រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស៊ីរីបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងដាម៉ាកាសបាន ខិតខំស្វែងរកជំនួយដើម្បីកសាងទីក្រុង អាឡែបប៉ូឡើងវិញ ក្រោយពេលទីក្រុងនេះរងការវាយប្រហារទម្លាក់គ្រាប់បែកខូចខាតយ៉ាងដំណំ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស៊ីរីលោក Bashar Yaziji កាលពីថ្ងៃទី៤ ខែមករា បានឲ្យដឹងថា«រដ្ឋាភិបាលទីក្រុងដាម៉ាកាស កំពុងតែស្វែងរកអ្នកវិនិយោគ ដោយផ្តល់ អាទិភាពខ្ពស់។ រដ្ឋាភិបាលស៊ីរីនឹងផ្តល់ លក្ខណៈងាយស្រួលដល់អ្នកវិនិយោគ។ នៅពេលនេះក្រុមអ្នកឯកទេសកំពុងតែ វាយតម្លៃពីការខូចខាតពិតប្រាកដនៅក្នុងទីក្រុងនេះ ដើម្បីជាការងាយស្រួលដល់ការ កសាងឡើងវិញ»។
លោក Yaziji បន្តទៀតថា ក្រុមអ្នកឯកទេសផ្សេងទៀតក៏បានបង្កើតឡើងដើម្បីវាយ តម្លៃ និងឡើងគម្រោងអភិវឌ្ឍន៍ឡើងវិញ។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងទាហានស៊ីរីបានប្រកាសថា បាន វាយប្រហារបណ្តេញក្រុមភេរវកម្ម IS ចុង ក្រោយចេញពីទីក្រុងអាឡែបប៉ូ ហើយគ្រប់ គ្រងតំបន់នោះទាំងស្រុងក្រោយការធ្វើ សង្គ្រាមអស់ជាច្រើនឆ្នាំកន្លងមក៕ ម៉ែវ សាធី