ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ចិន៦រូបរងការដាក់ទណ្ឌកម្ម និងផាកពិន័យដោយសារតែដេកពេលប្រជុំ

ចែករំលែក៖

 
ប្រព័ន្ធផ្សព្វផ្សាយរបស់ចិននៅថ្ងៃទី១០ ខែតុលា បានផ្សាយថា មន្ត្រីជាន់ខ្ពស់នៅក្នុងខេត្ត Hubeiប្រទេសចិន ៦រូបរងការដាក់ទណ្ឌកម្មផាកពិន័យ ដោយដេកលក់ពេលកំពុងប្រជុំ ។

ការដាក់ទណ្ឌកម្មខាងលើ កើតឡើងក្នុងពេលដែលរូបភាពដេក ត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមធ្វើឲ្យ មុខមាត់ខេត្តត្រូវអាប់យស់ដោយសារតែមានមន្ត្រីខ្ជិលនឹងការងារ ។

ក្នុងរយៈពេលពីរថ្ងៃកន្លងមក រូបភាពមន្ត្រីដេកងក់ ត្រូវបានផ្សព្វផ្សាយនៅលើកាសែតចិនជាច្រើន និងនៅតាមបណ្តាញសង្គម ក្នុងពេលដែលប្រធានាធិបតីចិន លោកស៊ី ជីនពីង កំពុងតែអនុវត្តគោលនយោបាយកម្ចាត់មន្ត្រីពុករលួយ មន្ត្រីខ្ជិលនឹងការងារ មិនបម្រើពលរដ្ឋ អស់ពីលទ្ធភាព ។

គណៈកម្មាធិការ ត្រួតពិនិត្យ និងដាក់ទណ្ឌកម្ម របស់បក្សកុម្មុយនិស្តចិន នៅខេត្ត Hubei បានបញ្ជាក់ថា មន្ត្រីដែលដេកងក់ពេលកំពុងប្រជុំនោះ នឹងត្រូវទទួលទណ្ឌកម្ម ពិន័យ និងសុំទោសចំពោះមុខមហាជន ។

នេះជាទណ្ឌកម្មស្រាលសម្រាប់មន្ត្រីជាន់ខ្ពស់ដេកពេលប្រជុំនៅចិន ។ ចំណែកនៅកូរ៉េខាងជើងវិញ មន្ត្រីដេកពេលកំពុងប្រជុំត្រូវកាត់ទោសប្រហារជីវិត ដោយសារតែសកម្មភាពមិនគោរពមេដឹកនាំ ។

កាលពីឆ្នាំ២០១៦ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានកាត់ទោសប្រហារជីវិតមន្ត្រីជាន់ខ្ពស់ពីររូប ដោយប្រហារជីវិតនឹងកាំភ្លើងធំ ដោយចោទប្រកាន់មិនគោរពថ្នាក់ដឹកនាំ មានសកម្មភាពមើលងាយ ពេលមេដឹកនាំកំពុងនិយាយ តែខ្លួនមិនគិតស្តាប់ បែរជាដេកទៅវិញ។ មន្ត្រីដែលបានប្រហារជីវិតនោះមាន ឈ្មោះ Ri Yong Jin ជាមន្ត្រីមកពីក្រសួងអបរំត្រូវបាញ់សម្លាប់ពីបទដេកងក់ នៅក្នុងកិច្ចប្រជុំ ដែលមានមេដឹកនាំគីម ជុងអ៊ុនចូលរួម ។ ក្រោយពេលដេកងក់កំពុងប្រជុំមន្ត្រីរូបនេះ ក៏ត្រូវបានចាប់ខ្លួនភ្លាមៗសួរចម្លើយ ដោយរកឃើញថា លោកខ្វះភាពស្មោះត្រង់នឹងមេដឹកនាំគីម ជុងអ៊ុន។

ក្នុងមួយករណីទៀត លោក Hwang Min មន្ត្រីក្រសួងកសិកម្ម ក៏ត្រូវប្រហារជីវិត ក្រោយពេលលើកសំណើ បង្កើនគុណភាព នៃការផលិត ។ សំណើទាំងនោះគឺផ្ទុយពីគោលនយោបាយរបស់លោកគីម ជុងអ៊ុន ៕ ម៉ែវ សាធី

bew bew (1)


ចែករំលែក៖