នៅពេលនេះបណ្តារដ្ឋនៅអាមេរិកបានប្រើប្រាស់ទៅតាមប្រព័ន្ធផ្លូវច្បាប់ប្រឆាំង នឹងច្បាប់ហាមចូលទឹកដីអាមេរិកពីពលរដ្ឋនៅក្នុងប្រទេសអ៊ិស្លាមចំនួន៧។ កាលពី ថ្ងៃទី៣១ ខែមករា រដ្ឋចំនួន៣និងទីក្រុង១បានចាប់ផ្តើមប្តឹងម្ចាស់សេតវិមានថ្មី។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋ Massachusetts, New York និង Virginia ជា៣រដ្ឋថ្មីបំផុតចូលរួមទៅតាមផ្លូវច្បាប់ ប្រឆាំងនឹងការហាមប្រាមជនភៀសខ្លួន ចូលក្នុងទឹកដីអាមេរិកដែលលោក ត្រាំ បាន អនុម័តកាលពីថ្ងៃទី២៧ ខែមករា ដោយ មានគោលដៅទប់ស្កាត់ការវាយប្រហារក្រុម ភេរវកម្ម។
មន្ត្រីរដ្ឋ Massachusette បានលើកឡើង ថា ច្បាប់ហាមពលរដ្ឋ៧ប្រទេសចូលក្នុង ទឹកដីអាមេរិកគឺផ្ទុយពីច្បាប់ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញអាមេរិកក្នុងនោះមានហាមប្រាមសកម្មភាពប្រកាន់សាសនាជាតិ សាសន៍។
លោក Maura Healey មន្ត្រីជាន់ខ្ពស់រដ្ឋ Massachusetts បានបញ្ជាក់ថា «ច្បាប់ហាម ប្រាមគឺជាសកម្មភាពប្រកាន់ជាតិសាសន៍សាសនា ក៏ដូចទីកន្លែងកំណើតរបស់ពួក គេ»។
ក្រៅពីរដ្ឋម៉ាស្សាជូសេតនៅមានមន្ត្រី រដ្ឋញូវយ៉កនិងវើជីនៀក៏បានលើកឡើង ផងដែរថា នឹងប្តឹងឡើងទៅកាន់តុលាការដើម្បីប្រឆាំងនឹងលោក ត្រាំ ។ ជាមួយគ្នានោះពលរដ្ឋបរទេសដែលរស់នៅអាមេរិកក៏បានដាក់លិខិតប្តឹងលោកត្រាំផងដែរ។ ជាក់ស្តែងនិស្សិតស្រីជនជាតិលីប៊ីម្នាក់បាន ដាក់លិខិតប្តឹងលោក ត្រាំ ។ ក្រៅពីនេះនៅមានជនជាតិអីុរ៉ង់ក៏បានដាក់ពាក់បណ្តឹងប្តឹង ផងដែរ។
ក្រៅពីនេះទីក្រុងសានប្រាំងស៊ីស្កូកា្លយជាទីក្រុងដំបូងគេបង្អស់ដែលបានដាក់ពាក្យ បណ្តឹងប្តឹងលោក ត្រាំ ពីសកម្មភាពដែល បានចាត់ទុកថា ជាការផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ។
ក្រៅពីនេះនៅមានបាតុកម្មជាច្រើន កើតឡើងនៅអាមេរិកនិងនៅជុំវិញពិភពលោកដ៏ដូចជាធ្វើឲ្យច្របូកច្របល់នៃកាលវិភាគហោះហើររបស់ក្រុមហ៊ុនជាច្រើននៅលើពិភពលោកទៅកាន់អាមេរិក។
ចំពោះលោក ត្រាំ វិញបានបញ្ជាក់ថា ច្បាប់ខាងលើគឺដើម្បីតែសុវត្ថិភាពអាមេរិក តែប៉ុណ្ណោះ មិនមានជាការប្រកាន់ពូជ សាសន៍សាសនានោះឡើយ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ មន្ត្រីការបរទេសអាមេរិក៩០០នាក់បង្ហាញការខឹងសម្បាជាមួយនឹងគោលនយោបាយរបស់លោក ត្រាំ ។ កាល ពីថ្ងៃទី៣១ ខែមករា មន្ត្រីបុគ្គលិកការបរ ទេសអាមេរិកប្រមាណ៩០០នាក់ បានចុះ ហត្ថលេខាប្រឆាំងនឹងច្បាប់ហាមចូលទឹកដីអាមេរិកពីពលរដ្ឋអ៊ិស្លាម៧ប្រទេស។ ទាំងនោះជាសកម្មភាព «ចលាចល» ប្រឆាំង លោក ត្រាំ ។
ជាមួយនឹងការប្រឆាំងយ៉ាងច្រើនពី មន្ត្រីការបរទេសអាមេរិកប្រចាំនៅគ្រប់ ទិសទីជុំវិញពិភពលោកកាន់តែធ្វើឲ្យរដ្ឋា ភិបាលរបស់លោក ដូណាល់ ត្រាំ ជួបផល លំបាក ជួបវិបត្តិកាន់តែខ្លាំងឡើង។
ពលរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក ក្នុងនោះមានអង្គការទទួលបន្ទុកជនភៀសខ្លួនបង្ហាញការមិនពេញចិត្តទៅនឹងអ្វីដែល លោកត្រាំកំពុងតែធ្វើ។ អ្នកខ្លះថ្កោលទោស ថាគឺជាការសម្រេចដោយគ្មានហេតុផល និងគ្មានមេត្តាធម៌ និងជាពិសេសគឺធ្វើឲ្យ អាប់ឱនកិត្តិយសរបស់សហរដ្ឋអាមេរិក។ ដោយឡែកឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងអង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (IMO) បានអំពាវនាវឲ្យលោកដូណាល់ ត្រាំ បន្តអនុវត្តកម្មវិធីទទួលជនភៀសខ្លួនដោយ សង្រ្គាមតទៅទៀត។
ឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន និងអង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍បានចេញសេច ក្តីប្រកាសរួមគ្នាសំណូមពរដល់រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ឲ្យបន្តអនុវត្តកម្ម វិធីទទួលជនភៀសខ្លួនតទៅទៀតកុំផ្អាក ឲ្យសោះ។
ការអំពាវនាវនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រធានាធិបតី ថ្មីសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើក្រឹត្យច្បាប់ដើម្បីផ្អាករយៈពេល៣ខែមិនផ្តល់ ទិដ្ឋាការដល់ប្រជាជនដែលមកពីប្រទេស អ៊ិស្លាមចំនួន៧។ ប្រទេសទាំងនោះមាន ស៊ីរី អុីរ៉ាក់ អុីរ៉ង់ យេមែន លីប៊ី ស៊ូដង់ និង សូម៉ាលី។ មិនត្រឹមតែប៉ុណ្ណោះលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យផ្អាក៤ខែនូវកម្ម វិធីទទួលជនភៀសខ្លួនដែលរត់គេចពី សង្រ្គាមមិនថាមកពីប្រទេសណាក៏ដោយ។
អង្គការទទួលបន្ទុកជួយជនភៀសខ្លួនទាំង២ខាងលើបានលើកឡើងថា បច្ចុប្បន្ន នេះចំនួនជនភៀសខ្លួនបានកើនឡើងយ៉ាង ខ្លាំងដោយសារតែស្ថានភាពសង្រ្គាមនៅអាហ្វ្រិក និងតំបន់ដើមបូព៌ា។ កម្មវិធីជួយ ទទួលយកជនភៀសខ្លួនទៅស្នាក់នៅរបស់ រដ្ឋាភិបាលអាមេរិកកន្លងមកគឺបានជួយ សម្រាលច្រើនណាស់។ មានប្រទេស៦ដែល ចូលរួមអនុវត្តកម្មវិធីនេះដោយមានការ សហការជាមួយនឹងអង្គការទាំងពីរខាងលើក្នុងការរៀបចំឯកសារសម្របសម្រួលដល់ជនភៀសខ្លួន។
លោកលើកឡើងថា ជនភៀសខ្លួន ដែលគេទទួលឲ្យមករស់នៅសហរដ្ឋអាមេរិកគឺត្រូវបានគេពិនិត្យតាមដានមាននីតិវិធីយ៉ាងតឹងតែងដែលលោកដូណាល់ ត្រាំ មិនទាំងដឹងថានីតិវិធីនេះមានអ្វីខ្លះផង។ ផ្ទុយទៅវិញការផ្អាកឈប់ទទួលជនភៀស ខ្លួនគឺជាការបំបាក់មុខសហរដ្ឋអាមេរិក ចំពោះមុខប្រទេសជាមិត្តផ្សេងទៀត និង ជាពិសេសគឺបំភ្លេចអតីតកាលខ្លួនឯងរបស់ សហរដ្ឋអាមេរិកដែលជាដែនដីធ្លាប់តែទទួល ជនភៀសខ្លួន និងអ្នកដែលត្រូវការជំនួយ៕ ម៉ែវ សាធី