ភ្នំពេញ ៖ ជនរងគ្រោះដោយសារធាតុញៀន ចំនួន ៤៩៧ នាក់ ស្រី ២៨នាក់ ត្រូវបានធ្វើពិធីសមាហរណកម្មត្រឡប់ ទៅសហគមន៍វិញ ។ ក្រុមប្រឹក្សាជំនាញ នៃមជ្ឈមណ្ឌលឱកាសខ្ញុំ បានសម្រេចបញ្ជូនជនរងគ្រោះដោយសារការ សេពគ្រឿងញៀន ចំនួន ៤៩៧នាក់ ឲ្យវិលត្រឡប់ទៅ សហគមន៍វិញ បន្ទាប់ពីទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទា បានរួចរាល់ ។ ពិធីនេះ បានប្រព្រឹត្ដទៅ នៅមជ្ឍមណ្ឌលឱកាសខ្ញុំ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី ១៥ មីនា ឆ្នាំ២០១៧ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ ប្អូនៗ ក្មួយ ៗ នៅពេលត្រឡប់ទៅ សហគមន៏វិញ ត្រូវ ប្រាប់ មិត្តភ័ក្រ និងបងប្អូនសាច់ញៀន ថាកុំទៅពាក់ព័ន្ឋគ្រឿងញៀនឲ្យសោះ ព្រោះវាពិបាក និងបង្កមហន្ដរាយណ៏ ដល់សង្គមគ្រួសារ និងសង្គមជាតិ ។ ដូច្នេះ ពេលប្អូនៗ ជាសះស្បើយ នូវសារធាតុ គ្រឿងគ្រឿងញៀននេះ ហើយ សូមប្អូនៗ កុំវិលត្រឡប់ រក សារធាតុញៀនទៀត ។ សូមប្អូនៗ កុំបន្ដការលំបាក ដល់ឪពុក ម្ដាយ បងប្អូន មិត្ដភ័ក្រ តទៅទៀត មិនតែប៉ុណ្ណោះ ពេលប្អូនៗ បានប្ដេចសារធាតុញៀនហើយ និងកាត់បន្ថយ អំពើ ឆក់ ប្លន់ លូច និងអំពើ អបាយមុខផ្សេងៗ នៅក្នុងសង្គមទៀតផង ។
លោកស្រី មុំ ចាន់ដានី នាយិការ មជ្ឍមណ្ឌល ឪកាសខ្ញុំ បានបញ្ជាក់ថា៖ ជនរងគ្រោះដែលនឹងត្រូវធ្វើសមាហរណកម្មត្រឡប់ទៅសហគមន៍វិញ នាពេលនេះ មានចំនួន ៤៩៧នាក់ ស្រី ២៨នាក់ ។ ជន រងគ្រោះ ដែលបានចូលមក ទទួលសេវា អប់រំ ស្តារនីតិសម្បទាក្នុងមណ្ឌល ឱកាសខ្ញុំ មាន ពី៣ខែ ដល់ ៩ខែ ដោយត្រូវបានគណៈកម្មការពិនិត្យវាយតម្លៃពីលទ្ឋផល អប់រំ ព្យាបាល បានជាសះស្បើយ ទើបមជ្ឈមណ្ឌលធ្វើរបាយការណ៍ ទៅរដ្ឋបាលរាជធានី ដើម្បីស្នើសុំគោលការណ៍ធ្វើសមាហរណកម្មទៅសហគមន៍វិញ ។
ជាក់ស្តែងនាពេលនេះ ជនរងគ្រោះដែល បានជាសះស្បើយពីសារធាតុញៀន ហើយត្រូវត្រឡប់ទៅកាន់សហគមន៍វិញ រួមមាន ៖ ខណ្ឌសែនសុខ ចំនួន ៧០នាក់ ស្រី ០២នាក់, ខណ្ឌពោធិសែនជ័យ ចំនួន ៦១នាក់ ស្រី ០៤នាក់, ខណ្ឌប្ញស្សីកែវ ចំនួន ៥០នាក់ ស្រី ០៣នាក់, ខណ្ឌទួលគោកចំនួន ៥១នាក់ ស្រី ០៤នាក់, ខណ្ឌមានជ័យ ចំនួន ៤០នាក់ ស្រី ០៣នាក់, ខណ្ឌ៧មករាចំនួន ៣១នាក់ ស្រី ០៣នាក់, ខណ្ឌជ្រោយចង្វា ចំនួន ២២នាក់ ស្រី ០១នាក់, ខណ្ឌច្បារអំពៅ ចំនួន ១៨នាក់, ខណ្ឌដង្កោ ចំនួន ១៨នាក់, ខណ្ឌព្រែកព្នៅ ចំនួន ១៤នាក់ ស្រី ០១នាក់, ខណ្ឌដូនពេញ ចំនួន ១៥នាក់ ស្រី ០២នាក់, ខណ្ឌចំការមនចំនួន ១២នាក់ និងតាមបណ្តាខេត្តផ្សេងៗ ចំនួន ៩៥នាក់ ស្រី ០៥នាក់ ៕ សំរិត