ដោយខ្លាចក្រុមភេរវកម្មចាប់ជំរិតនៅដែនសមុទ្រ ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duderte បានស្នើដល់ប្រទេស ចិនឲ្យបញ្ជូនកប៉ាល់យាមល្បាតមកជួយការពារដែនសមុទ្ររបស់ខ្លួនទប់ស្កាត់ ក្រុមភេរវកម្មអ៊ិស្លាម អាប៊ូសៃយ៉ាហ្វ វាយ ប្រហារ ប្លន់ ចាប់ជំរិតនាវានៅតំបន់សមុទ្រភាគខាងត្បូងប្រទេសនេះ។
លោក ឌុយទែរតេ បាននិយាយទៅ កាន់មេបញ្ជាការកងទ័ពហ្វុីលីពីនថា« ខ្ញុំ នឹងសួរចិនថាតើ ពួកគេអាចជួយយាមល្បាត នៅសមុទ្រអន្តរជាតិ ដោយមិនចាំបាច់ចូលក្នុងដែនអធិបតេយ្យរបស់ប្រទេសណាមួយ បានដែរឬទេ?»។
មេដឹកនាំហ្វុីលីពីនបានបញ្ជាក់យ៉ាង ច្បាស់ថា បណ្តានាវាចិនដែលបំពេញការងារយាមល្បាតជួយដល់ទីក្រុងម៉ានីល ហើយអ្វីដែលហ្វុីលីពីនត្រូវការនោះគឺនាវាយាមល្បាតមិនមែននាវាចម្បាំងនោះឡើយ។ លោក ឌុយទែរតេ បញ្ជាក់ទៀត ថា លោកត្រូវការតែនាវាយាមល្បាតមិន ត្រូវការនាវាចម្បាំងឡើយ។ ប៉ុន្តែលោក បដិសេធបំកាកបំផ្លើសថា តើភាគីចិនយល់ព្រមជួយយាមល្បាតដែរឬទេ តាមសំណើ របស់ហ្វុីលីពីន?
កន្លងមកទីក្រុងម៉ានីលធ្លាប់បានព្រមាន ថា ក្រុមភេរវកម្មកំពុងព្យាយាមបង្កើត តំបន់គ្រប់គ្រងនៅតំបន់អាស៊ាន ក្នុងនោះ មានហ្វុីលីពីន ដោយមានការជួយពីក្រុម ភេរវកម្ម IS។ បច្ចុប្បន្នក្រុម អាប៊ូសៃយ៉ាហ្វ ជាក្រុមភេរវកម្មនៅក្នុងតំបន់ដើរតួនាទីចាំជំរិត ប្លន់នាវាដឹកទំនិញនៅតំបន់សមុទ្រ ស្ថិតនៅដែនជម្លោះប្រទេសម៉ាឡេស៊ី និង ហ្វុីលីពីន។
តាមតួលេខរបស់អង្គការអន្តរជាតិនៅក្នុងឆ្នាំ២០១៦ មានការចាប់ជំរិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១០ឆ្នាំកន្លងមក ហើយតំបន់សមុទ្រនៅភាគខាងត្បូងប្រទេស ហ្វុីលីពីនកាន់តែគ្រោះថ្នាក់សម្រាប់នាវា ដឹកទំនិញឆ្លងកាត់។
នៅពេលហ្វុីលីពីនកំពុងជាប់មាន ជម្លោះដណ្តើមដីកោះជាមួយចិននៅសមុទ្រ ចិនខាងត្បូង តែប្រធានាធិបតីហ្វុីលីពីន ឌុយទែរតេ វិញបែរជាបើកចំហរស្វាគមន៍ វត្តមានកប៉ាល់ចិននៅសមុទ្រភាគខាង ត្បូងហ្វុីលីពីន។ កាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតីហ្វុីលីពីន ឌុយទែរតេ បានថ្លែង ថា លោកបានសុំជំនួយពីចិនចង់ឲ្យចិន បញ្ជូនកប៉ាល់ល្បាតរបស់ខ្លួនទៅក្នុងសមុទ្រ ស៊ូលូ ដែលស្ថិតនៅចន្លោះប្រទេសម៉ាឡេស៊ី និងហ្វុីលីពីន។
ការិយាល័យចរាចរណ៍ជើងទឹកអន្តរ ជាតិបានវាយតម្លៃថា នៅខែនេះចំនួនចាប់ជំរិតបានកើនឡើងខ្ពស់នៅក្នុងដែនទឹក ភាគខាងត្បូងហ្វុីលីពីន។ ឥណ្ឌូណេស៊ី ដែលបានចូលរួមល្បាតដែនទឹកជាមួយហ្វុីលីពីន និងម៉ាឡេស៊ីបានព្រមានថា សមុទ្រស៊ូលូនឹងក្លាយជាអនាគតសមុទ្រសូម៉ាលី ដែលកប៉ាល់ទំនិញ ឧស្សាហ៍រងគ្រោះដោយ ការវាយប្រហារ ចាប់ជំរិតទារលុយពីចោរ សមុទ្រ។
សូមបញ្ជាក់ថា ក្រុមឧទ្ទាម អាប៊ូសៃ យ៉ាហ្វ បានភ្ជាប់ខ្លួនទៅក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម។ សម្រាប់លោកប្រធានាធិបតីហ្វុីលីពីន ក្រុមទ័ពព្រៃហ្វុីលីពីនដែលរស់ អាស្រ័យលើលុយបានមកពីការចាប់ជំរិតមនុស្ស និងកប៉ាល់ទំនិញកំពុងចង់ពង្រីក ឥទ្ធិពល យកកោះមីនដាណាវមកធ្វើជា ទឹកដីកាលីហ្វានៅអាស៊ី៕ ម៉ែវ សាធី