ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើងទៅកាន់ប្រទេសចិន

ចែករំលែក៖

សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយ ថា រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើងលោក Ri Kil Song នៅថ្ងៃទី២៨ខេកុម្ភៈនេះបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមកិច្ចពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន។ នេះជាដំណើរ ទស្សនកិច្ចជាលើកទីមួយចាប់តាំងពីខែ មិថុនា ឆ្នាំ២០១៦ មកទល់ពេលនេះ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងពេល ដែលចិនផ្អាក់ការនាំចូលធ្យូងថ្មពីកូរ៉េខាងជើងដោយសារតែច្បាប់ដាក់ទណ្ឌកម្មថ្មី របស់អង្គការសហប្រជាជាតិ។

សកម្មភាពបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ ប្រទេសចិនគឺជាសញ្ញាមួយបង្ហាញពីការបារម្ភរបស់រដ្ឋាភិបាលកូរ៉េខាងជើងខ្លាចទីក្រុងប៉េកាំងដើរតាមអាមេរិកផ្អាកទំនាក់ ទំនងជាមួយកូរ៉េខាងជើងអាចនឹងធ្វើឲ្យ ប្រទេសនេះប្រឈមនូវបញ្ហាសេដ្ឋកិច្ចទ្រង់ទ្រាយធំ។

សារព័ត៌មានក្យូដូបានបញ្ជាក់ថា នៅ ពេលនេះគេមិនទាន់ដឹងពីគោលដៅនៃ ដំណើរទស្សនកិច្ចរបស់លោក Ri Kil Song នោះឡើយ។ ប្រភពព័ត៌មានបាន ផ្សាយថា មន្ត្រីការបរទេសកូរ៉េខាងជើងរូបនេះនឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ ចិនលើបញ្ហាសំខាន់ៗជាច្រើន។

សកម្មភាពខាងលើរបស់កូរ៉េខាងជើង គឺជាការភ័យខ្លាចយ៉ាងខ្លាំងខ្លាចចិនបោះ បង់ចោលក្រោយពេលទីក្រុងប៉េកាំងបានឡើងផែនការការពារពេលកូរ៉េខាងជើង ដួលរលំ។ កន្លងមកថ្មីៗទីក្រុងប៉េកាំងបាន បញ្ជូនកម្លាំងទាហាននិងអាវុធជាច្រើនទៅកាន់ព្រំដែនត្រៀមលក្ខណៈទប់ស្កាត់ការហូរចូលជនអន្តោប្រវេសន៍ពីកូរ៉េខាងជើង នៅពេលប្រទេសនេះដួលរលំ។

ការត្រៀមលក្ខណៈរបស់ចិនកើតឡើងក្រោយពេលដែលចិនបានចូលរួមដាក់ ទណ្ឌកម្មដោយឈប់ទិញធ្យូងថ្មពីកូរ៉េខាង ជើង។ ការផ្អាកនោះបានធ្វើឲ្យទីក្រុងព្យុងយ៉ាងចេញមុខចោទប្រកាន់ប្រទេសជិតខាង របស់ខ្លួនថា កំពុងធ្វើតាមខ្សែញាក់របស់អាមេរិក។ កូរ៉េខាងជើងទំនងចង់និយាយ ដល់ចិនសម្ពន្ធមិត្តដែលកាលពីសប្តាហ៍ មុនបានប្រកាសផ្អាកលែងនាំចូលធ្យូងថ្មពីកូរ៉េខាងជើង។

កូរ៉េខាងជើងបានប្រើពាក្យធ្ងន់ៗរិះគន់ចិនដែលជាសម្ពន្ធមិត្តដ៏សំខាន់ និងដែលធ្លាប់តែការពារខ្លួនរហូតមក។ នៅក្នុងអត្ថ បទវិចារណកថា ចេញផ្សាយនៅថ្ងៃសុក្រ នេះដោយទីភ្នាក់ងារព័ត៌មាន KCNA ទីក្រុង ព្យុងយ៉ាង (ដោយមិនបញ្ចេញឈ្មោះ) បានចោទប្រកាន់ថា ប្រទេសជិតខាងរបស់ខ្លួនបានរាំតាមចង្វាក់ភ្លេងរបស់អាមេរិក។ តាមកូរ៉េខាងជើងប្រទេសជិតខាងមួយនេះចង់ធ្វើជាមហាអំណាចអស្ចារ្យ ប៉ុន្តែបែរជាមករាំតាមចង្វាក់ភ្លេងរបស់អាមេរិកទៅវិញ។ នៅថ្ងៃព្រហស្បតិ៍កន្លងទៅប្រធានាធិបតីអាមេរិកាំងលោក ដូណាល់ ត្រាំ បាន បញ្ជាក់ជាថ្មីថា ចិនអាចប្រើឥទ្ធិពលរបស់ ខ្លួនដើម្បីទប់ស្កាត់សកម្មភាពញុះញង់របស់ កូរ៉េខាងជើង។

ទីក្រុងព្យុងយ៉ាងវិញវាយតម្លៃថា ប្រទេស ជិតខាងរបស់ខ្លួនមិនបានអល់អែកនឹងចាត់ វិធានការមួយដែលគ្មានលក្ខណៈមនុស្ស ធម៌នោះទេ។ គេបានបញ្ឈប់ភ្លាមៗរាល់ ពាណិជ្ជកម្មក្រៅប្រទេសដែលកន្លងមក បានជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។

ទោះជាមិននិយាយចំឈ្មោះក៏គេដឹង ថា កូរ៉េខាងជើងចង់សំដៅដល់ប្រទេសចិន ដែលបានប្រកាសផ្អាកឈប់ទិញធ្យូងថ្ម ពីកូរ៉េខាងជើង។ នៅថ្ងៃសៅរ៍សប្តាហ៍មុន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ពេញមួយឆ្នាំ២០១៧ ចិននឹង ផ្អាកឈប់នាំចូលធ្យូងថ្មពីកូរ៉េខាងជើង។ តាមទីក្រុងប៉េកាំងវិធានការនេះត្រូវបាន អនុវត្តទៅតាមសេចក្តីសម្រេចចិត្តរបស់ក្រុម ប្រឹក្សាសន្តិសុខដែលកាលពីខែវិច្ឆិកាឆ្នាំ មុន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកូរ៉េខាង ជើងក្នុងរឿងបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរ៕ ម៉ែវ សាធី

រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើងលោក Ri Kil Song

រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើងលោក Ri Kil Song


ចែករំលែក៖