កីឡាករ Emmanuel Adebayor បានសម្រេចចិត្តទៅលេងឲ្យក្រុម Istanbul Basaksehirនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសទួរគីដោយចុះកុងត្រារយៈពេល១៨ខែ។
អតីតខ្សែប្រយុទ្ធរបស់ក្លិប Arsenal, Manchester City និង Tottenham វ័យ៣២ឆ្នាំរូបនេះពុំមានក្លិបលេង ឡើយចាប់តាំងពីចាកចេញពីក្រុម Crystal Palaceក្រោយចប់រដូវកាលចាស់។ គាត់ក៏បានចូលរួមក្រុមជម្រើសជាតិទូហ្គោ ក្នុងកម្មវិធីពានរង្វាន់ទ្វីបអាហ្រ្វិកផងដែរ ប៉ុន្តែជម្រើសជាតិ ទូហ្គោបានធ្លាក់ក្នុងវគ្គចែកពូលដោយឈរបាតតារាង ។
បច្ចុប្បន្នក្រុម Istanbul Basaksehir កំពុងតែឈរលំដាប់លេខ២នៅក្របខ័ណ្ឌទួរគី Super Lig។ លោក Mustafa Erogutប្រធានក្លិបបាននិយាយពីការទិញ Adebayorថា “គាត់គឺជាកីឡាករមួយរូបក្នុង ចំណោមកីឡាករជាច្រើនដែលយើងចង់ទិញ។ យើងបានទាក់ទងទៅគាត់ហើយគាត់ក៏បានចាប់អារម្មណ៍ចំពោះគំរោងរបស់ក្លិបនិងទស្សនវិស័យរបស់ ប្រធានក្លិបផងដែរដែលធ្វើឲ្យគាត់យល់ព្រមចុះកុងត្រា” ៕ ដេវីត