សភាអាមេរិកកាលពីថ្ងៃទី៦ ខែមករា បានរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងការបោះឆ្នោតកាលពីខែធ្នូកន្លងមកពីបណ្តា តំណាងរាស្ត្រអាមេរិក ហើយសភាបាន ទទួលស្គាល់ជាផ្លូវការថា លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិក។
លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់ តំណែងនៅថ្ងៃទី២០ ខែមករា ក្រោយ ពេលលោកទទួលបានជ័យជម្នះនៅក្នុងការ បោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា។ ជ័យ ជម្នះរបស់លោក ត្រាំ ត្រូវបានបញ្ជាក់ជាលើកចុងក្រោយនៅក្នុងកិច្ចប្រជុំដែលដឹក នាំដោយលោក ចូប៊ៃឌិន ក្នុងសភា និងព្រឹទ្ធ សភាកាលពីថ្ងៃទី៦ ខែមករា។
សរុបតំណាងរាស្ត្រទាំង៥០រដ្ឋគឺលោក ត្រាំ ទទួលបានរហូតដល់ទៅ៣០៤អាសនៈ ចំណែកលោកស្រី គ្លីនតុន ទទួលបានតែ ២២៧អាសនៈប៉ុណ្ណោះ។
នៅពេលនេះដែរលោក ដូណាល់ ត្រាំ បានត្រៀមលក្ខណរួចរាល់ដើម្បីចូលកាន់តំណែងប្រធានាធិបតីអាមេរិកដែលជាប្រវត្តិ សាស្ត្រ និងជាជោគជ័យបំផុតនៅក្នុងឆាកជីវិតរបស់លោក។ នៅក្នុងពិធីស្បថចូលកាន់ តំណែងលោក ត្រាំ បានអនុញ្ញាតឲ្យឥស្ស រជនសំខាន់ៗជាច្រើនរូបក្នុងនោះមានទាំងគូប្រជែងគឺលោកស្រី ហ៊ីលឡារី គ្លីនតុន ផងដែរ។ ចំណែកលោកស្រី គ្លីនតុន បាន ប្រកាសថា នឹងចូលរួមពិធីចូលកាន់តំណែង របស់លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីន តោនឌីស៊ីនាថ្ងៃទី២០ ខែមករាខាងមុខ នេះ។
ការចូលរួមនៅក្នុងពិធីខាងលើគឺតបតាម ការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ។ ក្រៅពីគ្រួសារលោកស្រី ហ៊ីលឡារី គ្លីនតុន អតីតប្រធានាធិបតី George W Bush ក៏នឹងចូលរួមពិធីនេះជាមួយនឹងភរិយារបស់លោក Laura ផងដែរ។
រយៈពេលជាជ្រើនថ្ងៃកន្លងមកគូប្រជែង តំណែងប្រធានាធិបតីដ៏ចម្បងរបស់លោក ត្រាំ បានគេចមុខមិនបង្ហាញខ្លួនជាសាធា រណៈឡើយក្រោយពីចាញ់ឆ្នោតដ៏គួរឲ្យ ភ្ញាក់ផ្អើល ហើយប្រហែល១សប្ដាហ៍ ក្រោយមកទើបលោកស្រី គ្លីនតុន បាន បង្ហាញខ្លួននៅអង្គការ Children’s Defence Fund ប៉ុន្តែត្រូវគេកត់សម្គាល់ឃើញ ថា ការសម្រេចចិត្តបង្ហាញខ្លួននោះជាការលំបាកបំផុតសម្រាប់លោកស្រី។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលគេចាត់ទុកថា ជាព្រិត្តិការណ៍ក្តៅ សម្រាប់ប្រធានាធិបតីថ្មី ដូណាល់ ត្រាំ គឺពាក់ព័ន្ធនឹងការលូកដៃរបស់រុស្ស៊ីចូលក្នុងការបោះឆ្នោតអាមេរិក។ នៅពេលនេះប្រមុខ ការិយាល័យស៊ើបការណ៍សម្ងាត់អាមេរិកប្រធាន CIA និងអគ្គនាយក FBI នឹងទៅ ជួបលោក ដូណាល់ ត្រាំ ដើម្បីពន្យល់ពីការ សន្និដ្ឋានរបស់ភ្នាក់ងារស៊ើបការណ៍សំងាត់ អាមេរិកស្តីពីតួនាទីរបស់រុស្ស៊ីនៅពីក្រោយការចូលទៅលួចយកទិន្ន័យព័ត៌មានវិទ្យាក្នុង កំឡុងពេលបោះឆ្នោតកន្លងទៅ។
កាលពីថ្ងៃទី៥ ខែមករា ប្រមុខស៊ើបការណ៍សម្ងាត់អាមេរិកបានចូលទៅជួបគណៈកម្មការការពារជាតិនៃព្រឹទ្ធសភា ហើយ បានរក្សាការសន្និដ្ឋានរបស់ខ្លួនថា រុស្ស៊ីពិតជានៅពីក្រោយទង្វើនេះមែន។ កន្លងមក លោក ដូណាល់ ត្រាំ តែងតែប្រកែកមិន ទទួលស្គាល់ការសន្និដ្ឋាននេះទេ។ តែយ៉ាង ណាពេលនេះទោះចង់មិនចង់លោក ដូ ណាល់ ត្រាំ ត្រូវតែស្តាប់ការពន្យល់ព្រោះរឿងនេះមិនមែនជារឿងលេងសើចឡើយជារឿងអាយុជីវិតជាតិ។
លោក ចន ម៉ាខេន ប្រធានគណៈកម្មការការពារជាតិនៃព្រឹទ្ធសភាបានចាត់ទុកថា ទង្វើរបស់រុស្ស៊ីដែលបានចូលមកជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតប្រធានាធិបតី អាមេរិកគឺមិនខុសពីការប្រកាសសង្រ្គាមទេ។ សម្តីនេះបង្ហាញឲ្យកាន់តែច្បាស់អំពីគម្លាតគ្នារវាងមន្ត្រីគណបក្សសាធារណរដ្ឋរូបនេះជាមួយលោក ដូណាល់ ត្រាំ ដែល ជាប្រធានាធិបតីថ្មី។ សមាជិកសភា និង ព្រឹទ្ធសភាអាមេរិកមិនថាមកពីគណបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យទេគេបានសម្តែងការទុកចិត្តទៅលើលទ្ធផលនៃការស៊ើបអង្កេត។
នៅថ្ងៃសុក្រសប្តាហ៍នេះលោក ដូណាល់ ត្រាំ ត្រូវជួបជាមួយលោកប្រធានការិយា ល័យស៊ើបការណ៍សម្ងាត់ CIA និងអគ្គនា យក FBI ដើម្បីស្តាប់ការពន្យល់ ស្តីពីការ សន្និដ្នាន។ ប្រធានភ្នាក់ងារស៊ើបការណ៍ទាំង៣របស់អាមេរិកសុទ្ធតែមានជំហរដូច គ្នាដោយផ្អែកទៅលើការស្រាវជ្រាវយ៉ាងហ្មតិចត់ថា រដ្ឋាភិបាលរុស្ស៊ីពិតជាអ្នកនៅពីក្រោយនៃការចូលមកលួចទិន្ន័យព័ត៌មាន វិទ្យារបស់គណបក្សប្រជាធិបតេយ្យពិតមែន។ ក៏ប៉ុន្តែកន្លងមក លោក ដូណាល់ ត្រាំ តែងតែប្រកែកមិនទទួលយកការសន្និដ្ឋាននេះ ហើយថែមទាំងចំអកឌឺដងទៅ ដល់ទីភ្នាក់ស៊ើបអង្កេតធំៗរបស់អាមេរិក ទាំង៣នេះទៀងផង។
លោក James Clapper អគ្គនាយក ទីភ្នាក់ងារស៊ើបអង្កេតអាមេរិកបានថ្លែងថា គោលជំហរ និងសំដីរបស់លោក ដូណាល់ ត្រាំ កន្លងមកគឺមានការប៉ះពាល់ខ្លាំងណាស់ ដល់ទឹកចិត្តរបស់ក្រុមការងារស៊ើបការណ៍សម្ងាត់របស់អាមេរិក។ លោកថា ក្នុងនាមជាប្រធានាធិបតីអាមេរិកមួយទាំងមូលលោក ត្រាំ បែរជានិយាយក្នុងន័យមិនទុក ចិត្ត និងមិនផ្តល់តម្លៃទៅដល់ក្រុមការងារ របស់ប្រទេសខ្លួនទៅវិញ។
សូមបញ្ជាក់ថា ការចុះផ្សាយរបស់ CNN បានឲ្យដឹងថា ក្រុមស៊ើបការណ៍ សំងាត់អាមេរិកបានកំណត់មុខសញ្ញា និងអត្តសញ្ញាណអ្នកដែលចូលមកលួចទិន្ន័យព័ត៌មានវិទ្យាដែលជាដៃជើងរបស់រដ្ឋាភិបាល រុស្ស៊ីមុននឹងចែកចាយទិន្ន័យនេះទៅឲ្យគេហទំព័រ Wikileaks ។ បន្ថែមពីនេះទៀត កាសែត Washington Post បានចុះផ្សាយ ដែរថា គេបានថតសំឡេងអបអរសាទរ របស់ថ្នាក់ដឹកនាំរុស្ស៊ីនៅពេលដែលបាន ដឹងដំណឹងថា លោក ដូណាល់ ត្រាំ បាន ឈ្នះឆ្នោតទៀតផង។
គ្រប់គ្នាពេលនេះកំពុងរង់ចាំមើលថា តើលោក ដូណាល់ ត្រាំ នឹងផ្លាស់ប្តូរគោលជំហរដែរឬទេនៅពេលដែលបានជួបផ្ទាល់ និងស្តាប់ការពន្យល់ពីប្រមុខថ្នាក់ដឹកនាំស៊ើបការណ៍សំងាត់។ ដោយឡែកលោក អូបាម៉ា បានថ្លែងតាមទូរទស្សន៍ថា លោក សង្ឃឹមថានៅ ពេលដែលលោកដូណាល់ ត្រាំ បានអានលំអិតអំពីរបាយការណ៍នេះ លោកនឹងយល់ពីការពិត ហើយងាកមកលើកទឹកចិត្តដល់ក្រុមការងារស៊ើបអង្កេតអាមេរិក ព្រោះពួកគេធ្វើការប្រកបដោយ វិជ្ជាជីវៈខ្ពស់មិនមែនចេះតែចោទទៅលើ រុស្ស៊ីដោយគ្មានភស្តុតាងនោះទេ៕ ម៉ែវ សាធី