ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ពេលដំបូងឡើយ មានតែនៅបណ្តាប្រទេសលោកខាងលិច ប៉ុណ្ណោះ ប៉ុន្តែពេលនេះ បានរាលដាលនៅជុំវិញពិភពលោក ពិសេសគឺនៅតំបន់អាស៊ី និងអាស៊ានផងដែរ ។
ថ្ងៃបុណ្យនៃក្តីស្រឡាញ់កំពុងក្លាយទៅជាក្តីកង្វល់របស់រដ្ឋាភិបាលប្រទេសមួយចំនួន ដោយសារតែការយល់ឃើញរបស់យុវវ័យ និងឥទ្ធិពលនៃថ្ងៃបុណ្យ ធ្វើឲ្យខូចទំនៀបទំលាប់ប្រពៃណី សាសនា សង្គម និងវិប្បធម៌ ។
ថ្ងៃ Valentine’s day ១៤ ខែកុម្ភៈ គឺជាពេលវេលា ដែលយុវវ័យរង់ចាំពេញមួយឆ្នាំ ប៉ុន្តែយុវវ័យភាគច្រើន នៅក្នុងតំបន់អាស៊ី មិនដឹងច្បាស់ពីអត្ថន័យ នៃថ្ងៃមួយនេះ ហើយវាកើតចេញនៅពេលណា?
បច្ចុប្បន្នថ្ងៃបុណ្យនៃក្តីស្រឡាញ់មានដល់ទៅ៣ថ្ងៃ ក្នុង៣ខែ គឺថ្ងៃទី១៤ ខែកុម្ភៈ ថ្ងៃ Valentine «ក្រហម» , ថ្ងៃទី១៤ ខែមីនា ថ្ងៃValentine «ស» និងថ្ងៃទី១៤ ខែមេសា ថ្ងៃ Valentine«ខ្មៅ»។
ថ្ងៃ Valentine ១៤ ខែកុម្ភៈ «ក្រហម» ខែកុម្ភៈ ជាពេលវេលាដែលមនុស្សជាច្រើនរង់ចាំ គឺជាថ្ងៃនៃសេចក្តីស្រឡាញ់ ដែលមនុស្សជាច្រើនបានធ្វើឡើងតាមៗគ្នាបង្ហាញពីក្តីស្រឡាញ់ដល់មនុស្សម្នាក់ តែមិនដឹងពីការពិតខ្លឹមសារនៃថ្ងៃនេះឡើយ ។
រឿងរ៉ាវនៃថ្ងៃនេះ បានកើតឡើងបែបនេះ៖ ថ្ងៃមួយនៅ រ៉ូម៉ង មានស្តេចមួយអង្គ ដែលផ្តាច់ការ សហាវព្រៃផ្សៃ ដោយស្តេចអង្គនោះ ចាត់ទុកថា បុរសដែលមានគ្រួសារ នឹងក្លាយជាបុរសទន់ខ្សោយ មិនអាចក្លាយជាទាហានពូកែនៅលើសមរភូមិនោះឡើយ ។ ហេតុដូច្នេះ ស្តេចអង្គនោះ បានចេញបញ្ជា ហាមប្រាមរៀបការ ដើម្បីធានាពីគុណភាព នៃកម្លាំងទាហានប្រយុទ្ធរបស់ខ្លួន ។ នៅពេលនោះ បុរស ស្ត្រីចង់បានរស់នៅជាមួយគ្នា គឺមិនអាចធ្វើទៅរួចឡើយ ដោយមានជញ្ជាំងច្បាប់រារាំងធំពេក ។ ច្បាប់ហាមរៀបការបានធ្វើឲ្យបុរសស្ត្រី នៅរ៉ូម៉ង អស់សង្ឃឹមយ៉ាងខ្លាំង ប៉ុន្តែមិនហានប្រឆាំងនឹងច្បាប់នោះឡើយ ដោយខ្លាចត្រូវទោសប្រហារជីវិត។
នៅពេលនោះ អាចារ្យឈ្មោះ Valentine បានមើលឃើញពីភាពអយុត្តិធម៌ នៅក្នុងច្បាប់ហាមប្រាមនោះ ដោយ លោក Valentine បានមើលឃើញ ពីការឈឺចាប់របស់យុវវ័យ ដែលកំពុងតែពោរពេញដោយក្កីស្រឡាញ់ ចង់បង្កើតគ្រួសារដ៏កក់ក្តៅ តែមិនអាចធ្វើបាន ។ ហេតុដូច្នេះបានជា លោក Valentine បានឡើងគម្រោងសម្ងាត់ប្រឆាំងនឹងច្បាប់ហាមប្រាមខាងលើរបស់ស្តេច។
នៅពេលនោះ គូស្នេហ៍ណាដែលចង់រៀបការ គឺសុទ្ធតែបានទៅជួបលោកអាចារ្យ Valentine ដោយមានតែលោកប៉ុណ្ណោះ ជាអ្នករៀបចំពិធីរៀបការដោយសម្ងាត់ ។ ក្នុងរយៈពេលយ៉ាងយូរ ទើបដឹងដល់ស្តេច ថា គាត់បានរៀបការឲ្យយុវវ័យជាច្រើនគូ។
ប៉ុន្តែជាអកុសល នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២៧៣ ជាថ្ងៃដែលលោកអាចារ្យ Valentine ត្រូវស្តេចកាត់ទោសប្រហារជីវិត ហើយក៏ជាពេលវេលាដែល យុវវ័យបានរៀបការរស់នៅជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ បង្កើតគ្រួសារកូនចៅ ។ តាំងពីពេលនោះមក លោកអាចារ្យ Valentine ត្រូវបានគេចាត់ទុក ដូចជាព្រះនៃក្តីស្រឡាញ់របស់មនុស្សជាតិ ។
ថ្ងៃ Valentine «ស» គឺនៅថ្ងៃទី១៤ ខែមីនា
ថ្ងៃនេះ មិនសូវមានយុវវ័យទទួលយកច្រើនប៉ុន្មានឡើយ ដោយខ្លះមិនដឹងទៀតផង ។ ស្នេហា មានទំហំធំធេង ត្រូវការធ្វើឲ្យស្នេហា របស់ខ្លួនថ្មីជានិច្ច ដូច្នេះថ្ងៃ Valentine តែមួយថ្ងៃ មិនគ្រប់គ្រាន់នោះឡើយ ។ ហេតុដូច្នេះ នៅប្រទេសជប៉ុន ក៏បានលេចចេញនូវថ្ងៃ វ៉ាឡេនថាយ ថ្មីមួយទៀត ហើយត្រូវបានយុវវ័យជប៉ុនទទួលយកយ៉ាងឆាប់រហ័ស ។
ថ្ងៃ Valentine «ស» នៅជប៉ុន ជាថ្ងៃសម្រាប់បុរសវិញម្តង ដែលគេបានឲ្យឈ្មោះថា White Day សម្រាប់ស្ត្រីវិញម្តង។ នេះជាឱកាសសម្រាប់បុរសៗ ដែលអាចទទួលបានកាដូ បាច់ផ្កាពីស្ត្រីវិញ ។ ដោយសារតែនៅថ្ងៃ Valentine ១៤ ខែកុម្ភៈ គឺបុរសបានផ្តល់ក្តីស្រឡាញ់ទៅលើស្ត្រី ហើយថ្ងៃនេះ ស្ត្រីត្រូវបង្ហាញពីក្តីស្រឡាញ់ចំពោះបុរសម្តងវិញ ក្រោយរយៈពេលមួយខែ ដែលបុរសសុំក្តីស្រឡាញ់ពីស្ត្រីនោះ និងជាថ្ងៃដែលបុរសបង្ហាញពីភក្តីភាពចំពោះស្នេហា លើស្ត្រីដែលខ្លួនបានស្រឡាញ់ជូនបាច់ផ្កា នាថ្ងៃ ១៤ ខែកុម្ភៈ នោះ។ ថ្ងៃ Valentine «ស» បានកើតឡើង នៅឆ្នាំ១៩៦៥ នៅក្នុងប្រទេសជប៉ុន ដោយពេលនោះ បុរសលក់ស្ករគ្រាប់ ម្នាក់ជនជាតិជប៉ុន បាននឹកសង្សារដែលបែកទៅមួយខែពេញ ក៏បានធ្វើស្ករគ្រាប់ពណ៌ស យ៉ាងធំជូននាង ។
ជាច្រើនឆ្នាំកន្លងមកដល់សព្វថ្ងៃនេះ ត្រូវបានយុវជនជប៉ុនបានប្តូរទៅជា White Valentine ឬ White Day ។ នៅថ្ងៃនេះ គឺគ្មានអ្វីដែលមានអត្ថន័យជាងនេះឡើយ គឺ ក្រៅអំពី បង្ហាញពីក្តីស្រឡាញ់ បង្ហាញពីភាពស្មោះត្រង់ ក្រោយមួយខែ ដែលឈ្វេងយល់ចិត្តគ្នា ហើយនៅជប៉ុនថ្ងៃនេះ ច្រើនតែពេលវេលាសុំរៀបការនឹងគ្នា ។
ថ្ងៃ Valentine «ស» ជាថ្ងៃដែលស្ត្រីរង់ចាំបុរសដែលខ្លួនស្រឡាញ់ ផ្តល់ជូនកាដូជាថ្មីដើម្បីបង្ហាញពីស្នេហ៍ពិត ។ នៅថ្ងៃនេះ ក្នុងប្រទេសជប៉ុន បុរស ឬស្ត្រីដែលតែងជូនគ្នា ស្ករគ្រាប់ពណ៌ស ដើម្បីបង្ហាញពីស្នេហាស្មោះសនឹងគ្នា មិនងាករេ ហើយក៏ជាថ្ងៃដែលបុរសបញ្ជាក់ក្តីស្រឡាញ់ពិតប្រាកដ ។
ថ្ងៃ Valentine «ខ្មៅ» ១៤ ខែមេសា
គ្រាន់តឮស៊ូភ្លាម អ្នកប្រាកដជាកាត់ន័យយល់ថា ជាថ្ងៃទុក្ខសោក ជាថ្ងៃបុណ្យសព គ្រាន់តែឈ្មោះ ក៏មិនល្អទៅហើយ។
ជាការពិត ថ្ងៃ Valentine ខ្មៅ កើតចេញពីប្រទេសកូរ៉េខាងត្បូង សម្រាប់យុវវ័យ ដែលនៅលីវ មិនទាន់មានគូ។
នៅថ្ងៃនេះ ក្រុមបុរសស្ត្រីដែលនៅលីវ គ្មានគូ គឺបានប្រមូលផ្តុំគ្នា រៀបចំពិធីជប់លៀង ដែលគេចាត់ទុកថា លើកទឹកចិត្តខ្លួនឯង និងជាឱកាសសម្រាប់បុរសស្ត្រីនៅលីវអាចរកគ្នាឃើញ ។ នៅពេលនោះ ក្រុមអ្នកនៅលីវ នឹងនាំគ្នាទៅហូប Jajangmyun «មីឆា ដាកចានពណ៌ខ្មៅ»។
ទាំងនោះ ជាខ្លឹមសារមួយចំនួនៃថ្ងៃ Valentine ប៉ុន្តែ ថ្ងៃ១៤ មិនមានតែក្នុងខែកុម្ភៈនោះឡើយ គឺរាល់ថ្ងៃ១៤ ក្នុងខែនីមួយគឺមានថ្ងៃបុណ្យខុសគ្នា ដូចជា៖
ថ្ងៃ១៤ ខែមករា ជាថ្ងៃប្តូរសៀវភៅកំណត់ហេតុ ប្រចាំឆ្នាំ ដើម្បីឲ្យឆ្នាំថ្មីគឺមានអ្វីថ្មីៗជាងឆ្នាំចាស់ល្អជាងឆ្នាំចាស។
ថ្ងៃ ១៤ កុម្ភៈ , មីនា, មេសា ដូចបានរៀបរាប់ខាងលើ ។
ថ្ងៃ១៤ ឧសភា ជាថ្ងៃជូនផ្កាកូឡាបដល់មនុស្សដែលខ្លួនស្រឡាញ់បំផុត ។
ថ្ងៃ១៤ ខែមិថុនា ជាថ្ងៃ «ថើបគ្នា» អ្នកអាចថើបមនុស្សដែលខ្លួនស្រឡាញ់ ។
ដូច្នេះ ថ្ងៃ Valentine មិនមានតែថ្ងៃទី១៤ ខែកុម្ភៈទេ គឺជាពេលវេលាមួយយ៉ាងយូរសម្រាប់គូស្នេហ៍ ទាំងនោះហើយបានជាគេចាត់ទុក ថ្ងៃណា ក៏ជាថ្ងៃ Valentine ខែណា ក៏ជាខែ Valentine និងឆ្នាំណា ក៏ជាឆ្នាំ Valentine ។ ទាំងនោះហើយនឹងធ្វើឲ្យគូស្នេហ៍ប្តី ប្រពន្ធ ស្និទ្ធស្នាលល្អុកល្អើនជាមួយគ្នាជានិច្ច មិនបែកបាក់ ៕ ម៉ែវ សាធី