ភ្នំពេញ ៖ លោក អូស្មានហាស្សាន់ ជំរុញឲ្យមហាមិត្ដ ម៉ាឡេស៊ី បន្ដជួយកុមារកំព្រា និងកុមារទីទាល់ក្រីក្រ នៅសហគមន៍ដើម្បីពួកគេមានលទ្ធភាព បន្ដការសិក្សា នៅសាលារដ្ឋ ឬឯកជន គ្រប់កំរិត ក្នុងគោលដៅ កាត់បន្ថយភាពក្រីក្រ ជាមួយរដ្ឋាភិបាលកម្ពុជា ។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និង លោក មូតអ៊ីបអាល់អ៊ូសៃមី ភារ:ធារីនៃស្ថានទូតរដ្ឋ គុយវ៉ែត ប្រចាំនៅកម្ពុជា បានជំរុញបែបនេះ ខណៈ លោកចូលរួម ជាអធិបតីក្នុងពិធី ជួបសំណេះសំណាល ជាមួយ ក្មេងកំព្រាទីទាល់ក្រ ចំនួន ១៧០នាក់ ប្រចាំឆ្នាំលើកទី៦ រៀបចំដោយ សមាគមសប្បុរសធម៌ដើម្បីអភិវឌ្ឍន៍កម្ពុជា “អាល់ប៉ារ៉ាកាស្ហ” នៅមណ្ឌលម៉ូឌែន ៥ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៤ មីនា ឆ្នាំ ២០១៧ ។ កុមារកំព្រាចំនួន ១៧០ នាក់ មកពីគ្រប់រាជធានីខេត្តទូទាំងប្រទេស ទទួលបានការឧបត្ថម្ភពីសំណាក់ ប្រជាជន នៃរដ្ឋគុយវ៉ែត តាមរយៈ ហ្សាកាត់ហៅស៍(ការផ្ដល់អំណោយ មនុស្សធម៏ ) នូវកង់ សម្រាប់ជិះទៅសាលា រួមជាមួយនិង សម្ភារៈ សិក្សា ម្នាក់ មួយកំផ្លេរ ផងដែរ ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ រយៈពេលជាច្រើនសិបឆ្នាំមកហើយដែលកម្ពុជា បានទទួលជំនួយមនុស្សធម៌ពីរដ្ឋគុយវ៉ែត។ នេះសរបញ្ជាក់ពីការយកចិត្តទុក ដាក់ពីសំណាក់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ក៏ដូចជា ប្រជាជននៃប្រទេសនេះ។ យ៉ាងណាម៉ិញ ចំណុចនេះផងដែរ ក៏បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ដោយបានបើកច្រកទទួលយកអំណោយមនុស្សធម៌ ពីប្រទេសគុយវ៉ែត ក៏ដូចជាបណ្តាប្រទេសឥស្លាមនានា ដើម្បីជួយដល់សហគមន៍ឥស្លាមនៅកម្ពុជា។ ខណៈដែលប្រទេសមហាអំណាចមួយចំនួន ធ្លាប់បានរារាំង មិនចង់ឲ្យកម្ពុជាទទួលអំណោយពីបណ្តាប្រទេសឥស្លាមនៅមជ្ឈឹមបូព៌ា តែត្រូវប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជំទាស់ ហើយនៅតែបើកទ្វារទទួលជំនួយរហូតមកដល់សព្វថ្ងៃនេះ។
លោកបន្តថា ៖ តាមរយៈជំនួយមនុស្សធម៌ទាំងនេះ មិនត្រឹមតែបានជួយសម្រាល់នូវទុក្ខលំបាក របស់បងប្អូនប្រជា ពលរដ្ឋឥស្លាមកម្ពុជាប៉ុណ្ណោះទេ ក៏មានការកើនឡើងនូវធនធានមនុស្សយ៉ាងច្រើនផងដែរ ទាំងវិស័យសាសនា និង វិស័យអប់រំជាតិ។ លោកបន្ដថា ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាថ្នាក់ដឹកនាំឥស្លាម ក៏ដូចជា លោក ផ្ទាល់ ក៏បានថ្លែងអំណរគុណដល់ព្រះមហាក្សត្រ រដ្ឋាភិបាល និង បណ្តាសប្បុរសជន គុយវ៉ែត ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍ឥស្លាមនៅកម្ពុជាជាបន្តបន្ទាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមានឯកអគ្គរាជទូត និងតំណាងស្ថានឯកអគ្គរាជទូតគុយវ៉ែត ប្រចាំនៅកម្ពុជា តែងតែជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួល ដល់អង្គការ សមាគមនានា ដែលបាននាំយកអំណោយទាំងអស់ជូនដល់បងប្អូនឥស្លាម។
ក្នុងឱកាសនោះ លោក ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗកុមារកំព្រា ទីទាល់ក្រីក្រ ទាំងអស់ ឲ្យខិតខំរៀនសូត្រ ប្រព្រឹត្តអំពើល្អ ជួយគ្នាទៅវិញទៅមក និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ថ្វីបើក្មូយៗទាំងអស់ជាក្មេងកំព្រា ជួបទុក្ខលំបាកក្តី តែការតស៊ូ នឹងនាំឲ្យក្មួយៗទាំងអស់ក្លាយជាអ្នកដឹកនាំ អ្នកជំនួញ មានអនាគតល្អ។
ក្នុងពិធីនេះដែរ ក៏មានការប្រគល់រង្វាន់លើកទឹកចិត្តដល់ ក្មេងកំព្រាដែលជាសិស្សពូកែ និងមានជីវភាពក្រីក្រចំនួន ៥ នាក់ នូវកង់ម្នាក់ចំនួន ០១ គ្រឿង ហើយក្មេងកំព្រាសិស្សពូកែចំនួន ១០ នាក់ ទទួលបាន កាដូរ និងសម្ភារៈសិក្សា និងក្រៅពីនោះ ទទួលបានសម្ភារ:សិក្សាផងដែរ ៕ សំរិត