ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក-កូរ៉េខាងត្បុង និងជប៉ុនចាប់ផ្តើមធ្វើសមយុទ្ធ ទប់ទលនឹងមីស៊ីល

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនៅ ថ្ងៃទី១៤ ខែមីនា បានផ្សាយថា ជប៉ុន កូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធ ដែលមានយុទ្ធសាស្ត្រតាមដាន និងប្រកាសអាសន្ន ពីកំាជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ដើម្បីទប់ទល់ទាន់ពេលវេលា។

តាមការប្រកាសរបស់កម្លាំងទាហានជើងទឹកកូរ៉េខាងត្បូងបានឲ្យដឹងថា នៅក្នុងការធ្វើសមយុទ្ធ ដែលមានយុទ្ធសាស្ត្រខាងលើ នាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីល Aegis ៣គ្រឿង រួមមាន នាវា Sejongdaewang របស់កូរ៉េខាងត្បូង នាវាចម្បាំង Curtis Wilbur របស់អាមេរិក និង នាវាចម្បាំង Kirishima របស់ជប៉ុន នឹងតាមដានរាល់សកម្មភាព បាញ់មីស៊ីលរបស់កូរ៉េខាងជើង ហើយចេករំលេកព័ត៌មានរួចបាញ់កម្ទេចមីស៊ីលទាំងនោះ។

សមយុទ្ធខាងលើអូសបន្លាយរហូតដល់ថ្ងៃ ទី១៥ ខែមីនា ។ សមយុទ្ធខាងលើបានធ្វើឡើង៣លើករួចមកហើយ គឺលើកទីមួយ នៅ ខែ វិច្ឆិកា ឆ្នាំ២០១៦ លើកទីពីរនៅ ខែមករា ឆ្នាំ២០១៧ ។

ការធ្វើសមយុទ្ធខាងលើបានធ្វើឡើង ក្រោយពេលដែលកូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តបន្ទាប់ទៅកាន់តំបន់សមុទ្រជប៉ុន ដោយកូរ៉េខាងជើងមានយុទ្ធសាស្ត្រវាយប្រហារទៅលើទីតាំងយោធារបស់អាមេរិកនៅក្នុងទឹកដីជប៉ុន។ កន្លងមក កូរ៉េខាងជើងបានបាញ់មីស៊ីល៤គ្រាប់ បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមីស៊ីលទាំងនោះ អាចកម្ទេចទីតាំងនានារបស់អាមេរិក ទាំងនៅក្នុងទឹកដីជប៉ុន និងកូរ៉េខាងត្បូង។

នៅពេលនេះដែរ កូរ៉េខាងជើង បានត្រៀមលក្ខណៈ សាកល្បងគ្រាប់បែកបរមាណូ ជាបន្តទៀត ហើយការសាកល្បងនោះអាចធ្វើឡើងក្នុងរយៈពេល៣០ ថ្ងៃចុងក្រោយនេះ មិនដឹងថា នៅថ្ងៃណាមួយនោះឡើយ។

សកម្មភាពរបស់កូរ៉េខាងជើងបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសក្នុងតំបន់ពិសេសគឺប្រទេសចិនតែម្តង ដោយសារតែភាពតានតឹងនោះបានជម្រុញឲ្យអាមេរិកបញ្ចូនអាវុធទំនើបៗជាច្រើនចូលមកគៀកប្រទេសចិន ក្នុងនោះមានកាំជ្រួចមីស៊ីលការពារដ៏ទំនើបរបស់អាមេរិក THAAD បានដាក់ពង្រាយនៅក្នុងទឹកដីកូរ៉េខាងត្បូង ។ មិនត្រឹមតែប៉ុណ្ណោះ កន្លងមក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានប្រកាសថា និងបញ្ចូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-1 និង B- 52 ទៅកាន់ឧបទ្វីបកូរ៉េដើម្បីទប់ទល់នឹងសកម្មភាព របស់កូរ៉េខាងជើង។

ដើម្បីទប់ស្កាត់ការនាំអាវុធទំនើបៗជាច្រើនចូលទៅកៀកប្រទេសចិន រដ្ឋមន្ត្រីការបរទេស ចិនបានអំពាវនាវ ឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីនុយក្លេអ៊ែរ និងការបាញ់មីស៊ីល ហើយទន្ទឹមគ្នានេះ ចិន ក៏បានស្នើឱ្យអាមេរិក និង កូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធាផងដែរ ។

ម្ខាង ត្រូវផ្អាកកម្មវិធីនុយក្លេអ៊ែរ និងការបាញ់មីស៊ីល ម្ខាងទៀតត្រូវបញ្ឈប់សមយុទ្ធយោធា ! មានតែការដោះដូរគ្នាបែបនេះទេ ដែលអាចនាំគ្រប់ភាគីឱ្យចូលតុចរចាបាន។ នេះជាការពន្យល់របស់លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi ក្នុងអត្ថន័យបន្ធូរបន្ថយភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។ ប៉ុន្តែសំណើរបស់ចិន ទំនងជាមិនបានភាគីបក្សដិបក្សទាំងពីរធ្វើឮទេ។ កាលពីខែមករា២០១៥ កូរ៉េខាងជើង ធ្លាប់បានទាមទារឱ្យអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់សកម្មភាពធ្វើ សមយុទ្ធជាថ្នូរនឹងការផ្អាកកម្មវិធីនុយក្លេអ៊ែរ តែវ៉ាស៊ីនតោន និងសេអ៊ូលបដិសេធ៕ ម៉ែវ សាធី

hqDokdo


ចែករំលែក៖