ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់រងរបួសធ្ងន់ ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ និងម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះភ្លាមៗ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូពីក្រោយ បន្ទាប់ពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រមូលយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រង់ចាំឲ្យគូភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយ តាមនីតិវិធី ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៣៤ និងលេខ៣៥ ស្ថិតក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ត្រី ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ស៊ូ វិនជា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ជិះម៉ូតូយ៉ាម៉ាហា ពណ៌ខ្មៅ ធ្វើដំណើរពីកើតទៅលិច ចំណែកជនរងគ្រោះទី២ យ៉ាង សៀងមិញ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិនដូចគ្នា និងទី៣ឈ្មោះ សាម ឃុន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពាក់ស្លាកលេខ ភ្នំពេញ 1CY 4357 ។

លោកអធិការបានបញ្ជាក់ថា តាមការសាកសួរពីសាក្សីនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញជនរងគ្រោះឈ្មោះ សាម ឃុន ជិះម៉ូតូទិសដៅពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុ គេបានឃើញជនជាតិចិន ជិះម៉ូតូយ៉ាម៉ាហា ពណ៌ខ្មៅ ទិសដៅស្របគ្នា បានមកបុកជនរងគ្រោះសាម ឃុនពីក្រោយ បណ្តាលឲ្យដួលរងរបួសទាំងសងខាង ។ ក្រោយកើតហេតុ សាក្សីបានរាយការណ៍មកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ជនរងគ្រោះទាំងពីរ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន សុខណា ដឹកយកទៅសង្គ្រោះជាមួយគ្នាតែម្តង ។

លោកអធិការបន្តថា រហូតមកទល់ពេលនេះ ជនរងគ្រោះដែលជាជនជាតិចិនម្នាក់រងរបួសស្រាល និងរងរបួសធ្ងន់ ។ ចំណែកឯជនរងគ្រោះជនជាតិខ្មែរ គ្រូពេទ្យកំពុងសង្គ្រោះបន្ទាន់នៅឡើយ ព្រោះតែអការរបួសធ្ងន់ ។ ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រមូលយកវត្ថុតាងម៉ូតូទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នាក្រោយចេញពីពេទ្យ ៕ សេនាស័ក្តិ

abc (3) abc abc (1) abc (2)


ចែករំលែក៖