៉ុនមានភាពល្អប្រសើរជាងមុនក្តី ប៉ុន្តែនៅពេលដ៏ខ្លីខាងមុខទីក្រុងប៉េកាំងនិងទីក្រុងតូក្យូមិនអាចប្រែក្លាយទៅ ជាមិត្តដ៏ជិតស្និទ្ធបាននោះឡើយ។ ជប៉ុនបានផ្លាស់ប្តូរទម្រង់នៅក្នុងរដ្ឋធម្មនុញ្ញ ដែលបានបង្កើតឡើងក្រោយសង្គ្រាមលោក លើកទីពីរដែលអនុញ្ញាតឲ្យកម្លាំងទាហានជប៉ុនអាចចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេសបាន។ ទាំងនោះហើយជប៉ុនអាចរក្សាសន្តិសុខស្ថិរភាពនៅក្នុងតំបន់បានដោយមានការចូលរួមពីអាមេរិកផងនោះ។

ផ្ទុយទៅវិញចិនក៏មិនព្រមផ្អាកសកម្មភាពរបស់ខ្លួនដែរដោយចិនបានខិតខំពង្រីក កម្លាំងយោធាសព្វាវុធរបស់ខ្លួនកាន់តែខ្លាំង ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែ ប៉ុណ្ណោះចិនបានប្រកាសពីដែនអធិបតេយ្យ នៅតំបន់សមុទ្រចិនភាគខាងកើតគ្រប ដណ្តប់ទៅលើទីតាំងដែលជប៉ុនបានគ្រប់គ្រងជាយូរណាស់មកហើយមានប្រជុំកោះសេនកាគូជាដើម។

ចំណុចទាំងនោះហើយបើភាគីទាំងពីរមានអ្វីខុសឆ្លងតែបន្តិចនោះអាចបង្កឲ្យ មានសង្គ្រាមគ្រប់ពេលវេលា៕ ម៉ែវ សាធី

usa


ចែករំលែក៖