ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី១០ ខែកុម្ភៈ បានប្រកាសថា សម្ព័ន្ធមិត្តយោធាអាមេរិក ជប៉ុនគឺជាសរសនៃសន្តិសុខ ស្ថិរភាពនៅក្នុងតំបន់ ។
នៅក្នុងតំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីអាមេរិកបានបង្ហាញភាពស្និទ្ធស្នាល ចាប់ដៃគ្នា មុនពេលអង្គុយពិភាក្សា។
នៅក្នុងសន្និសីទកាសែតរួម ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ មិនបានលើកឡើងពីគោលនយោបាយពេលឃោសនាបោះឆ្នោតនោះឡើយ ដោយពេលនោះលោកត្រាំ បានចោទប្រកាន់ជប៉ុនថា កេងបន្លំជំនួយរបស់អាមេរិក និង ប្លន់យកការងារបស់ពលរដ្ឋអាមេរិកទៀតផង ។
ប្រធានាធិបតីដូណាល់ ត្រាំបានបញ្ជាក់ថា «ខ្ញុំសូមសន្យាការពារសន្តិសុខដល់ជប៉ុន និងនៅតំបន់ទាំងមូល ក៏ដូចជាបង្កើនឲ្យកាន់តែជិតស្និទ្ធនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ»។ នៅក្នុងសេចក្តីប្រកាសរួម គឺអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ពីការសន្យាការពារសម្ពន្ធមិត្តជប៉ុន គេចផុតពីការគំរាមកំហែងរបស់សត្រូវ។
នេះជាជោគជ័យរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន លើកនេះ ដោយប្រទេសទាំងពីរបានបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក។ ជាមួយគ្នានោះ ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថាសម្ពន្ធមិត្តអាមេរិក ជប៉ុនមិនមានការប្រែប្រួលឡើយ។
នៅក្នុងសេចក្តីប្រកាសរួម មេដឹកនាំប្រទេសទាំងពីរបានបញ្ជាក់ពីមាត្រាទី៥ នៃសន្ធិសញ្ញាការពារសន្តិសុខរួម ក្នុងនោះមានប្រជុំកោះសែនកាគូ ដែលជប៉ុនកំពុងតែគ្រប់គ្រង ប៉ុន្តែភាគីចិន ក៏បានប្រកាសថា កោះនោះគឺជារបស់ខ្លួនផងដែរ ។ វិវាទប្រជុំកោះសែនកាគូ បានធ្វើឲ្យជប៉ុន និងចិនប្រឈមមុខដាក់គ្នានាពេលកន្លងមក។
ក្រោយជំនួបពិភាក្សានៅសេតវិមាន មេដឹកនាំប្រទេសទាំងពីរ នឹងធ្វើដំណើរទៅកាន់ទីក្រុង Florida លម្ហែកាយចុងសប្តាហ៍ ក្នុងតំបន់ Mar A Lago ផងដែរ ៕ ម៉ែវ សាធី