នៅព្រឹកថ្ងៃទី៨ ខែមីនា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសរួមថ្កោលទោស ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បំពាន់ច្បាប់ ដាក់ទណ្ឌកម្មរបស់អ ស ប ។
សេចក្តីប្រកាសខាងលើរៀបចំឡើងដោយអាមេរិកហើយ ត្រូវបានអង្គការសហប្រជាជាតិ អនុម័តនៅក្នុងកិច្ចប្រជជាបន្ទាន់មួយ ដែលមានការចូលរួមពីប្រទេសជាសមាជិកក្រុមព្រឹក្សា ក្នុងនោះមានទាំងចិនផងដែរ បានអនុម័តគាំទ្រសកម្មភាពថ្កោលទោសកូរ៉េខាងជើង។
នៅក្នុងសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងទៅលើសកម្មភាពបង្ករឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់ឧប្បទ្វីបកូរ៉េ ដែលភាគីកូរ៉េខាងជើងជាអ្នកបង្កឡើង។ អង្គការសហប្រជាជាតិបានប្រមានថា នឹងមានសកម្មភាព តឹងតែងជាងនេហទៅលើកូរ៉េខាងជើង ប្រសិនបើ ប្រទេសនេះនៅតែមានសកម្មភាពបែបនេះ។
កន្លងមកថ្មីៗអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterresបានថ្កោលទោស ទៅលើសកម្មភាពបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយបានបំផ្លាញសន្តិភាពស្ថេរភាពនៅក្នុងតំបន់របស់កូរ៉េខាងជើង ។ទទឹមនឹងនោះ លោកក៏បានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង មិនត្រូវមានសកម្មភាពណាមួយបង្ករឲ្យតានតឹងជាងនេះឡើយ។
កាលពីព្រឹកថ្ងៃទី៦ ខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីល៤គ្រាប់ ចូលទៅកាន់តំបន់សមុទ្រភាគខាងត្បូង ក្នុងពេលដែលអាមេរិក និងកូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធជាប្រចាំរបស់ខ្លួន។ កាំជ្រួចមីស៊ីលចំនួន៣បានធ្លាក់ចូលក្នុងតំបន់សមុទ្ររបស់ប្រទេសជប៉ុន។
ក្រោយការបាញ់មីស៊ីល របស់កូរ៉េខាងជើង បានធ្វើឲ្យអាមេរិក ដាក់ប្រព័ន្ធមីស៊ីលការពារ ទំនើបTHAAD នៅក្នុងទឹកដីកូរ៉េខាងត្បូង។ ការដាក់មីស៊ីលការពារនៅទីនោះបានធ្វើឲ្យមានការប្រតិកម្មយ៉ាងខ្លាំងពី ប្រទេសរុស្ស៊ី ពិសេសគឺប្រទេសចិនតែម្តង។
ពាក់ព័ន្ធនិងសកម្មភាពរបស់កូរ៉េខាងជើងនោះដែរ តាមរបាយការណ៍សម្ងាត់មួយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ច្បាស់ៗថា បើរបបក្រុងព្យុងយ៉ាងមានលទ្ធភាពអាចបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបានក៏ដោយសារមានការគាំទ្រពីរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ។
របាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិមិនបាននិយាយចំឈ្មោះរដ្ឋមួយណាទេ តែគេដឹងថា អង្គការសហប្រជាជាតិចង់ចង្អុលចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់កូរ៉េខាងជើង។ តាមពិតទៅ ទីក្រុងប៉េកាំងបានព្យាយាមតាមគ្រប់មធ្យោបាយទាំងអស់ដើម្បីរារាំងកុំឲ្យរបាយការណ៍មួយនេះចេញផ្សាយជាសាធារណៈ។ ការដែលចិនមិនចង់ឲ្យរបាយការណ៍មួយនេះបែកធ្លាយក៏ដោយសារថា ខ្លួនបានជាប់ចោទពីបទបានលេងបៀរ ៤សន្លឹកនៅក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានសរសេរច្បាស់ៗនៅក្នុងរបាយការណ៍នោះថា ការដែលកូរ៉េខាងជើងអាចបន្តធ្វើពាណិជ្ជកម្មជាមួយពិភពលោក មានលទ្ធភាពអាចចំណាយនៅក្នុងកម្មវិធីនុយក្លេអ៊ែរ និងកម្មវិធីគ្រាប់មីស៊ីលអន្តរទ្វីបក៏ដោយសារតែមានការគាំទ្រមួយភាគធំពីប្រទេសចិន។ តាមរបាយការណ៍ដដែល ចិនបានទទួលក្រុមអ្នកវិនិយោគ និងក្រុមហ៊ុនកូរ៉េខាងជើងជាច្រើនក្នុងទឹកដីខ្លួន ហើយចិនបានដើរតួនាទីជាអាជ្ញាកណ្តាលនៅក្នុងការដោះដូរពាណិជ្ជកម្មរវាងក្រុមហ៊ុនកូរ៉េខាងជើង និងក្រុមហ៊ុនបរទេស។
របាយការណ៍ដដែលឲ្យដឹងទៀតថា ទោះបីជាកូរ៉េខាងជើងបានទទួលទ័ណញឌកម្មអន្តរជាតិបន្ថែមក្នុងឆ្នាំ ២០១៦ ក៏ដោយ ក៏របបកុម្មុយនិស្តមួយនេះអាចបន្តទទួលបានចំណូលពីគ្រប់ច្រក និងអាចបន្តលក់ផលិតផលគ្រប់ប្រភេទទៅបរទេស។ អ្វីជាការកត់សម្គាល់ របាយការណ៍នេះបានធ្វើឲ្យចិនទើសទាល់ចិត្តយ៉ាងខ្លាំង ព្រោះកន្លងមក ប៉េកាំងតែងតែបញ្ចេញប្រតិកម្មមិនសប្បាយចិត្តចំពោះទង្វើសាកល្បងនុយក្លេអ៊ែរ ឬគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។ នៅពាក់កណ្តាលខែកុម្ភៈកន្លងទៅ និងដើម្បីបង្ហាញពីឆន្ទៈល្អរបស់ខ្លួន ចិនបានប្រកាសផ្អាកទិញរ៉ែធ្យូងថ្មពីកូរ៉េខាងជើង។
ស្ថានភាពនៅឧប្បទ្វីបកូរ៉េកាន់តែតានតឹងក្រោយពេលមានសកម្មភាពឌឺដងដាក់គ្នាជាបន្តបន្ទាប់ ។ ភាពតានតឹងថ្មីមួយទៀតរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនោះគឺការអូសទាញមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងក៏ដូចជាពលរដ្ឋឲ្យភៀសខ្លួនទៅជ្រកកោណនៅលើទឹកដីកូរ៉េខាងត្បូង ។ ការជម្រុញឲ្យមានជនភៀសខ្លួនកូរ៉េខាងជើងទៅកាន់កូរ៉េខាងត្បូងតាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភ ដល់១លានវ័ន ឬ៨១៥០០០អឺរ៉ូ ជារង្វាន់ដល់ពលរដ្ឋកូរ៉េខាងជើងណាដែលផ្តាច់ខ្លួនចេញពីរបបកុម្មុនិស្តនេះ និងបានពាំនាំមកជាមួយនូវព័ត៌មានសំខាន់ៗសំខាន់ៗ ទាក់ទងនឹងរដ្ឋាភិបាលព្យុងយ៉ាងដ៏ឯកា។ នេះបើតាមព័ត៌មានចុះផ្សាយក្នុងសារព័ត៌មានកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យទី ៥មីនា ២០១៧។
ការផ្តល់រង្វាន់ដល់ពលរដ្ឋកូរ៉េខាងជើងផ្តាច់ខ្លួនមកចូលកូរ៉េខាងត្បូង បានអនុវត្តធ្វើតាំងពី២០ឆ្នាំមកហើយ។ គិតមកទល់នឹងពេលនេះ រដ្ឋាភិបាលសេអ៊ូល តែងផ្តល់រង្វាន់ ២០៤០០០អឺរ៉ូ ដល់ជនកូរ៉េខាងជើងដែលបានផ្តាច់ខ្លួនចេញពីព្យុងយ៉ាងមកចុះចូលនឹងសេអ៊ូល ជាមួយដំណឹងរសើបៗ។
ប៉ុន្តែនៅថ្ងៃនេះ ជាលើកទីមួយ ដែលសេអ៊ូលបានសម្រេចធ្វើការដំឡើងប្រាក់រង្វាន់ ដល់ទៅបួនច្រើនជាង។ នេះបើតាមកាសែតយ៉ុងហាប់កូរ៉េខាងត្បូង ដែលបានគូសបញ្ជាក់ទៀតថា ទឹកប្រាក់រង្វាន់ដ៏សម្បើមនេះ នឹងត្រូវប្រគល់ឱ្យពលរដ្ឋកូរ៉េខាងជើង ដែលអាចផ្តល់ព័ត៌មាន និងចំណេះដឹង ទាកទងនឹងការពង្រឹងសន្តិសុខកូរ៉េខាងត្បូង។ ជាទូទៅ តម្លៃនៃប្រាក់រង្វាន់អាចប្រែប្រួលទៅតាមភាពសំខាន់នៃព័ត៌មានដែលពួកគេមាន។
តាមការពិត មានពលរដ្ឋកូរ៉េខាងជើងមិនតិចទេ ដែលចង់ផ្តាច់ខ្លួនចេញពីរបបកុម្មុយនិស្តផ្តាច់ការព្យុងយ៉ាង ប៉ុន្តែមានហេតុផលសំខាន់មួយក្នុងចំណោមមូលហេតុចំបងៗ គឺបញ្ហាថវិកា ! ពលរដ្ឋកូរ៉េខាងជើងជាច្រើន រារែកចិត្តមិនចង់ផ្តាច់ខ្លួន ដោយព្រួយបារម្ភអំពីជីវភាពរស់នៅក្រោយពេលមកដល់ទឹកដីខាងត្បូង ៕ ម៉ែវ សាធី