ព័ត៌មានទាន់ហេតុការណ៍៖

តុលាការប្រទេសម៉ាឡេស៊ីចោទប្រកាន់ស្ត្រី២នាក់ពីបទប៉ុនប៉ងធ្វើឃាតអាចត្រូវប្រហារជីវិត

ចែករំលែក៖

នៅថ្ងៃទី១ ខែមីនា ស្ត្រីជាជនសង្ស័យ២នាក់ក្នុងករណីឃាតកម្មសម្លាប់លោក គីម ជុងណាម បងប្រុសមេដឹកនាំកូរ៉េខាង ជើង គីម ជុងអ៊ុន ត្រូវបានតុលាការម៉ាឡេស៊ីចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។

លោក Hohamed Apandi Ali ប្រធានចៅក្រមតុលាការម៉ាឡេស៊ីបានឲ្យដឹងថា ស្ត្រីសង្ស័យ២នាក់ម្នាក់ឈ្មោះ Siti Aisyah ជាជនជាតិឥណ្ឌូនេស៊ី និងម្នាក់ទៀតឈ្មោះ Doan Thi Huong មានសញ្ជាតិវៀតណាម អ្នកទាំងពីរអាចនឹងត្រូវកាត់ទោសប្រហារជីវិត។

សារព័ត៌មាន AP បានផ្សាយថា ស្ត្រី សង្ស័យទាំងពីរនាក់ខាងលើបានបញ្ជូនទៅកាន់តុលាការនៅជាយទីក្រុងគូឡាឡំាពួរដោយរថយន្តប៉ូលិស និងក្បួនរថយន្ត ផ្សេងទៀតជាង២០គ្រឿង។ ស្ត្រីទាំង២ នាក់បានទៅកាន់តុលាការមុនក្រោយគ្នា ១០នាទី ហើយនៅជុំវិញតុលាការកម្លាំងសមត្ថកិច្ចបានយាមកាមយ៉ាងតឹងតែង បំផុត។ មិនត្រឹមតែប៉ុណ្ណោះស្ត្រីសង្ស័យ ទាំង២រូបសុទ្ធតែពាក់អាវការពារគ្រាប់ផងដែរ ខ្លាចត្រូវគេបាញ់សម្លាប់បំបិទមាត់។

តាមការស្រាវជ្រាវកន្លងមកស្ត្រីទាំង២នាក់ខាងលើត្រូវបានគេបោកប្រាស់ឲ្យ សម្លាប់មនុស្សដោយមិនដឹងខ្លួន។ ស្ត្រី ទាំងពីររូបបានសារភាពថា ពួកនាងត្រូវ បានគេអូសទាញឲ្យចូលរួមក្នុងកម្មវិធីទូរ ទស្សន៍ដ៏រន្ធត់មួយក្នុងការបង្កើតសកម្មភាព ភ្ញាក់ផ្អើលដោយមិនធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរណាមួយនោះឡើយ។ តាមការ បញ្ជាក់ពីស្ត្រីជនជាតិឥណ្ឌូនេស៊ីគឺនាង ទទួលបានប្រាក់៩០ដុល្លារក្នុងការចូលរួមលេងហ្គេមមួយនេះ។

នៅពេលនេះការប្រគល់ជូនសាកសព លោក គីម ជុងណាម នៅតែជាបញ្ហាវិវាទ រវាងមន្ត្រីម៉ាឡេស៊ីនឹងកូរ៉េខាងជើងនៅឡើយ។ រដ្ឋាភិបាលកូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់ថា នៅពីក្រោយការ សម្លាប់ គីម ជុងណាម ។ ចំណែកក្រុម សន្តិសុខម៉ាឡេស៊ីបញ្ជាក់ថា លោក គីម ជុងណាម ត្រូវជាតិពុល VX ដែលជាជាតិពុលម៉្យាងត្រូវបានហាមប្រាមដោយសារធាតុនេះធ្លាប់បានប្រើប្រាស់ក្នុងការផលិតអាវុធគីមីសាស្ត្រ។

ការសម្លាប់លោក គីម ជុងណាម គឺ បានឡើងគម្រោងយ៉ាងច្បាស់លាស់ដោយ ការសម្លាប់នោះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡំាពួដែលមានអ្នកធ្វើដំណើរយ៉ាងច្រើន។ មន្ត្រីសន្តិសុខម៉ាឡេស៊ីបញ្ជាក់ថា កូរ៉េខាងជើងគឺជាអ្នក បញ្ជូនជាតិពុលនោះមកសម្លាប់លោក គីម ជុងណាម។

បើទោះបីបែបណាក្តីភាគីម៉ាឡេស៊ីមិនបានចោទប្រកាន់ដោយផ្ទាល់ថា កូរ៉េខាងជើងជាអ្នកនៅពីក្រោយខ្នងឡើយ ប៉ុន្តែ ភាគីកូរ៉េខាងត្បូងវិញបានបញ្ជាក់ថា មាន ភស្តុតាងពីការសម្លាប់លោក គីម ជុង ណាម របស់រដ្ឋាភិបាលកូរ៉េខាងជើងតែមិន ប្រកាសជាផ្លូវការនោះឡើយ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនោះដែរ គណៈប្រតិភូជាន់ខ្ពស់ របស់ប្រទេសកូរ៉េខាងជើងបានធ្វើដំណើរមកដល់ទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី ហើយនៅថ្ងៃអង្គារនេះក្នុងគោលបំណង ដើម្បីមកយកសពពលរដ្ឋរបស់ខ្លួនដែលបានស្លាប់នៅអាកាសយានដ្ឋានកាលពីថ្ងៃទី១៣ ខែកុម្ភៈ។

យោងតាមសារព័ត៌មានចិនស៊ីនហួចេញ ផ្សាយនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ បានឲ្យដឹងថា គណៈប្រតិភូកូរ៉េខាងជើងដឹកនាំដោយលោក Ri Tong Il ដែលជាអតីតអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិគឺនឹងស្វែងរកអ្វីដែលកូរ៉េខាងជើងហៅថា ការដោះលែងពលរដ្ឋខ្លួន ដែលបានចាប់ខ្លួនក្នុងករណីឃាតកម្មកាល ពីថ្ងៃទី១៣កុម្ភៈកន្លងទៅ។

លោក រី បានប្រាប់អ្នកសារព័ត៌មាននៅខាងមុខស្ថានទូតកូរ៉េខាងជើងប្រចាំនៅ ទីក្រុងគូឡាឡាំពួរនៅថ្ងៃអង្គារថា គណៈ ប្រតិភូនឹងជួបពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលម៉ាឡេស៊ីអំពីការអភិវឌ្ឍទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាង ណាក៏ដោយលោកមិនបានបញ្ជាក់លម្អិតអំពីសមាសភាពអ្នកដែលលោកនឹងត្រូវជួប ពិភាក្សាគ្នានោះឡើយ៕ ម៉ែវ សាធី

37744627_303


ចែករំលែក៖