ព័ត៌មានទាន់ហេតុការណ៍៖

លោក ទេព រិទ្ធីវិទ្ធ ៖ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់អន្តរជាតិយុវជនអាយុក្រោម១៨ឆ្នាំឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រកាសក្នុងសន្និសីទសារព័ត៌មានថា កម្ពុជានឹងរៀបចំការប្រកួតកីឡាវាយកូនបាល់អន្តរជាតិ កម្រិតយុវជន អាយុក្រោម១៨ឆ្នាំ លើកទី២ ( ITF Second Junior 18 Ages ) កាលពីល្ងាចថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ។ នេះជាទិសដៅជំរុញការអភិវឌ្ឍ សមត្ថភាពកីឡាករ កីឡាការិនី ថ្នាលឲ្យទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗពីកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសផ្សេង ។

លោក អគ្គលេខាធិការបានបន្តទៀតថា ទិសដៅឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនៅសល់តែជាង៦ឆ្នាំប៉ុណ្ណោះ នឹងមកដល់ ដូច្នេះការផ្តល់បទពិសោធន៍ និងបច្ចេកទេស គឺជាកក្តាចាំបាច់ ដើម្បីពង្រឹងគុណភាព សមត្ថភាពកីឡាករ កីឡាការិនីថ្នាល ដើម្បីបង្កើនគុណផល ត្រៀមប្រកួតប្រជែងដណ្តើមយកមេដាយជូនជាតិ មាតុភូមិ ក្នុងនាមជាម្ចាស់ទឹកដី ។ តាមរយៈព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិ នឹងផ្តល់បទពិសោធន៍បន្ថែមទៀត ជួយជំរុញលើកកម្ពស់ស្មារតីកីឡាករ កីឡាការិនីកម្ពុជាឲ្យមានភាពរឹងមាំ មានន័យថា បន្សាំមិនឲ្យចាញ់ប្រៀបកីឡាករ កីឡាការិនី បរទេស ។

លោក អគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា យើងពិតជាចង់បានណាស់ ការទទួលបាននូវជោគជ័យ ប៉ុន្តែយើងក៏ដឹងពីកម្រិតបច្ចេកទេសកីឡាកររបស់យើងដែរ ដូច្នេះត្រូវខិតខំ អភិវឌ្ឍន៍ សមត្ថភាពពួកគាត់ចាប់ពីពេលនេះទៅ រហូតដល់ឆ្នាំ ២០២៣ នឹងមានធនធានគ្រប់គ្រាន់សម្រាប់ប្រជែងដណ្តើមយកមេដាយជាក់ជាពុំខានឡើយ ។ ចំពោះកម្មវិធីប្រកួតជម្រុះ សប្តាហ៍ទី១ នឹងចាប់ផ្តើមប្រកួតជម្រុះ ថ្ងៃទី១១ ខែកុម្ភៈ និងបញ្ចប់នៅថ្ងៃទី១៩ ខែកុម្ភៈ សប្តាហ៍ទី២ រួចចាប់ផ្តើម ប្រកួតជម្រុះ ថ្ងៃទី១៨ ខែកុម្ភៈ និងបញ្ចប់នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។

កីឡាករ កីឡាការិនី ដែលមកចូលរួមប្រកួតក្នុងរយៈពេល២សប្តាហ៍ខាងលើនេះ សរុបប្រហែល១៩ប្រទេស រួមមានដូចជា ចិនតៃប៉ិ, ហុងកុង, ជប៉ុន, ម៉ាឡេស៊ី, ប៉ាគីស្ថាន, ថៃ, ឥណ្ឌា, ប្រទេសហ្វីលីពីន, កូរ៉េ, ឥណ្ឌូនេស៊ី, អូស្ត្រាលី, សិង្ហបុរី, សហរដ្ឋអាមេរិក, វៀតណាម, ចក្រភពអង់គ្លេស, រុស្ស៊ី, វេណេហ្ស៊ុយអេឡា និងប្រទេសម៉ាកា។ ដោយឡែក កម្ពុជាបានដាក់កីឡាករ កីឡាការិនី៧រូប រួមមាន កីឡាករ ឈាង វណ្ណាសិទ្ធ, ទេព ទីម៉ូធី, ឃ្លាំង ពន្លក, សែន សូផុន, ឡេង សារិនរាជ្យ, កីឡាការិនី ហួរ ស្រីពៅ និងហូ ស្រីណុច។

ការប្រកួតនេះ ត្រូវបានចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុនរួមមាន ធនាគារ ABA , ខេមបូឌាន ខនទ្រីក្លិប (CCC), សណ្ឋាគារ ដារ៉ា អ៊ែរផត, សាលាអន្តរជាតិហ្សាម៉ាន់ (Zaman International School) និងឱសថស្ថានដឺឡាឃែរ (Pharmacie De La Care) ៕ សារីម

ae (4) ae ae (1) ae (2) ae (3)


ចែករំលែក៖