ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌសហការជាមួយនគរបាលខេត្តព្រៃវែងចាប់ក្រុមចោរប្លន់កាំភ្លើងអាកា២នាក់ដែលគេចខ្លួនជាង៧ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងអាកា២នាក់ត្រូវបានកម្លាំងនគរ បាលនៃនាយកដ្ឋាននគរបាលក្រសួងមហា ផ្ទៃសហការជាមួយនគរបាលខេត្តព្រៃវែងស្រាវជ្រាវ និងឃាត់ខ្លួនបន្ទាប់ពីពួកគេបានរត់គេចខ្លួនអស់រយៈពេលជាង៧ឆ្នាំកន្លង មកហើយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ចាត់ការបន្ត ។

លោកឧត្តមសេនីយ៍ត្រី ប៊ន សំអាត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃដែលចុះធ្វើកិច្ចការនេះឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១០ ជន សង្ស័យមួយក្រុមបានធ្វើសកម្មភាពប្លន់ ប្រដាប់អាវុធនៅរាជធានីភ្នំពេញ និងតាម បណ្តាខេត្តជាច្រើនករណីហើយក្រោយពីធ្វើសកម្មភាពប្លន់រួចក្រុមនេះត្រូវបានសមត្ថ កិច្ចបង្ក្រាបនិងចាប់ខ្លួនបក្ខពួកបានមួយ ចំនួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ចំណែកជនសង្ស័យដែលសេសសល់បានរត់គេចខ្លួន ជាក់ស្តែងដូចចម្លើយសារភាពរបស់ជនសង្ស័យ២នាក់ខាងលើនេះ ថា ពួកគេបានរត់ទៅលាក់ខ្លួននៅប្រទេសថៃអស់រយៈពេលជាង៧ឆ្នាំហើយនឹកស្មានថាសមត្ថកិច្ចភ្លេចខ្លួនក៏បានវិលមកស្រុកវិញនិងបានរស់នៅជួបជុំប្រពន្ធកូនច្រើនរាប់ខែដែរទើបតែសមត្ថកិច្ចចាប់ខ្លួននៅពេលនេះ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ខាំ ថុន ភេទប្រុស អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅភូមិថ្នល់កែង ឃុំពាន រោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងទី២- ឈ្មោះ ស៊ុន វណ្ណា ហៅប៉ាអាភ័ស្ត ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិព្រែកតាខាប ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌថ្លែងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មិនព្រងើយកន្តើយរាល់បទល្មើសព្រហ្ម ទណ្ឌនោះទេគឺតែងតែប្រើប្រាស់កម្លាំងឲ្យចុះស្រាវជ្រាវស៊ើបអង្កេតជាប់ជាប្រចាំ។

លោកប្រធាននាយកនគរបាលព្រហ្ម ទណ្ឌបានបន្តថា កន្លងមកសមត្ថកិច្ចបង្រ្កាប និងចាប់ខ្លួនជនសង្ស័យដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌធំៗបានជាច្រើនករណី រួចមកហើយ។ ជាក់ស្តែងដូចករណីនេះ លោកបានចាត់តាំងលោកឧត្តមសេនីយ៍ ត្រី ប៊ន សំអាត អនុប្រធាននាយកដ្ឋានឲ្យចុះទៅសហការជាមួយនគរបាលខេត្តព្រៃវែងដែលកម្លាំងយើងស៊ើបអង្កេតដឹងថា មាន ជនសង្ស័យជាបក្ខពួកក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងអាកា២នាក់បានវិលមកលាក់ ខ្លួននៅស្រុកកំណើតវិញដែលសមត្ថកិច្ចយើងមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញស្រាប់ ។

តាមដីកាចាប់ខ្លួននោះចេញដោយលោកស្រី ចាំង ស៊ីណាត កាលពីលោកស្រីនៅជា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ខាំ ថុន និងឈ្មោះ ស៊ុន វណ្ណា ពាក់ពន្ធពីបទប្លន់ ប្រដាប់អាវុធប្រព្រឹត្តនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌដង្កោ រាជធានី ភ្នំពេញកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ ពោលគឺជាង៧ឆ្នាំមុន ។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បន្តថា ជនសង្ស័យកំពុងត្រូវបានសមត្តកិច្ចសាកសួរដើម្បីស្រាវជ្រាវរកបទល្មើសផ្សេងក្រៅពីដីកាចាប់ខ្លួននេះទៀត។ បន្ទាប់មក សមត្តកិច្ចនឹងកសាងសំណុំរឿងបញ្ជូនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ ហេង សូរិយា

aaa


ចែករំលែក៖