ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ឡុង សំណាង និង លាស់ យីន ឈរចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតកីឡារ២នាក់ បានឆ្លងផុតវគ្គចុងក្រោយ ដោយទៅឈរចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីវាយឈ្នះដៃគូរបស់ខ្លួន កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើសង្វៀន ទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺ កីឡាករ ឡុង សំណាង មកពីក្លិប ឡុងសាលវ័ន្តកីឡា និង កីឡាករ លាស់ យីន មកពីក្លិបសម្រែករាជសីហ៍ ត្រូវបានឡើងទៅឈរចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆ្ពោះទៅដណ្តើមពានរង្វាន់ Knock Out Series ប្រភេទទម្ងន់ ៦០គីឡូក្រាម ។

ជ័យជម្នះរបស់កីឡាករ ឡុង សំណាង ក្នុងវគ្កជម្រុះ៨នាក់ចុងក្រោយនោះ គឺបានវាយឈ្នះកីឡាករ ឌុម កែវដប មកពីក្លិប សុភានូមានជ័យ ដោយពិន្ទុ ។ ចំពោះសកម្មភាពប្រកួតរយៈពេល៣ទឹកនោះ កីឡាករ ឌុម កែវដប ត្រូវ ឡុង សំណាង វាយឲ្យវង្វេងហើយលោក អាជ្ញាកណ្តាល ហង់ ម៉ាក់ខេន បានរាប់ដល់៨ ម្តងក្នុងទឹកទី៣ ដោយប្រើស្នៀតកែងខាងឆ្វេង ។

ឌុម កែវដប គឺជាបេក្ខភាពម្នាក់ក្នុងចំណោម៨នាក់ ដែលឆ្លងផុត ពីវគ្គ៣២នាក់ និង១៩នាក់ ប៉ុន្តែវគ្គ៨នាក់ចុងក្រោយនេះ គេប៉ះជាមួយ កីឡាករ ឡុង សំណាង ជើងខ្លាំង ក្នុងវគ្គជម្រុះកន្លងមក ដូចកីឡាករ ឌុម កែវដប ដែរ ។ ការឈ្នះ របស់ សំណាង ក្នុងវគ្គ៨នាក់នេះ ដោយសារតែ សំណាង មានប្រៀបលើ កែវដប ផ្នែកកម្ពស់ ដូច្នេះធ្វើ ឲ្យកែវដប ពិបាកវាយទៅលើ សំណាង រហូតភ្លាត់ស្នៀត ត្រូវសំណាង ឆ្មក់វាយត្រូវ១កែងឆ្វេង បណ្តាលឲ្យ លោកអាជ្ញាកណ្តាលរាប់ដល់៨ ម្តង។ នេះគឺជាលទ្ធផល ដែលឡុង សំណាង យកឈ្នះលើឌុម កែវដប ដោយពិន្ទុប្រផុតប្រផើយ ។

ចំណែកឯកីឡាករ លាស់ យីន បានបន្សល់ទុកស្លាកស្មាមបែក នៅលើផ្ទៃមុខ កីឡាករ ស៊ឺម វណ្ណដេត មកពីក្លិប ប្ញទ្ធីពោធិ៍សែនជ័យ ដោយពិន្ទុ ប្រផុតប្រផើយដូចគ្នាដែរ ។ ដោយ ស៊ឺម វណ្ណដេត ព្យាយាមវាយសងទៅលើកីឡាករ លាស់ យីន វិញ តែហាក់បីដូចជាមិនចំគោលដៅល្អ ផ្ទុយទៅវិញ ត្រូវ លាស់ យីន ប្រើស្នៀតកែងវាយបកសងធ្វើ ឲ្យ ស៊ឺម វណ្ណដេត បែកចិញ្ចើមខាងឆ្វេង ក្នុងទឹកទី៣ផងដែរ ។

យោងតាមរូបមន្តប្រកួត របស់គណៈកម្មការរៀបចំការប្រកួតកីឡាប្រដាល់ប្រចាំសង្វៀន ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឲ្យដឹងថា កីឡាករ ឡុង សំណាងនិងកីឡាករ លាស់ យីន នឹងត្រូវជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយរកឃើញកីឡាករ ២នាក់ផ្សេងទៀត ក្នុងចំណោម៤នាក់ដែលត្រូវប្រកួតជម្រុះវគ្គ៨នាក់ ចុងក្រោយ នាថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ ៕ សារីម

Long Samnag Win Dom keodob Log Samnag vs Dom keodob (1) Log Samnag vs Dom keodob (2)


ចែករំលែក៖