ខ្សែប្រយុទ្ធអន្តរជាតិបារាំង Dimitri Payetបានចាកចេញពីក្លិបWest Hamនៅអង់គ្លេស ទៅកាន់ក្លិបចាស់របស់ខ្លួនMarseilleវិញក្នុងតម្លៃ២៥លានផោន ប៉ុន្តែការផ្ទេរនេះពោរពេញទៅដោយ រឿងចម្រូងចម្រាស់។
ដោយសារតែចង់ផ្លាស់ចេញពេកធ្វើឲ្យកីឡាករវ័យ២៩ឆ្នាំរូបនេះ មិនព្រមលេងបាល់ទាត់ឲ្យ West Ham សោះក្នុងរយៈពេល១ខែចុងក្រោយ ។ លោកDavid Sullivanប្រធានក្លិបញញួរធំ West Hamបានថ្លែងថា “គាត់មិនបាននិយាយរកនរណាម្នាក់នៅក្នុងក្រុមនោះទេ។ គាត់អង្គុយនៅតែឯង ហើយទង្វើមិនសមរមផ្សេងទៀតក៏បានប្រព្រឹត្តនាំឲ្យកីឡាករដទៃចង់ឲ្យគាត់ចាកចេញ” ។
នៅពេលជាមួយនឹងរឿងចម្រូងចម្រាស់នេះ ក្លិប West Ham United បានបើកផ្លូវឲ្យអ្នកគាំទ្រយកអាវដែលមានឈ្មោះកីឡាករ Dimitri Payet ទៅដូរយកលុយវិញ បើសិនជាពួកគេមានបំណងចង់ដូរ។
ក្រុម West Ham បានទិញ Dimitri Payet ពី Marseilleក្នុងតម្លៃ១០,៧លានផោនកាលពីឆ្នាំ២០១៦ ហើយរូបគេបានចុះកុងត្រាបន្តលេងរយៈពេល៥ឆ្នាំកន្លះកាលពីខែកុម្ភៈ ឆ្នាំ២០១៦។ អ្នកគាំទ្រក្លិបបានចំណាយលុយទិញអាវមានឈ្មោះ និងលេខ Payet ក្នុងតម្លៃ៦០ផោន ក្រោយពេលកីឡាកររូបនោះបន្តកុងត្រាថ្មីដល់ឆ្នាំ២០២១។
បន្ទាប់ពីរូបគេចាកចេញទៅ Marseille ប្រធានក្លិប West Ham បានសម្រេចចិត្តឲ្យមានការដូរអាវយកលុយ ដើម្បីជាការលួងចិត្តដល់អ្នកគាំទ្រ ៕ ដេវីត