កាលពីថ្ងៃទី៣១ ខែមករា សហគមន៍ អឺរ៉ុបបានប្រកាសថា ការប៉ះទង្គិចគ្នារវាងក្រុមបះបោរនឹងកម្លាំងទាហានរដ្ឋាភិបាលនៅតំបន់ភាគខាងកើតអ៊ុយក្រែនគឺជាការបំពានទៅលើកិច្ចព្រមព្រៀងឈប់បាញ់ទីក្រុង Minsk ។
នៅក្នុងសេចក្តីប្រកាសរបស់មន្ត្រីការ បរទេសអឺរ៉ុបបានឲ្យដឹងថា «ការប៉ះទង្គិចគ្នាកើតឡើងប៉ុន្មានថ្ងៃកន្លងមកស្ថិតនៅ ក្នុងតំបន់ Avdiivka ដោយភាគីទាំង២ បានប្រើប្រាស់កាំភ្លើងធំធ្វើឲ្យមានអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង។ ទាំងនោះគឺជាការបំពានទៅលើបទឈប់បាញ់ដែលភាគីទាំង២បានព្រមព្រៀងគ្នា ជាមូលដ្ឋាននៅក្នុងការស្វែងរកសន្តិភាពនៅក្នុងតំបន់។
បារាំង និងអាល្លឺម៉ង់ គឺជាប្រទេសចូល រួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងMinsk ប្រទេសបែលឡារូស ជាមួយនឹង រុស្ស៊ីអ៊ុយក្រែន។ បណ្តាមេដឹកនាំអឺរ៉ុបបានអនុវត្តគោលនយោបាយដាក់ទណ្ឌកម្មដឹកជញ្ជូន និងសេដ្ឋកិច្ចដល់ប្រទេសរុស្សុី។
អឺរ៉ុបបានព្រមានថា ការដាក់ទណ្ឌកម្ម ដឹកជញ្ជូនទៅលើរុស្ស៊ីនឹងមិនអាចលុបចោល ឡើយរហូតដល់ ស្ថានភាពនៅតំបន់ភាគខាងកើតអ៊ុយក្រែនបានល្អប្រសើរឡើងវិញ។
ក្នុងពេលជាមួយគ្នានោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានទស្សនៈ ល្អប្រសើរជាមួយរុស្ស៊ី ដោយលោកអាច នឹងលុបចោលការដាក់ទណ្ឌកម្មទៅលើ រុស្ស៊ី ដើម្បីបញ្ចប់ភាពតានតឹង។កាលពី ចុងសប្តាហ៍កន្លងមកលោក ត្រាំ បានជួប ពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី ពូទីន ពីបញ្ហាសំខាន់ៗនៅក្នុងទំនាក់ទំនង រវាងប្រទេសទាំង២។
កម្លាំងទាហាននៅតំបន់ភាគខាងកើតអ៊ុយក្រែនទទួលបានការគាំទ្រពីប្រទេស រុស្ស៊ី ហើយរុស្ស៊ីជាអ្នកផ្តល់អាវុធ និង ស្បៀងអាហារដើម្បីតបតនឹងទាហានរដ្ឋាភិបាល។ ក្រោយពេលតំបន់គ្រីមៀ បំបែក ខ្លួនចូលជាមួយរុស្ស៊ី តំបន់ភាគខាងកើតក៏បានបះបោរដើម្បីចូលជាមួយរុស្ស៊ីផងដែរ ប៉ុន្តែត្រូវបានអ៊ុយក្រែនរារាំង។
ការប៉ះទង្គិចគ្នាជាថ្មីកើតឡើងក្រោយពេលដែលទំនាក់ទំនងរវាងអាមេរិកនឹង រុស្ស៊ីកាន់តែប្រសើរឡើង ហើយអាមេរិក អាចនឹងមិនលូកដៃចូលក្នុងវិវាទទាំងនោះឡើយ ទើបក្រុមបះបោរអ៊ុយក្រែនដែល មានការគាំទ្រពីរុស្ស៊ីបំពានបទឈប់បាញ់។
សកម្មភាពខាងលើបានធ្វើឲ្យប្រទេសតំបន់អឺរ៉ុបមានការបារម្ភយ៉ាងខ្លាំង ពិសេស គឺអង្គការណាតូដែលជាមុខសញ្ញានៃការ វាយប្រហាររបស់រុស្ស៊ី។ កាលពីថ្ងៃទី៣១ ខែមករា ប្រទេសជាសមាជិតរបស់អង្គការណាតូបានបង្ហាញសាច់ដុំយោធារបស់ខ្លួននៅជិតប្រទេសរុស្ស៊ី ដោយមាននាវាចម្បាំង សម្ពន្ធមិត្តជាច្រើនគ្រឿងកំពុងឆ្ពោះទៅ កាន់សមុទ្រខ្មៅ ក្នុងខណៈដែលរថក្រោះ អាមេរិកបានបាញ់ឲ្យលាន់សូររំពងនៅលើ តំបន់ទំនាបប៉ូឡូញ។
តាមការចុះផ្សាយរបស់ស៊ីអិនអិន នៅ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កងកម្លាំង ទ័ពជើងទឹក Standing Maritime Group 2 ដែលមាននាវាចម្បាំង៨គ្រឿងមកពី ប្រទេសសមាជិកណាតូ៨ កំពុងតែធ្វើដំណើរទៅកាន់សមុទ្រខ្មៅ ដើម្បីចូលរួមធ្វើ សមយុទ្ធនៅក្បែរតំបន់ឆ្នេរប្រទេសរ៉ូម៉ានី ដែលគេឲ្យឈ្មោះថាជា “ខែលសមុទ្រ”។
មន្ត្រីរបស់អង្គការណាតូម្នាក់បាន និយាយឲ្យដឹងថា នេះគឺជាការបង្ហាញឲ្យ ឃើញនូវឆន្ទៈរបស់ក្រុមសម្ពន្ធមិត្តដើម្បី ការពារប្រទេសជាមិត្តទាំងអស់ ដើម្បី ការពារទប់ស្កាត់ រាល់ការគំរាមកំហែង ណាមួយ និងដើម្បីធ្វើឲ្យប្រសើរឡើងនូវ សន្តិសុខដែនសមុទ្រក្នុងតំបន់។
ក្នុងពេលជាមួយគ្នានេះរុស្ស៊ីក៏បានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ដោយបានប្រើ ប្រាស់ឧទ្ធម្ភាគចក្រ Mi-24 ពីមូលដ្ឋានទ័ព អាកាស Tolmachevo ដែលជាការសាក ល្បងធ្វើការប្រយុទ្ធតាមផ្លូវអាកាស ដែល ធ្វើឡើងនៅក្នុងតំបន់ Novosibirsk ។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យបានឲ្យដឹងថា អ្នកបើកឧទ្ធម្ភាគចក្រ បាន អនុវត្តការធ្វើសមយុទ្ធជាយុទ្ធសាស្ត្រស្មុគ ស្មាញ ដែលជាផលប្រយោជន៍ប្រើប្រាស់សម្រាប់ការវាយប្រហារ និងគោលដៅវាយប្រហារតាមផ្លូវអាកាសនៅក្នុងជំហានទី២ សហសេវិក ឬអ្នកបើកឧទ្ធម្ភាគចក្រនឹង ចាប់ផ្ដើមធ្វើសមយុទ្ធ យន្ដហោះឈ្លបយក ការណ៍តាមផ្លូវអាកាសនឹងធ្វើការចុះចត ក្លែងក្លាយ ថែមទាំងការជួយសង្គ្រោះពេល ម៉ាស៊ីនយន្ដហោះមានបញ្ហាទៀតផង ។
យោងតាមអ្នកនាំពាក្យដដែលបានបន្ដទៀតថា ក្នុងប្រតិបត្តិការធ្វើសមយុទ្ធនេះដែរមានឧទ្ធម្ភាគចក្រចំនួន១០គ្រឿង និង មនុស្សជិត៥០នាក់ចូលរួម ហើយក្នុង អំឡុងពេលនៃការធ្វើសមយុទ្ធនេះផងដែរអ្នកបើកឧទ្ធម្ភាគចក្រក៏ត្រូវអនុវត្តចុះចតដោយមិនបានព្រាងទុក ការហោះឡើង និងការចុះចតក្រោមលក្ខខណ្ឌអាកាស ធាតុលំបាក ការចែកចាយទំនិញយោធា និងការដឹកជញ្ជូនទាហាននៅក្នុងស្ថានភាព ប្រយុទ្ធ៕ ម៉ែវ សាធី