ករណីសុំទិដ្ឋាការចូលអាមេរិក អ្នកទាំងនោះនឹងត្រូវផ្តល់ឲ្យមន្ត្រីស្ថានទូតអាមេរិកនូវលេខកូដបណ្តាញទំនាក់ទំនងសង្គម របស់ខ្លួន ដើម្បីតាមដានរាល់សកម្មភាព ទាក់ទងដើម្បីសុវត្ថិភាព និងសន្តិសុខ របស់អាមេរិក។
ព័ត៌មានខាងលើគឺជាគម្រោងថ្មីបំផុត របស់អាមេរិកដើម្បីទប់ស្កាត់ក្រុមភេរវកម្មចូលក្នុងប្រទេសអាមេរិក។ មានប្រសាសន៍នៅក្នុងគណៈកម្មាធិការសន្តិសុខជាតិ កាលពីថ្ងៃទី៨ ខែកុម្ភៈ រដ្ឋមន្ត្រីសន្តិសុខ អាមេរិកលោក John Kelly បានបញ្ជាក់ថា នេះជាវិធីសាស្ត្រ ដើម្បីត្រួតពិនិត្យប្រវត្តិរូប និងទំនាក់ទំនងរបស់បុគ្គលដែលសុំទិដ្ឋាការចូលអាមេរិក។ ការត្រួតពិនិត្យខាងលើធ្វើឡើងនៅលើប្រទេសចំនួន៧ ដែល កន្លងមកលោក ត្រាំ បានហាមប្រាមចូល អាមេរិកនោះ។
លោក Kelly បញ្ជាក់ទៀតថា ការត្រួតពិនិត្យព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋក្នុងប្រទេសទាំង៧ខាងលើ គឺជារឿងដ៏លំបាក ប៉ុន្តែដើម្បីសុវត្ថិភាពចាំបាច់ត្រូវតែអនុវត្តបែបនេះ។
សកម្មភាពខាងលើរបស់រដ្ឋាភិបាល អាមេរិកកើតឡើងក្រោយពេលដែលតុលាការអាមេរិកបង្កកច្បាប់ហាមចូលទឹកដី អាមេរិកមកពី៧ប្រទេសដូចជា ប្រទេស អុីរ៉ង់, ប្រទេសអុីរ៉ាក់, ប្រទេសលីប៊ី, ប្រទេស សូម៉ាលី, ប្រទេសស៊ូដង់, ប្រទេសសីរុី និង ប្រទេសយេមែន៕ ម៉ែវ សាធី