ខេត្តកណ្តាលៈ យុវជនម្នាក់ជាជាងធ្វើពិដានបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកមិត្តរួមការងារ ត្រឡប់មកពីធ្វើការវិញឆ្ពោះទៅលំនៅឋាន ខណៈកំពុងធ្វើដំណើរកង់រ៉ឺម៉កខាងស្តាំបានផ្ទុះឡើងបណ្តាលឲ្យរេចង្កូតទៅបុកម៉ូតូមួយគ្រឿងបើកចេញពីចាក់សាំង ធ្វើឲ្យស្ត្រីជាអ្នកបើកបរម៉ូតូរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។
ក្រោយពីមានហេតុការណ៍កើតឡើងស្ត្រីរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបាយ័នក្នុងរាជធានីភ្នំពេញ ។ ចំណែកឯអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាង នាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាន តែមិនត្រូវបានចាប់ខ្លួននោះទេ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ខា ស្រីដា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ (រងរបួសបែកក្បាល) មានទីលំនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ជិះម៉ូតូម៉ាកហុងដាវ៉េវ ធុនសេ១១០ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1AA-1456 ។ ចំណែកឯម៉ូតូសណ្តោងរ៉ឺម៉កម៉ាកហុងដា ធុនសេ១០០ ពណ៌ព្រីងទុំ ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខដ.២៧១៦-ភព១ បើកបរដោយឈ្មោះ រ៉ុម សារុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងពិដាន មានទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាងបានដកស្រង់សំដីអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កយ៉ាងដូច្នេះថា នៅមុនពេលកើតហេតុអ្នកបើកបររូបនេះ បានបើកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកមិត្តរួមការងារត្រឡប់មកពីធ្វើពិដានឲ្យគេទៅលំនៅឋានវិញ ដោយបានបើកបរតាមបណ្តោយផ្លូវជាតិលេខ២១A ក្នុងទិសដៅពីជើងទៅត្បូង (ពីឃុំស្វាយរលំឆ្ពោះទៅឃុំសិត្បូ) ខណៈបើកដល់ចំណុចកើតហេតុក៏ស្រាប់តែបែកកង់រ៉ឺម៉កចំហៀងខាងស្តាំ ធ្វើឲ្យម៉ូតូរេចង្កូតទៅស្តាំដៃបុកស្ត្រីរងគ្រោះកំពុងជិះម៉ូតូចេញពីចាក់សាំង បណ្តាលឲ្យរងរបួសតែម្តង ។
បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ