សារព័ត៌មាន AFP បានផ្សាយថា តំណាងរាស្ត្រហ្វីលីពីន លោកស្រី Leila De Lima ដែលបានរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីឌូ ទឺរតេ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈ ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅពេលដែលប៉ូលិសចាប់ខ្លួន លោកស្រី Leila De Lima បានបញ្ជាក់ថា ខ្លួនមិនមានទោសឡើយ។ រដ្ឋាភិបាលហ្វីលីពីនបានចោទប្រកាន់លោកស្រីជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ហើយបើត្រូវកាត់ទោសនោះ លោកស្រីនឹងត្រូវជាប់គុកមួយជីវិត ។ ជាមួយគ្នានោះ លោកស្រី Leila De Lima បញ្ជាក់ថា នឹងបន្តសកម្មភាពប្រឆាំង និងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្រៅប្រព័ន្ធតុលាការ ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ តុលាការហ្វីលីពីនបានចេញបញ្ជាឲ្យចាប់ខ្លួន លោកស្រី Leila De Lima និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ដោយចោទប្រកាន់ថា បានពាក់ពន្ធនឹងសកម្មភាពជួញដូរគ្រឿងញៀន និងទទួលសំណូកពីក្រុមជួញដូរគ្រឿងញៀនជាច្រើននៅក្នុងប្រទេស ។
លោកស្រី Leila De Lima បញ្ជាក់ថា នេះជាផ្នែកមួយនៃការខិតខំរបស់លោកឌូ ទឺរតេ ដើម្បីគំរាមកំហែងដល់មន្ត្រីប្រឆាំង សង្គ្រាមគ្រឿងញៀនដែលសម្លាប់មនុស្សជាង ៧ពាន់នាក់ហើយមកទល់ពេលនេះ។
សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនបានរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្នុងនោះមានអង្គការសិទ្ធិមនុស្សអន្តរជាតិ ដោយសារតែមានអ្នកស្លាប់ច្រើនក្រៅប្រព័ន្ធតុលាការ ។ សង្គ្រាមគ្រឿងញៀននោះដែរ បានធ្វើឲ្យទំនាក់ទំនង ជាប្រពៃណីជាមួយអាមេរិកត្រូវបែកបាក់ ដោយសារតែអាមេរិកបានរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀននោះដែរ ៕ ម៉ែវ សាធី