ព័ត៌មានទាន់ហេតុការណ៍៖

ការបង្កើនចំណាយសម្រាប់ការពារជាតិរបស់អាមេរិកគឺជាឧបសគ្គយ៉ាងធំធេងរបស់ចិន

ចែករំលែក៖

ការបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិរបស់ប្រធានាធិបតីដូណាល់ ត្រាំ គឺជាឧបសគ្គយ៉ាងខ្លាំងដល់សន្តិសុខជាតិរបស់ចិន ។ ចំណុចទាំងនោះ ប៉ះពល់ដល់គោលនយោបាយ យោធា ក៏ដូចជាមូលនិធិសម្រាប់ការពារជាតិចិនចាំបាច់ត្រូវតែកើនឡើងដូចគ្នា ។

ក្នុងពេលដែលចិនបានស្នើចំណាយទៅលើសកម្មភាពការពារជាតិ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏បានស្នើបង្កើនការចំណាយបន្ថែម១០ភាគរយទៀត (ស្មើ៥៤ពាន់លានដុល្លារ ) សម្រាប់សកម្មភាពការពារជាតិរបស់អាមេរិក ។

កម្រិតនៃការបង្កើនប្រាក់ចំណាយរបស់លោកត្រាំ បានក្លាយជាប្រវត្តិសាស្ត្រ ។ បច្ចុប្បន្នអាមេរិកចំណាយប្រាក់ប្រមាណ៥៨៤ពាន់លានដុល្លារប៉ុណ្ណោះ ហើយការបន្ថែម១០ភាគរយទៀត ធ្វើឲ្យប្រាក់ចំណាយសម្រាប់យោធារបស់អាមេរិកកើនឡើងខ្ពស់បំផុតមិនធ្លាប់មានច្រើនជាងការចំណាយទៅលើសកម្មភាពការពារជាតិរបស់ប្រទេសប្រទេសមហាអំណាចយោធា១០បូកបញ្ចូលគ្នាទៀតផង ។

ប្រសិនបើទទួលបានការឯកភាពពីសភាអាមេរិកនោះ ក្រសួងការពារជាតិអាមេរិក នឹងបង្កើនអាវុធជាច្រើនទៀត សម្រាប់ការពារជាតិធ្វើឲ្យរុស្ស៊ី និងចិនមិនអាចតាមទាន់នោះឡើយ ។

ចំពោះចិនវិញ មូលនិធិសម្រាប់ការពារជាតិនៅក្នុងឆ្នាំ២០១៧នេះ គឺកើនឡើងតែ៧ភាគរយប៉ុណ្ណោះ គឺកើនឡើងទាបបំផុតក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។ ចំណុចដូចគ្នានៅក្នុងសកម្មចំណាយគឺសម្តៅទៅលើការអភិវឌ្ឍកម្លាំងទាហានជើងអាកាស និងទាហានជើងទឹកតែប៉ុណ្ណោះ របស់ប្រទេសចិ ននិងអាមេរិក។ ចិនបានសន្យាថា នឹងបង្កើនការចំណាយ ទៅលើកម្លាំងទាហានជើងទឹក សម្រាប់ធ្វើសកម្មភាពនៅដែនសមុទ្រចិនភាគខាងត្បូង និងភាគខាងកើត ទុបទល់អាមេរិក ។

ចំណែកអាមេរិកវិញ បច្ចុប្បន្នមាននាវាផ្ទុកយន្តហោះ១០គ្រឿងទៅហើយ គឺច្រើនជាងគេបង្អស់លើពិភពលោក ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ ចង់បង្កើនថែម២គ្រឿងទៀតគ្រប់១២គ្រឿង សម្រាប់បំពេញការងារនៅឆ្ងាយបានគ្រប់ពេលវេលា ។

សារព័ត៌មាន AFP បានដកស្រង់សម្តី ប្រធានាធិបតី ដូណាល់ ត្រាំបាននិយាយទៅកាន់ក្រុមនាវិកនៅលើនាវាផ្ទុកយន្តហោះ USS Gerald R.Ford ថា «កម្លាំងទាហានជើងទឹករបស់យើងកំពុងតែធ្លាក់ចុះចាប់តាំងពីសង្គ្រាមលោកលើកទីមួយ» ។

លោក ត្រាំ បញ្ជាក់ទៀតថា អាមេរិកចាំបាច់ត្រូវតែរក្សាកងពលនាវាផ្ទុកយន្តហោះ១២គ្រឿង ហើយពេលនេះអាមេរិកមាន១០គ្រឿងទៅហើយ ដោយនាវាផ្ទុកយន្តហោះចាស់បំផុតផលិតនៅឆ្នាំ១៩៧៥ ។

នាវាផ្ទុកយន្តហោះ USS Ford មាន តម្លៃ១២,៩ពាន់លានដុល្លារ ជានាវាផ្ទុកយន្តហោះលើកទី១១របស់អាមេរិក ហើយនាវានេះ នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងទាហានជើងទឹកនៅក្នុងឆ្នាំនេះ។ ចំណែកនាវាលើកទី១២ ឈ្មោះ USS John F Kennedy កំពុងតែផលិត។ ជាមួយគ្នានោះ អាមេរិកមានគម្រោងផ្លាស់ប្តូរនាវាផ្ទុកយន្តហោះនៅឆ្នាំ២០២៥សម្រាប់នាវា ដែលដំណើរការយូរបំផុតឲ្យចូលនិវត្តន៍ ។

ប្រធានាធិបតី ត្រាំ បានចុះហត្ថលេខា បង្កើនការចំណាយសម្រាប់ការពារជាតិបន្ថែមទៀត ដោយលោកបានសន្យាបន្ថែមយន្តហោះចម្បាំង នាវាចម្បាំង។ លោក ដូណាល់ ត្រាំចង់ឲ្យកម្លាំងទាហានជើងទឹកអាមេរិកមាននាវាចម្បាំង៣៥០គ្រឿង កើន៧៦គ្រឿង បើប្រៀបធៀបនឹងបច្ចុប្បន្ន ។

នៅក្នុងសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានស្នើចំណាយបន្ថែមសម្រាប់ការពារជាតិថែម៥៤ពាន់លានដុល្លារទៀត ធ្វើឲ្យមូលនិធិសម្រាប់ការពារជាតិអាមេរិកមានរហូតដល់ទៅជាង៦០០ពាន់លានដុល្លារ ។

មូលនិធិសម្រាប់ការពារជាតិ ដែលប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើនោះ ក្នុងគោលដៅពង្រឹងវិស័យយោធាឲ្យកាន់តែខ្លាំងជាងមុន ក្រោយពេលលោក ត្រាំ យល់ ថាអាមេរិកកំពុងតែដើរថយក្រោយបើប្រៀបធៀបនឹងប្រទេសដទៃទៀត។ ការចំណាយក្នុងគោលដៅផលិតយន្តហោះចម្បាំង នាវាចម្បាំង នឹងបង្កើតវត្តមានរបស់អាមេរិកនៅតំបន់សមុទ្រ Hormuz ជាប់ប្រទេសអីុរ៉ង់ និងតំបន់សមុទ្រចិនភាគខាងត្បូង ដែលកំពុងតែមានវិវាទនិងជាចំណុចក្តៅបំផុតអាចផ្ទុះសង្គ្រាមគ្រប់ពេល ៕ ម៉ែវ សាធី

1033348735 ae


ចែករំលែក៖