ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបនៅតែគ្មានទំនុកចិត្តនៅក្នុងទំនាក់ទំនងជាមួយអាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ

ចែករំលែក៖

ទ្វីបអឺរ៉ុបកំពុងតែសម្លឹងមើលនូវគោលនយោបាយការពារជាតិរបស់អាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បើទោះបីមន្ត្រីសេតវិមាន បានខិតខំធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង ជាមួយអឺរ៉ុបនិងណាតូ។

កន្លងមករដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានចាប់ផ្តើមធ្វើឲ្យមានភាពស្និទ្ធស្នាលឡើងវិញជាមួយអឺរ៉ុប តាមរយៈការប្រកាសថា អាមេរិកសន្យា គោរពទៅតាមមាត្រាទី៥របស់ណាតូ ក្រោយ ពេលប្រធានាធិបតីថ្មី ដូណាល់ ត្រាំ បានធ្វើឲ្យប្រទេសជាសមាជិកណាតូនិងអឺរ៉ុប បង្ហាញមន្ទិលសង្ស័យទៅលើទំនាក់ទំនងជាមួយអាមេរិក។

នៅពេលឃោសនាបោះឆ្នោតលោក ត្រាំ បានបង្កឲ្យសម្ពន្ធមិត្តអឺរ៉ុបព្រួយបារម្ភយ៉ាងខ្លាំងដោយលោកបានគាំទ្រដល់ ប្រទេសដែលមានបំណងចាកចេញពីអឺរ៉ុបដូចជាអង់គ្លេសជាដើម។ មិនតែប៉ុណ្ណោះ លោក ត្រាំ បានប្រកាសថា នឹងដកអាមេរិក ចេញពីសម្ព័ន្ធយោធាណាតូ។

កត្តាទាំងនោះហើយបានធ្វើឲ្យប្រទេសជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកនៅអឺរ៉ុបមានមន្ទិលសង្ស័យពីទំនាក់ទំនង រវាងអាមេរិកនឹងអឺរ៉ុប។ ជាការពិតវិវាទរវាង អាមេរិកនឹងអឺរ៉ុបកាន់តែមានគម្លាតធំឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសក្រោយពេល ដែលរដ្ឋាភិបាលទីក្រុងមូស្គូមានបំណងលើកលែងទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ចំណែកអឺរ៉ុបវិញទើបតែបានបន្តដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត។

បច្ចុប្បន្នក្រុមចារកម្មអឺរ៉ុបបង្ហាញក្តីបារម្ភ យ៉ាងខ្លាំងខ្លាចរុស្ស៊ីជ្រៀតជ្រែកចូលក្នុងការ បោះឆ្នោតនៅប្រទេសសំខាន់ៗរបស់អឺរ៉ុបដូចជា បារាំង អាល្លឺម៉ង់ជាដើម។ ប្រសិនបើរុស្ស៊ីចូលក្នុងការបោះឆ្នោតប្រទេស សំខាន់បំផុតនៅអឺរ៉ុបបានជោគជ័យនោះក្រុមប្រឆាំងអឺរ៉ុបអាចនឹងជាប់ឆ្នោតដូចលោក ត្រាំ ពេលនោះបារាំងឬអាល្លឺម៉ង់ធ្វើការបោះឆ្នោតចាកចេញពីអឺរ៉ុបទៀតនោះ អឺរ៉ុបនឹងត្រូវបែកបាក់ជាមិនខាន។

វាសនារបស់អឺរ៉ុបនាពេលនេះអាច និយាយបានថា ស្ថិតនៅលើដៃប្រទេស បារាំងនិងអាល្លឺម៉ង ហើយបើប្រទេសទាំងពីរនេះចាកចេញពីអឺរ៉ុបទៀតនឹងធ្វើឲ្យអឺរ៉ុបត្រូវបែកបាក់ ហើយប្រទេសចាយប្រាក់អឺរ៉ូ ក៏ត្រូវបែកបាក់ដូចគ្នាពេលនោះមិនមាន ប្រាក់អឺរ៉ូទៀតឡើយ។

នៅពេលនេះដែរអាមេរិកកំពុងតែធ្វើឲ្យប្រទេសសម្ពន្ធមិត្តមានទំនុកចិត្តវិញក្រោយ ពេលរដ្ឋាភិបាលថ្មីរបស់លោក ត្រាំ ដឹងថា អាមេរិកមិនអាចរក្សាមហាអំណាចពិភពលោកបានឡើយបើគ្មានប្រទេសជាសម្ពន្ធមិត្តចូលរួម ពិសេសគឺអង្គការណាតូ។ បើអាមេរិកនៅតែម្នាក់ឯងនោះមិនខុសអ្វីពី រុស្ស៊ី និងចិននោះឡើយពេលនោះមហា អំណាចនឹងរងការគំរាមកំហែងជាមិនខាន ពិសេសគឺប្រទេសរុស្ស៊ីតែម្តងដែលមាន អាវុធទំនើបៗជាច្រើនស្មើនឹងអាមេរិក។

ចំណុចទាំងនោះហើយបានធ្វើឲ្យលោក អនុប្រធានាធិបតីអាមេរិក Mike Pence បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅ ទីស្នាក់ការកណ្តាលអឺរ៉ុបក្នុងទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកនាថ្ងៃចន្ទ ទី២០ ខែកុម្ភៈ។ នាឱកាសទស្សនកិច្ចលើកទី១ នៅទីស្នាក់ការអឺរ៉ុបលោក Mike Pence បានបញ្ជាក់ជាផ្លូវការថា អាមេរិកបានប្តេជ្ញាចិត្តនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ អឺរ៉ុប។ ការថ្លែងបញ្ជាក់យ៉ាងដូចនេះរបស់លោក Pence បានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន ធ្វើការរិះគន់ខ្លាំងៗលើអឺរ៉ុប និងអង្គការ អូតង់។

នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk លោកអនុប្រធានាធិបតីអាមេរិក Mike Pence បានសម្តែងពីកិច្ចសន្យារបស់អាមេរិកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអឺរ៉ុប។ ចំណែកលោក Donald Tusk បានប្រាប់ឲ្យដឹងថា មានប្រធានបទចំនួន៣ដែលលោកបានលើកទៅជជែកជាមួយលោក Mike Pense ទី១សណ្តាប់ ធ្នាប់អន្តរជាតិ ទី២សន្តិសុខ និងទី៣ជំហរពិតប្រាកដរបស់រដ្ឋបាលថ្មីអាមេរិកចំពោះសហភាពអឺរ៉ុប។

លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបបានប្រាប់ ឲ្យដឹងថា លោកបានទទួលការធានាពេញមាត់ពីអនុប្រធានាធិបតីអាមេរិកក្នុងការគោរពឆន្ទៈរបស់អឺរ៉ុប ពិសេសក្តីសង្ឃឹម របស់អឺរ៉ុបដែលចង់ឲ្យមានការគាំទ្រពេញទំហឹងដោយគ្មានលក្ខខណ្ឌពីសហរដ្ឋ អាមេរិក។ ចំណែកលោកប្រធានគណៈ កម្មការអឺរ៉ុប Jean-Claude Juncker បាន និយាយថា អាមេរិកត្រូវការអឺរ៉ុបមួយខ្លាំង និងរួបរួមនៅលើគ្រប់វិស័យទាំងអស់។ សូមជម្រាបជូនថា ការដែលលោក Donald Tusk បានសុំឲ្យមានការធានាច្បាស់លាស់ពីលោក Mike Pense ពេលនេះបានធ្វើឡើង បន្ទាប់ពីមានពាក្យទិតៀនរិះគន់របស់លោក ដូណាល់ ត្រាំ ចំពោះសហភាពអឺរ៉ុបនិងអង្គ ការអូតង់នាពេលកន្លងមក។

ដោយឡែកវត្តមានលើកទី១របស់ លោកអនុប្រធានាធិបតីអាមេរិក Mike Pence នៅទីស្នាក់ការអឺរ៉ុបក្នុងទីក្រុងប៊្រុចសែលប្រទេសបែលហ្ស៊ិកក៏ទទួលស្វាគមន៍ ដោយក្រុមបាតុករប្រមាណជា១០០នាក់ដែរ។ ពួកបាតុករបាននាំគ្នាប្រឆាំងនឹង នយោបាយរបស់លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ទាក់ទងនឹងអន្តោ ប្រវេសន៍ សិទ្ធិស្រ្តី និងសុខភាព។

បន្ទាប់ពីទស្សនកិច្ចទីស្នាក់ការអឺរ៉ុប លោកអនុប្រធានាធិបតីអាមេរិក Mike Pence បានបន្តទៅទស្សនកិច្ចនៅទីស្នាក់ការអង្គការអូតង់ដោយបានចូលជួបសម្តែងការគួរសមលោកអគ្គលេខាធិការអូតង់ Jens Stoltenberg ៕ ម៉ែវ សាធី

trump


ចែករំលែក៖