ព័ត៌មានទាន់ហេតុការណ៍៖

មិនរំពឹងថា ក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ២១បេ ធ្វើជាប់បានយូរទេ ខណៈកំពុងធ្វើផ្លូវ ខូចបណ្តើរៗទៅហើយ

ចែករំលែក៖

ខេត្តកណ្តាល: អ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ២១បេ បានលើកឡើងចំៗថា ក្រុមហ៊ុនលោក អ៊ុត ធី កំពុង ស្ថាបនាផ្លូវជាតិនេះពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ ច្រកព្រំដែនជ្រៃធំ ក្នុងខេត្តកណ្តាល ធ្វើបណ្តើរជួសជុលបណ្តើរ ទើបពួកគាត់មិនរំពឹងថា ក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ២១បេ ធ្វើជាប់បានយូរនោះទេ។

ក្រុមហ៊ុនលោក អ៊ុត ធី មៅ៉ការ បន្តពីក្រុមហ៊ុន Hanshin Engineering and Construction ហើយកន្លងមក លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទាមទារឲ្យក្រុមហ៊ុន Dansan និងក្រុមហ៊ុនសំណង់ ដែលបានរំលោភកិច្ចសន្យានោះ ទទួលខុសត្រូវចំពោះបញ្ហាទាំងនេះ និងវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយថា តើការសាងសង់សម្រេចបានតាមស្តង់ដារ តាមកិច្ចសន្យាដែរឬទេ?

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអះអាងថា សកម្មភាព សាងសង់ផ្លូវលេខ២១បេនេះ សាងសង់មិនត្រឹមត្រូវតាមបច្ចេកទេស ហើយការដាក់ស្លាកសញ្ញាប្រាប់ដំណឹង និងបញ្ចៀសគ្រោះថ្នាក់នៅតាមការដ្ឋាននីមួយៗ មិនបានត្រឹមត្រូវថែមទៀត ពោលគឺដាក់កៀកទៅនឹងកន្លែងការដ្ឋាន ហើយមានលក្ខណៈតូច ដែលពិបាកមើលនៅពេលយប់ងងឹត។

ការដាក់ស្លាកសញ្ញាប្រាប់ដំណឹង និងបញ្ចៀសគ្រោះថ្នាក់មិនបានត្រឹមត្រូវនេះ បានធ្វើអ្នកដំណើរមួយចំនួនបានជួបគ្រោះថ្នាក់រហូតស្លាប់ ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ២១បេ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០១៦។ ផ្លូវនេះ មានប្រវែង៦៣,៦គីឡូម៉ែត្រ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានថវិកាសរុប ៦១,៦លានដុល្លារ ក្នុងនោះថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤លានដុល្លារ និងថវិកាបដិភាគ ៩,០៦លានដុល្លារ ។

ក្រោយពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កោះហៅក្រុមហ៊ុនកូរ៉េខាងត្បូង Hansin និងក្រុមហ៊ុនអ៊ុតធី រួចមកគេសង្កេតឃើញផ្អាកដំណើរការមួយរយះ ទើបបានដំណើរការធ្វើផ្លូវម្តងទៀត មិនបានបុ៉ន្មានផង ក៏ស្រាប់តែមានស្នាមប្រេះ និងស្រុតទើបខាងក្រុមហ៊ុនធ្វើការកាត់ដើម្បីជួសជុលបណ្តើរ ធ្វើថ្មីបណ្តើរ(ផ្លូវធ្វើជាប់) ដូច្នេះហើយគួរណាតែលោក ស៊ុន ចាន់ថុល មេត្តាចុះពិនិត្យម្តងទៀត កុំអោយក្រុមហ៊ុនកេងចំណេញខ្លាំងពេក៕ ស្អាងជ័យ

IMG_9630 IMG_9632 IMG_9634 IMG_9635


ចែករំលែក៖