ទំនាក់ទំនងរវាងរុស្ស៊ីនឹងអាមេរិកបើមិន កែប្រែឲ្យបានឆាប់ដូចដែលការរំពឹងទុក ក្រោយលោក ត្រាំ ឡើងកាន់តំណែងទេ នោះនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងកាន់ តែអាក្រក់ទៅៗ។
លោក Dmitri Peskov អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីបានប្រកាសថា រដ្ឋា ភិបាលទីក្រុងមូស្គូកំពុងតែរង់ចាំការកែប្រែទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ី។ ទន្ទឹម នឹងនោះ រុស្ស៊ីជំរុញឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ខិតខំជាងនេះដើម្បីធ្វើឲ្យទំនាក់ទំនងប្រសើរឡើងវិញ។
លោក Peskov បញ្ជាក់ទៀតថា ក្រោយរយៈពេលជាយូរដែលទំនាក់ទំនងទ្វេភាគីសោះកក្រោះនឹងគ្នា ពេលនេះរុស្ស៊ីនឹងអាមេរិកចាំបាច់ត្រូវតែបង្កើនអារម្មណ៍កក់ក្តៅឡើងវិញ តាមរយៈជំនួបពិភាក្សារវាងមន្ត្រីជាន់ខ្ពស់ប្រទេសទាំង២ឲ្យបានញឹកញាប់បំផុត។ លោក mitri Peskov បញ្ជាក់ទៀត ថា «ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បាន លើកឡើងថា អាមេររិកនឹងរុស្ស៊ីនៅមាន វិវាទជាច្រើន ហើយនេះជាពេលវេលាសមរម្យដែលត្រូវពិភាក្សាគ្នា»។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រុស្ស៊ីជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតនៅ អាមេរិកនាពេលកន្លងទៅ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីពិតជាព្រួយបារម្ភយ៉ាងខ្លាំង ពីការវាយតម្លៃរបស់ក្រុមចារកិច្ចអាមេរិកដែលអះអាងថាទីក្រុងមូស្គូលូកដៃចូលក្នុងការបោះឆ្នោត។ ចំណុច ទាំងនោះនឹងធ្វើឲ្យទំនាក់ទំនងកាន់តែជួបផលលំបាកថែមទៀតផង៕ ម៉ែវ សាធី