ព័ត៌មានទាន់ហេតុការណ៍៖

ការលុបបំណុលគឺជាសីលធម៌របស់អាមេរិកដែលត្រូវធ្វើចំពោះប្រជាពលរដ្ឋកម្ពុជារងគ្រោះ

ចែករំលែក៖

ភ្នំពេញ ៖ «ការស្នើសុំលុបបំណុលរបស់ អាមេរិកជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់និន្នាការចំពោះរដ្ឋាភិបាលសហរដ្ឋ អាមេរិកសម្រាប់ទំព័រប្រវត្តិសាស្រ្តថ្មីនៃ គោលនយោបាយបរទេសរបស់សហរដ្ឋ អាមេរិកដើម្បីចាកចេញពីទំព័រប្រវត្តិសាស្ត្រ នៃសង្គ្រាមដ៏ជូរចត់ពីភាគីទាំង២»។ នេះ តាមសម្តីរបស់លោក ផៃ ស៊ីផាន អ្នកនាំ ពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ។

អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា តាំងពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី ប៊ីល គ្លីនតុន នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហបានទទួលស្គាល់ ថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាជិត២លាន៨សែនតោនដោយគិតរយៈពេល ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៦៥ដល់ឆ្នាំ ១៩៧៣ប៉ុណ្ណោះ។ គ្រាប់បែកនោះមាន ដូច ជា គ្រាប់បែកធម្មតា គ្រាប់បែកមានកូន គ្រាប់បែកចង្កោម និងគ្រាប់ បែកគីមីនៅ ជាង១១ម៉ឺនទីតាំងនិងមានការហោះហើរ ទម្លាក់គ្រាប់ជិត២៥ម៉ឺនជើង ។

លោក ផៃ ស៊ីផាន បានលើកឡើងឲ្យ ដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាចង់ ឃើញការដោះស្រាយមួយក្នុងពេលវេលា សមស្រប និងរាល់ទិដ្ឋភាពណាមួយដែល កម្ពុជា និងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ទទួលបានជោគជ័យចាកចេញពីទំព័រប្រវត្តិ សាស្ត្រនៃសង្គ្រាមដ៏ជូរចត់ពិបាកទទួល យកបានពីភាគីទាំង២ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ថ្លែងចេញពីខេត្តរតនគិរីនៅក្នុង កម្មវិធីចូលរួមចុះពិនិត្យលើការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូន មុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក William A. Heidt បានទទួល ស្គាល់ទម្ងន់ជាប្រវត្តិសាស្ត្រដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់មកលើប្រទេសកម្ពុជាកាល ពីសម័យសង្គ្រាមវៀតណាម ។

ការបញ្ជាក់បែបនេះរបស់ឯកអគ្គរដ្ឋទូតអាមេរិកខណៈលោកចូលរួមចុះពិនិត្យលើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកន្លែងកំពុងធ្វើប្រតិបត្តិការផ្ទាល់ របស់អង្គការNPA ស្ថិតក្នុងភូមិ៣ (វាលឆ្កែ ហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្ត រតនគិរី ។

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសចូលរួមបុណ្យសមុទ្រនៅខេត្តព្រះសីហនុ និងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៧កន្លងទៅក្នុងឱកាសចូលរួមក្នុង វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេស ស្វុីសសម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យ លោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកពិចារណាលើការលុប បំណុលដែលប្រទេសកម្ពុជាបានជំពាក់ កាលពីសម័យសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ នាអំឡុងឆ្នាំ ១៩៧០ ។

ដោយសម្តេចតេជោបានចាត់ទុកថា អាមេរិកគឺជាអ្នកជំរុញឱ្យមានរដ្ឋប្រហារ

ទម្លាក់សម្តេច នរោត្តម សីហនុ ក្នុងប្រទេស កម្ពុជាដែលរដ្ឋប្រហារនេះបានបង្កើត សង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើត ខ្មែរក្រហមទើបមានវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា។ ដូច្នេះសហរដ្ឋអាមេរិកត្រូវ តែប៉ះប៉ូវសងដល់កម្ពុជាវិញតាមរយៈការលុបបំណុលសម្រាប់សងដល់វិនាសកម្មនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុបានថ្លែងថា កម្ពុជាកំពុងជំពាក់បំណុលសាធារណៈសរុបចំនួន៦.២០០លាន ដុល្លារអាមេរិកគិតត្រឹមដំណាច់ឆ្នាំមុន ។

លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្នុងពិធី បើកវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រង ម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៧» កាល ពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ថា គិត ចាប់ពីឆ្នាំ១៩៩៤ដល់ដំណាច់ឆ្នាំ២០១៦ កម្ពុជាជំពាក់បំណុលប្រទេសនានាសរុប ចំនួន៦.២០០លានដុល្លារអាមេរិកដែល បំណុលទាំងនោះភាគច្រើនជាកម្ចីមាន លក្ខណៈអនុគ្រោះនិងអត្រាការប្រាក់ទាប។

លោកបន្តថា ៨០ភាគរយនៃថវិកាទាំង នោះត្រូវបានយកមកប្រើប្រាស់សម្រាប់ការ វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានា ហើយទំហំបំណុលនេះស្មើនឹង៣២ភាគ រយនៃផលទុនជាតិសរុប។ បំណុលនេះ មានទំហំតូចនៅឡើយដែលកម្ពុជាអាច មានលទ្ធភាពខ្ចីប្រាក់ពីបរទេសបានច្រើនថែមទៀត ខណៈប្រទេសវៀតណាមជំពាក់ បំណុលបរទេសស្មើនឹងជាង៦០ភាគរយ នៃផលទុនជាតិសរុប ។

លោក វង្សី វិស្សុត បន្ថែមថា សេដ្ឋកិច្ច កម្ពុជាមានកំណើនក្នុងអត្រាជាង៧ភាគ រយក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ នេះបានធ្វើឲ្យកម្ពុជាមានលទ្ធភាព និងឯករាជ្យភាពខាងថវិកាលើខ្លួនឯងច្រើន ហើយកម្ពុជាអាចសន្សំទុនបម្រុងទុកបានច្រើន ផងដែរ។ សម្រាប់រយៈពេលមធ្យមខាងមុខ សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុង រង្វង់៧ភាគរយ និងកំពុងចាក់គ្រឹះសម្រាប់កំណើនរឹងមាំក្នុងរយៈពេលវែងបន្ថែមទៀត។ សេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំមុន សម្រេចបានកំណើន៧ភាគរយ និងឆ្នាំនេះនឹងនៅតែរក្សាបានកំណើន៧ភាគរយ ។

មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំ កម្ពុជាថ្លែងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៧ថា រឿងរ៉ាវពាក់ព័ន្ធកម្ពុជាជំពាក់ បំណុលសហរដ្ឋអាមេរិកតាំងពីសម័យ សាធារណរដ្ឋខ្មែរទាមទារឲ្យមានការពិភាក្សា គ្នាបន្ថែមទៀត។

បញ្ហាបំណុលដែលកម្ពុជា ជំពាក់សហ រដ្ឋអាមេរិកតាំងពីសម័យសាធារណរដ្ឋខ្មែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងជាបន្តបន្ទាប់ក្នុងមួយរយៈពេលចុងក្រោយនេះ។ សម្តេចតេជោនៅតែទាមទារឲ្យសហរដ្ឋអាមេរិកលុបបំណុលដែល សហរដ្ឋអាមេរិកបានផ្តល់ឲ្យរដ្ឋាភិបាលលោក លន់ នល់ ហើយដែលសម្តេចថា បានក្លាយជាបន្ទុកសម្រាប់រដ្ឋាភិបាលលោក បច្ចុប្បន្ន ។

ឆ្លើយតបចំពោះការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន អ្នកនាំពាក្យរងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក ឌេវីដ ចូសារ (David Josar) បញ្ជាក់ថា បញ្ហាបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺជាប្រធានបទដែលត្រូវពិភាក្សា រយៈពេលយូរ។ លោកថា បញ្ហានេះសហ រដ្ឋអាមេរិកក៏ចង់ឃើញមានដំណោះស្រាយ ដែរ។ ទោះជាយ៉ាងណាលោកថា បញ្ហានេះ ទាមទារឲ្យមានការពិភាក្សាជាមួយគ្នាបន្ថែម ទៀតមុនអាចឲ្យបញ្ហាបំណុលនេះមានការវិវឌ្ឍទៅមុខ ។

ផ្ដើមចេញពីមូលហេតុទាំងអស់នេះ សម្តេចតេជោបានស្នើឲ្យរដ្ឋាភិបាលសហ រដ្ឋអាមេរិក ជាពិសេសប្រធានាធិបតីថ្មីសហ រដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ពិចារណាលុបចោលបំណុលដែលអាមេរិកផ្តល់ឲ្យ របបសាធារណរដ្ឋខ្មែរ។ លើសពីនេះសម្តេច តេជោក៏ទាមទារឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវផ្តល់ជំនួយដល់កម្ពុជាសម្រាប់ បម្រើដល់ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានបន្សល់ទុកតាំងពីសម័យនោះ។ សម្តេចតេជោចាត់ទុកថា នេះជាការទទួលខុសត្រូវយ៉ាងហោចណាស់ផ្នែកសីលធម៌ របស់សហរដ្ឋអាមេរិកចំពោះកម្ពុជា។

បំណុលដែលកម្ពុជាជំពាក់សហរដ្ឋ អាមេរិកនៅក្នុងសម័យសាធារណរដ្ឋខ្មែរ មកទល់ពេលនេះគិតទាំងដើមទាំងចុងគឺជាង៣០០លានដុល្លារសហរដ្ឋអាមេរិក៕ ហេង សូរិយា

ase (2)


ចែករំលែក៖