ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានដកហូតតំណែងជាផ្លូវការ

ចែករំលែក៖

តុលាការរដ្ឋធម្មនុញ្ញ បានសម្រេចក្តីចុងក្រោយ ដោយរក្សាការសម្រេចរបស់សភា កាលពីខែធ្នូ ឆ្នាំ២០១៦ ពីការចោទប្រកាន់ទោសទៅលើលោកស្រី Park GeunHye ។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា លោកស្រី Park GeunHye ត្រូវបានដកហូតតំណែងជាផ្លូវការនៅព្រឹកថ្ងៃ ទី១០ ខែមីនា ក្រោយរយៈពេល៩២ថ្ងៃ ដែលសភាបានសម្រេច ចោទប្រកាន់ទោសទៅលើលោកស្រី ពាក់ព័ន្ធនឹងអំពើពុករលួយ ។

តុលាការរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង បានបញ្ជាក់ថា លោកស្រី Park GeunHye និងមិត្តភក្តិជិតស្និទ្ធ របស់ខ្លួន ជាប់ពាក់ព័ន្ធនឹងមូលនិធិនយោបាយ បង្កឲ្យមានវិវាទយ៉ាងខ្លាំងនៅក្នុងប្រទេស ។ ទន្ទឹមនឹងនោះ តុលាការ ធម្មនុញ្ញបានបញ្ជាក់ថា លោកស្រី Park GeunHye បានបំពានច្បាប់នៅពេលដែលអនុញ្ញាតឲ្យលោកស្រី Choi ដែលមិនមានតំណែងអ្វីនៅក្នុងឆាកនយោបាយ តែបានជ្រៀតជ្រែកចូលកិច្ចការដឹកនាំប្រទេសរបស់ប្រធានាធិបតី ។

តុលាការរដ្ឋធម្មនុញ្ញសង្ឃឹមថា សេចក្តីសម្រេចនេះ នឹងជួយបញ្ចប់ស្ថានភាពបែកបាក់នយោបាយនៅក្នុងប្រទេស ។ ក្នុងរយៈពេល៦០ថ្ងៃ ក្រោយការសម្រេចរបស់តុលាការធម្មនុញ្ញដកហូតតំណែងប្រធានាធិបតីជាផ្លូវការ ។ ប្រទេសនេះ មានរយៈពេល៦០ថ្ងៃ ក្នុងការរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ។នៅពេលនេះដែរ ប្រធានាធិបតីចាំផ្ទះ លោក Hwang KyoAhn នឹងបន្តរក្សាតំណែងប្រធានាធិបតីដឹកនាំប្រទេសជាតិ ជាបន្តរហូតមានប្រធានាធិបតីថ្មីមកជំនួស ។

ជាមួយនឹងសេចក្តីសម្រេចរបស់តុលាការ លោកស្រី Park GeunHye ត្រូវដកហូតតំណែង និងតួនាទីទាំងអស់។ លោកស្រី Park GeunHye បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទីមួយ ដែលត្រូវដកហូតតំណែង ពេលកំពុងកាន់អំណាច ដោយសារតែរឿងអាស្រូវពុករលួយ។

លោកស្រី Park GeunHye អាយុ៦៤ឆ្នាំ រងការចោទប្រកាន់ អនុញ្ញាតឲ្យមិត្តភក្តិ គឺលោកស្រី Choi Soon Silជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ដោយដាក់គំនាបទៅលើក្រុមហ៊ុនធំៗ នៅក្នុងប្រទេស ឲ្យបរិច្ចាគប្រាក់សម្រាប់អង្គការក្រៅរដ្ឋាភិបាល ដែលគ្រប់គ្រងដោយលោកស្រី Choi ។

លោកស្រី Park GeunHye មិនបានសារភាពថា ខ្លួនធ្វើខុសនោះឡើយ ប៉ុន្តែលោកស្រីបានសុំទោស ពីទំនាក់ទំនងរបស់លោកស្រី និងមិត្តភក្តិ បង្កឲ្យមានរឿងអាស្រូវទ្រង់ទ្រាយធំ ធ្វើឲ្យពលរដ្ឋរាប់សិបម៉ឺននាក់ដង្ហែក្បួនបាតុកម្ម។ នៅពេលនេះដែរ ចំនួនពលរដ្ឋកូរ៉េខាងត្បូងគាំទ្រលោកស្រីមានតែ 4-5ភាគរយប៉ុណ្ណោះ ។

វិបត្តិនៅកូរ៉េខាងត្បូង ចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៦ ក្រោយពេលប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងលាតត្រដាក់ពី ការកែងប្រវញ្ចអំណាច ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកស្រី ប្រធានាធិបតី និងមិត្តភក្តិ ។ មកទល់ពេលនេះ ពលរដ្ឋកូរ៉េខាងត្បូង ជាង៧០ភាគរយគាំទ្រឲ្យដកតំណែង ប្រធានាធិបតីពី លោកស្រី Park GeunHye៕ ម៉ែវ សាធី

114_park_geun_hye_sorry hanquoc


ចែករំលែក៖