ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាឡេស៊ី ប្រកាសជាផ្លូវការថា កូរ៉េខាងជើងនៅពីក្រោយការស្លាប់របស់គីម ជុងណាម

ចែករំលែក៖

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី៨ ខែមីនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ជាលើកទីមួយបានប្រកាសចោទប្រកាន់ជាផ្លូវការ ថា កូរ៉េខាងជើងនៅពីក្រោយការស្លាប់របស់លោកគីម ជុងណាម ។

សារព័ត៌មាន Bernama បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីម៉ាឡេសីបានបញ្ជាក់ថា «យើង មិនដែលមានសកម្មភាពណាមួយប្រឆាំងកូរ៉េខាងជើងនោះឡើយពីមុនមក ប៉ុន្តែ យើងកំពុងតែជួបនូវបញ្ហា ពីសកម្មភាពធ្វើឃាតពលរដ្ឋរបស់ខ្លួននៅលើទឹកដីម៉ាឡេស៊ី ដោយប្រើប្រាស់សារធាតុគីមី ដែលពិភពលោកហាមប្រាម » ។

លោក Najib Razak បានបញ្ជាក់ទៀតថា «នៅពេលដែលអំពើឃាតកម្មកើតឡើងនៅលើទឹកដីម៉ាឡេស៊ី យើងមានតួនាទីស្រាវជ្រាវស្វែងរកការពិត ដើម្បីបញ្ជូនជនដៃដល់ និងអ្នកនៅពីក្រោយ ទៅទទួលទោសនៅមុខច្បាប់» ។ តាំងពីពេលដំបូងមកទល់ពេលនេះ ទីក្រុងព្យុងយ៉ាងបានច្រានចោល ការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ លោក Kim Chol ឈ្មោះនៅក្នុងលិខិតឆ្លងដែន ចំណែកឈ្មោះក្រៅជា គីម ជុងណាម ។

ការប្រកាសខាងលើចោទប្រកាន់ទៅលើរដ្ឋាភិបាលកូរ៉េខាងជើង កើតឡើងក្នុងពេលដែលប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា ដោយបណ្តេញអគ្គរដ្ឋទូតប្រទេសទាំងពីរត្រឡប់ទៅស្រុកវិញ ។ កន្លងមក នាយករដ្ឋមន្ត្រី Najib Razak បានថ្កោលទោស កូរ៉េខាងជើង ដែលចាប់ពលរដ្ឋម៉ាឡេស៊ីធ្វើជាចំណាប់ខ្មាំង។

នៅថ្ងៃទី៨ ខែមីនានោះដែរ ឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Ahmad ZahidHamidiបានប្រកាសថា ម៉ាឡេស៊ី នឹងពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹង ក្នុងទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរ ។

ឧបនាយករដ្ឋមន្ត្រី Zahid បានរំលឹកឡើងវិញនូវការប្រកាសរបស់នាយករដ្ឋមន្ត្រី Najib Razak ថា ម៉ាឡេស៊ី មិនកាត់ផ្តាច់ទំនាក់ទំនងការបរទេស ជាមួយកូរ៉េខាងជើងនោះឡើយ បើទោះបីកំពុងតែមានភាពមិនចុះសម្រុងនឹងគ្នាក្តី។

ភាពតានតឹងនៅក្នុងទំនាក់ទំនងការបរទេសរវាងម៉ាឡេស៊ី នឹងកូរ៉េខាងត្បូង កើតឡើងក្រោយរយៈពេល៣សប្តាហ៍ នៃការស្លាប់របស់លោកគីម ជុងណាម ដែលជាបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង ។ ភាគីកូរ៉េខាងជើង បញ្ជាក់ថា ការស្លាប់របស់លោកគីម ជុងណាម គឺ ឈឺបេះដូង លើសឈាម និងទឹកនោមផ្អែម ។ រដ្ឋាភិបាលកូរ៉េខាងជើង បានចោទប្រកាន់ ម៉ាឡេស៊ីថា លទ្ធផលនៃការស្រាវជ្រាវខាងលើ មានលក្ខណៈចងគំនុំ ចំពោះកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាង មិនទទួលយកនូវលទ្ធផលស្រាវជ្រាវខាងលើនោះឡើយ ៕ ម៉ែវ សាធី

ae

(រូបឆ្វេង)៖ លោកគីម ជុងណាម(កាលពីមិនទាន់បាត់បាត់បង់ជីវិត) និងលោកគីម ជុងអ៊ុន

ae (1)

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak


ចែករំលែក៖