ក្រោយពេលចាញ់ក្តីនៅតុលាការស្តីពីការហាមប្រាមជនភៀសខ្លួន នៅពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឡើងគម្រោង ចេញច្បាប់ហាមប្រាមជនអន្តោប្រវេសន៍ជាថ្មីម្តងទៀតនៅពេលដ៏ខ្លីខាងមុខ ។
កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា លោកនឹងចេញច្បាប់ហាមជនអន្តោប្រវេសន៍ចូលអាមេរិកជាថ្មី ក្រោយពេលច្បាប់ហាមប្រាមជនជាតិអិស្លាមមកពី៧ប្រទេសចូលទឹកដីអាមេរិក ត្រូវបានតុលាការច្រាលចោល ។
ប្រធានាធិបតីត្រាំ បានបញ្ជាក់នៅពេលឡើងយន្តហោះជាមួយនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូ អាបេ ទៅលម្ហែកាយថា «យើងនឹងឈ្នះនៅក្នុងសង្គ្រាមលើកនេះ យើងនឹងមានជម្រើសជាច្រើន ក្នុងនោះយើងអាចអនុម័តច្បាប់ថ្មីមួយទៀត ហាមជនអន្តោប្រវេសន៍។ ច្បាប់ថ្មីនោះ អាចនឹងចេញជាផ្លូវការនៅដើមសប្តាហ៍ក្រោយ» ។
លោកត្រាំបានបញ្ជាក់ទៀតថា គោលដៅនៃការចេញច្បាប់ថ្មី គឺធានាដល់សន្តិសុខជូនពលរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ ច្បាប់ថ្មី រួមមានវិធានការត្រួតពិនិត្យយ៉ាងតឹងតែងសម្រាប់ពលរដ្ឋចូលទៅទឹកដីអាមេរិក ។
ច្បាប់ហាមជនភៀសខ្លួនរបស់លោកដូណាល់ ត្រាំ រងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងអង្គការអន្តរជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងជនភៀសខ្លួន។ កន្លងមក តារាហូលីវូដដ៏ល្បីល្បាញ នាង អែនជូលីណា ជូលី ក៏បានប្រឆាំងនឹងច្បាប់ហាមប្រាមជនអន្តោប្រវេសន៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ដោយចាត់ទុកថា ច្បាប់នោះនឹងបង្កឲ្យមានការប្រកាន់ពូជសាសន៍ សាសនា ហើយធ្វើឲ្យក្រុមអ្នកកាន់សាសនាអិស្លាមស្អប់អាមេរិកច្រើនឡើង ៕ ម៉ែវ សាធី