ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោកបានបញ្ជាក់ថា កីឡាកងទ័ពមិនដើម្បីគំរាមកំហែងនរណាម្នាក់ ឬបង្ហាញសាច់ដុំផ្នែកយោធាណាមួយ ឡើយ វាគ្រាន់តែជាការប្រកួតកីឡាកងទ័ពដែលត្រូវធ្វើឡើងប្រចាំឆ្នាំ ជិត១០ឆ្នាំកន្លង មកនេះ ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពិធីក្រុងពាលីដើម្បីបើកការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្រកួត នឹងចាប់ផ្តើមចាប់ពីថ្ងៃទី៦ ដល់៨ ខែមករា ឆ្នាំ២០១៧ ដែលជាព្រឹត្តិការណ៍ធំមួយ ត្រូវបានរៀបចំឡើងក្នុងគោលបំណង សំខាន់ៗ រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ៧ មករា ១៩៧៩ – ៧ មករា ២០១៧ និងប្រមូលមូលនិធិ ដើម្បីគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា ។
លោកក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងបង្ហាញដល់សាធារណជន និង មហាជនឈ្វេងយល់ និងយល់ដឹងបន្ថែម ទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ព ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការ អភិវឌ្ឍប្រទេសជាតិ ជាពិសេសភាពស្និទ្ធស្នាលរវាងប្រជាជន នឹងកងទ័ព ។
យោងតាមសេចក្តីជូនដំណឹងរបស់ សាលារាជធានីភ្នំពេញបានប្រកាសកុំឱ្យ ប្រជាពលរដ្ឋមានការងឿងឆ្ងល់ និង ភ័យខ្លាច ចំពោះការចល័តរថពាសដែក ចំនួន២គ្រឿង និងរថយន្តយោធា១២ គ្រឿងពី ង-៧០ ទៅកាន់តំបន់កោះពេជ្រ តាមផ្លូវវេងស្រេង មហាវិថីមុនីរ៉េត ម៉ៅ សេទុង និងសុធារស ដើម្បីតាំងបង្ហាញក្នុងពិធីប្រកួតកីឡាកងទ័ពប៉ុណ្ណោះ ។
លោក ហ៊ុន ម៉ាណែត បានច្រានចោលភ្លាមៗចំពោះការលើកឡើងថា វត្តមាន កងទ័ព និងយុទ្ធភណ្ឌទាំងនោះ គឺជាការ បង្ហាញសាច់ដុំ ឬការគំរាមកំហែងណាមួយដល់ប្រជាពលរដ្ឋ ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមក្នុងព្រឹត្តិការណ៍កីឡាកងទ័ពនេះឱ្យបានច្រើនកុះករ ព្រោះព្រឹត្តិការណ៍នោះក៏មានការតាំងពិព័រណ៍ទំនិញជាច្រើនស្តង់ និងការប្រគំតន្ត្រីសម័យនា ពេលរាត្រីផងដែរ ។
គួរបញ្ជាក់ថា យោងតាមកម្មវិធីនៃការរៀបចំកីឡាកងទ័ពបានបញ្ជាក់ថា នៅថ្ងៃ ទី៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច នឹងមានកម្មវិធីប្រគំតន្រ្តី និងការតាំង ពិព័រណ៍ ។ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៥និង៣០នាទីល្ងាច កម្មវិធី ប្រគំតន្រ្តី និងការតាំងពិព័រណ៌ ។ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៦ ព្រឹកកម្ម វិធីកីឡាកងយោធពល ខេមរភូមិន្ទ ឆ្នាំ២០១៧ ជាផ្លូវការចាប់ផ្តើម និងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលា ម៉ោង៥និង៣០ នាទីល្ងាច មានកម្មវិធីប្រគំតន្រ្តី និងការ តាំងពិព័រណ៍ ៕ ហេង សូរិយា