ក្រុមហ៊ុនបច្ចកវិទ្យាចិន ZTE បានយល់ព្រមបង់ការផាកពិន័យជាទឹកប្រាក់ដល់ទៅ១២០០លានដុល្លារអាមេរិក ដោយសារតែបានបំពាន់ទៅលើការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអុីរ៉ង់ និងកូរ៉េខាងជើង ។
អង្គការស្រាវជ្រាវអាមេរិក បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា ZTE របស់ចិនថា បានបំពានលើការដាក់ទណ្ឌកម្មប្រទេសអុីរ៉ង់ និងកូរ៉េខាងជើង ។ តាមរបាយការណ៍ស្រាវជ្រាវ ក្រុមហ៊ុនZTEបានឡើងគម្រោងសាងសង់ប្រព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេសអុីរ៉ង់ ដោយប្រើប្រាស់សម្ភារៈផលិតនៅអាមេរិក ។
ក្រុមហ៊ុនZTE ក៏រងការចោទប្រកាន់អនុវតផ្តល់ទំនិញទៅឲ្យភាគីកូរ៉េខាងជើង ភាគច្រើនជាសម្ភារអេឡិចត្រូនិច ។ សារព័ត៌មានCNN បានផ្សាយថា តំណាងក្រុមហ៊ុនZTEនឹងមានវត្តមាននៅក្នុងការសាកសួរនៅក្នុងតុលាការសហរដ្ឋអាមេរិក ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានប្រកាសថា « យើងចង់ផ្ញើសារនេះទៅឲ្យពិភពលោកបានដឹងថា (ឈប់លេងបិទពួនទៅ) ។ ប្រទេសដែលហ៊ានប្រព្រឹតល្មើសនឹងច្បាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការនាំចេញរបស់អាមេរិក នឹងត្រូវទទួលរងការផាកពិន័យយ៉ាងធ្ងន់បំផុត ហើយនឹងត្រូវទទួលនូវលទ្ធផលអាក្រក់ជាងនេះទៀត ។
ក្រុមមន្ត្រីតាមដាន់សកម្មភាពល្មើសច្បាប់ពាណិជ្ជកម្មរបស់អាមេរិកបានបញ្ជាក់ថា ប្រធានក្រុមហ៊ុន ZTE បានដឹងយ៉ាងច្បាស់ពីការល្មើសច្បាប់ខាងលើនៅក្នុងប្រទេសអុីរ៉ង់ តែនៅតែបន្តសកម្មភាពល្មើសទាំងនោះ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ក្រោយពេលរកឃើញនៅឆ្នាំ២០១២ ក្រុមហ៊ុន ZTE ក៏បានផ្អាក់កិច្ចព្រមព្រៀងជាមួយអុីរ៉ង់មួយរយៈពេល ប៉ុន្តែក្រោយមក ក៏បានបន្តសកម្មភាពជាថ្មីឡើងវិញ ។
ក្រៅពីនេះ នៅមានក្រុមហ៊ុនចិនជាច្រើនទៀត ដែលជាប់ពាក់ព័ន្ធ រកស៊ីជាមួយប្រទេសដែលអាមេរិកបានដាក់ទណ្ឌកម្ម ពិសេសគឺការរកស៊ីជាមួយប្រទេសកូរ៉េខាងជើង ជួយដល់ប្រទេសនេះ។ កន្លងមកថ្មីៗ ក្រុមហ៊ុនចិន ក៏បានផ្អាកទិញធ្យូងថ្មពីប្រទេសកូរ៉េខាងជើងផងដែរ ក្រោយពេលកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីល ៕ ម៉ែវ សាធី