ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគ្រប់គ្រងផ្សារពួកយកដីចំណតផ្ញើម៉ូតូ កង់ធ្វើតូបលក់ក្នុងតម្លៃ១តូប៥០០០ដុល្លារ?

ចែករំលែក៖

ខេត្តសៀមរាប៖ អាជីវករបានរិះគន់ថា ការយកថ្លៃកន្លែងលក់ដូរពីអាជីវកនៅផ្សារពួក ដែលបានយកផ្លូវសាធារណៈអោយអាជីករលក់ដូរ ត្រី សាច់ បន្លែ បង្ការ ជាច្រើននាក់ ជាឱកាសក្នុងការរកចំណូលបន្ថែម របស់អ្នកទទួលបន្ទុកផ្សារពួកដែលបានបញ្ជាឲ្យកូនចៅរបស់ខ្លួនយកលុយក្នុង១ ចានដែកលក់ត្រី២០០០រៀល ១កញ្ចែងបន្លែ២០០០រៀល ឬ៣កញ្ច្រែង៥០០០រៀល នេះគឺកំពុងតែឆ្លុះបញ្ចាំងពីអំពើពុករលួយ គាបសង្កត់ប្រជាពលរដ្ន ផ្គើនទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានប្រកាសលុបចោលការមិនយកភាស៊ីទាំងនេះ មានទីតាំងនៅក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប។

អាជីវករជាច្រើនឆ្លើយក្នុងកិច្ចសម្ភាសសុំមិនឲ្យបញ្ចេញឈ្មោះបាននិយាយថា គេមានកន្លែងឲ្យលក់បន្លែ បង្ការនៅខាងក្នុង តែបើលក់នៅខាងក្នុងគឺយើង លក់មិនដាច់ទេ ទើបចេះតែនាំគ្នាមកលក់នៅខាងក្រៅលើផ្លូវសាធារណៈ តែត្រូវបានគេគំរាមមិនអោយនិយាយការពិតជុំវិញការទារភាស៊ី និងថ្លៃកន្លែងលក់ដូរនេះឡើយ បើហ៊ាននិយាយ គេនឹងបញ្ឈប់មិនអោយលក់តទៅទៀត ។ ជាការពិតហើយ ការបង់លុយកន្លែងប្រចាំថ្ងៃ និងប្រចាំខែមានតម្លៃខ្ពស់ពេក ធ្វើឲ្យពួកគាត់មានការលំបាកយ៉ាងខ្លាំងនៅក្នុងជីវភាពប្រចាំថ្ងៃ ។ កាលពីឆ្នាំ២០១៤ និង២០១៥ បន្លែមួយកញ្ច្រែងគេយកថ្លៃតែ៥០០រៀលប៉ុណ្ណោះ តែក្នុងឆ្នាំ២០១៧នេះ ត្រូវបង់ភាស៊ី រួមនឹងថ្លៃកន្លែងលក់ចាប់ពី២០០០រៀល មួយកញ្ច្រែង ឬមួយចានដែកលក់ត្រី ២០០០រៀលទៅ៥០០០រៀល ចាប់ពីបីកញ្ច្រែងឡើងទៅ រាល់ការបង់ថ្លៃភាស៊ីម្តងៗ មិនបានចេញក្រដាសជាសម្គាល់អ្វីឡើយ អ្នកដើរទារភាស៊ីទារលុយតាមអំពើចិត្ត ។ ម្យ៉ាងទៀតការយកផ្លូវសាធារណៈធ្វើកន្លែងលក់ដូរត្រីសាច់បន្លែ បង្ការ ធ្វើអោយស្ទះមុខតូបអ្នកដទៃស្ទើរតែគ្មានផ្លូវចេញចូល ។ យើងខ្ញុំសំណូមពរអោយអាជ្ញាធរស្រុក និងអ្នកទទួលបន្ទុកផ្សារពួកមេត្ដារកកន្លែងដាក់ចំណតផ្ញើកង់ និងម៉ូតូ អោយបានត្រឹមត្រូវនិងរៀបចំអោយអាជីវករដែលលក់បន្លែ ត្រីសាច់ ទៅខាងក្នុងវិញ ព្រមទាំងយកថ្លៃកន្លែងលក់អោយសមរម្យឡើងវិញ ។

ក្នុងកិច្ចសម្ភាសជាមួយ លោក ម៉ៅ វិសុទ្ធ អភិបាលស្រុកពួក ជុំវិញការយកដី ចំណតផ្ញើ កង់ និងម៉ូតូ ធ្វើតូបលក់អោយអាជីវករ ក្នុងតំលៃ ៥០០០ដុល្លារ ហើយយកចំណតផ្ញើកង់ និងម៉ូតូ មកដាក់លើផ្លូវសាធារណៈ លោកបានឆ្លើយថា លោកទទួលស្គាល់ថា មានកំហុស លោកក៏ធ្លាប់បានហៅលោក សន់ នី អ្នកទទួសបន្ទុកផ្សារនេះមកណែនាំជាច្រើនដងហើយ តែនៅមិនទាន់រៀបចាំបានទៀត ហើយលោកក៏មិនគាំទ្ររាល់ទង្វើខុសឆ្គងទាំងឡាយជុំវិញការទារថ្លៃ និងអ្វីគ្រប់យ៉ាង ផ្ទុយទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលនោះដែរ។

លោក ហ៊ុប ថៃ ម្ចាស់វិនិយោគផ្សារទាំង៣មានផ្សារលើ ផ្សារក្រោម ផ្សារពួកបានឆ្លើយបដិសេធរឿងធ្វើតូបលក់ និងបានរៀបរាប់ថា បានប្រគល់អោយ លោក សន់ នី មើលការខុសត្រូវផ្សារពួកនេះ ក្នុងគោលការរបស់ខ្ញុំ អោយយកតែ ២០០រៀល ទៅ៣០០រៀល ក្នុង១កញ្ច្រែង ឬចានដែក តាមតិចច្រើនសំរាប់បង់អោយអ្នកដឹកជញ្ជូនសំរាម តែប៉ុណ្ណោះ មិនបានអោយយករហូតដល់២០០០រៀលទៅ៣០០០រៀលនោះទេ អ្នកដែលយកលើសនោះ គឺត្រូវទទួលខុសត្រូវដោយខ្លួនឯង ម្យ៉ាងទៀត អ្នកដែលធ្វើផ្សារលក់តូបនោះគឺក្រុមហ៊ុន តូច សុធី តែពុំដឹងតំលៃប៉ុន្នាននោះទេ ។

លោក សន់ នី អ្នកទទួលបន្ទុកមើលការខុសត្រូវលើផ្សារពួក មិនបានឆ្លើយតបជុំវិញ ការរិះគន់ពីសំណាក់អាជីវករនោះទេ មិនដឹងថា លោកមិនហ៊ានបកស្រាយ ឬមានចេតនាគេចវេះទទួលស្គាល់ទង្វើររបស់ខ្លួន ដែលបញ្ជាអោយកូនចៅដើរយកលុយតាមកញ្ច្រែង តាមចាន់ដែក ខុសពីសៀវភៅបន្ទុក និងផ្គើនទៅនឹងប្រសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលនោះ បើទោះបីយើងព្យាយាម ទំនាក់ទំនងតាមទូស័ព្ទជាច្រើនដង ក៏ដោយ ក៏មិនលើកទូស័ព្ទដែរ ៕ ប៊ុន រិទ្ធី

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8) ae (9) ae (10) ae (11)


ចែករំលែក៖