ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានព្រមានដល់បណ្តាអភិ បាលខេត្តក្រុង រូបណាដែលពាក់ព័ន្ធនឹង អំពើពុករលួយ និងការជួញដូរគ្រឿង ញៀន។
នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងម៉ា នីលកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ប្រធានាធិបតីហ្វុីលីពីនបានព្រមានថានឹងសម្លាប់បណ្តាអភិបាលក្រុង-ខេត្ត ណា ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ។
លោក ឌុយទែរតេបានបញ្ជាក់ថា «ខ្ញុំនឹងហៅបណ្តាអភិបាលក្រុងទាំងនោះមក និងចាប់ឃុំខ្លួន»។ លោកបញ្ជាក់ទៀតថា លោកមានឈ្មោះទាំងអស់នៅក្នុងបញ្ជី អស់លោកទៅមើលចុះ បើមានឈ្មោះខ្លួនឯងនោះប្រាកដជាជួបបញ្ហាជាមិនខាន ខ្ញុំនឹងសម្លាប់អស់លោក។ ជាមួយគ្នានោះ លោក ឌុយទែរតេ បានបញ្ជាក់ថា បណ្តា អភិបាលក្រុងដែលជាប់ពាក់ព័ន្ធ បោះបង់ ជាបន្ទាន់បើចង់បានសុខ។
ចាប់តាំងពីសង្គ្រាមប្រឆាំងគ្រឿងញៀន ជាទ្រង់ទ្រាយធំលោក ឌុយទែតែ បាន បង្ហាញថាលោកមាននៅក្នុងដៃបញ្ជីឈ្មោះបណ្តាមន្ត្រីជាន់ខ្ពស់ក្នុងនោះមានអភិបាលក្រុងដែលពាក់ព័ន្ធនឹងគ្រឿងញៀនហើយបើអ្នកទាំងនោះមិនមានការកែប្រែទេនោះ នឹងប្រឈមនូវបញ្ហាជាមិនខាន។
មកទល់ពេលនេះ មានអ្នកស្លាប់ដល់ ទៅ ៦ពាន់នាក់នៅក្នុងសង្គ្រាមប្រឆាំង គ្រឿងញៀន ដែលមានវិវាទបើទោះបី ប្រឈមនឹងការប្រឆាំងពីក្រុមការពារសិទ្ធិមនុស្សទាំងក្នុង និងក្រៅប្រទេស។ បើ ទោះបីមានការរិះគន់យ៉ាងណាក្តី ក៏លោកឌុយទែរតេនៅតែបន្តសង្គ្រាមប្រឆាំង គ្រឿងញៀនរហូតដល់បញ្ចប់អាណត្តិ៕ ម៉ែវ សាធី