ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមបំពេញទស្សនកិច្ចតំបន់អាស៊ី

ចែករំលែក៖

ទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិក រិច ធីលឡឺសាន់ នៅអាស៊ីសប្តាហ៍នេះ មាន សារសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំពុងប្រឈមការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។ ប្រមុខការទូតអាមេរិកនឹងចាប់ផ្តើមធ្វើ ទស្សនកិច្ចនៅជប៉ុនមុនគេ រួចបន្តទៅកូរ៉េខាងត្បូងមុននឹងបញ្ចប់ដំណើរនៅចិន។

ប្រឈមការគំរាមពីកូរ៉េខាងជើង ទ័ពអា មេរិក នឹងជប៉ុនទើបនឹងបានធ្វើសមយុទ្ធ ជើងទឹករួមគ្នាកាលពីសប្តាហ៍មុនប៉ុណ្ណោះ។ អាមេរិកនិងជប៉ុនដឹងថា ដែនដីខ្លួនជាផ្ទាំងស៊ីបរបស់ក្រុងព្យុងយ៉ាងច្បាស់ណាស់។ សម្រាប់ទស្សនកិច្ចនៅក្រុងសេអ៊ូល ប្រមុខ ការទូត ធីលឡឺសាន់ នឹងជួបប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក វ៉ាំង ក្យូអាន់ និង រដ្ឋមន្ត្រីការបរទេស យុង ប្យុនសឺ ព្រោះថា លោកស្រី ផាក គឿនហេ ត្រូវបានដកហូត តំណែងហើយ។

ការបិទបញ្ចប់ទស្សនកិច្ចនៅចិនជា ដំណាក់កាលសំខាន់ជាងគេ។ អាមេរិក មិនអាចមើលរំលងចិនទេ ដ្បិតថាលោក ត្រាំ ធ្លាប់រិះគន់ចិនកន្លងមកក៏ដោយ។ ចិនជាសម្ពន្ធមិត្តរបស់កូរ៉េខាងជើង។ ប៉ុន្មានខែចុងក្រោយនេះចិនបានបង្ហាញបំណងល្អដោយបានដំឡើងសំឡេងដាក់កូរ៉េខាងជើង។ ចិនធ្លាប់ស្នើការសម្របសម្រួលមួយ ដោយឲ្យកូរ៉េខាងជើងព្យួរកម្មវិធីនុយក្លេអ៊ែរ ហើយជាថ្នូរអាមេរិក និងកូរ៉េខាងត្បូងត្រូវឈប់ធ្វើសមយុទ្ធរួមគ្នាតទៅទៀត។ តែសប្តាហ៍មុននេះ អាមេរិកបានបដិសេធ សំណើរបស់ចិន។ មិនដឹងថារដ្ឋមន្ត្រីការ បរទេស ធីលឡឺសាន់ ត្រូវជជែកយ៉ាងណាជាមួយចិនដើម្បីរកដំណោះស្រាយនុយក្លេអ៊ែរ កូរ៉េខាងជើងទេ ព្រោះអាមេរិកទើបនឹងធ្វើឲ្យចិនខឹងខ្លាំង ដោយសារតែបានដាក់ ពង្រាយខែលមីស៊ីលប្រឆាំងមីស៊ីលនៅ កូរ៉េខាងត្បូងកាលពីសប្តាហ៍មុន។ លើសពីនេះទៀតអាមេរិកទើបប្រកាសពង្រាយដ្រូនមីស៊ីលនៅកូរ៉េខាងត្បូងថែមទៀត។

ជាមួយមធ្យោបាយយោធាអាមេរិកដ៏ គគ្រឹកគគ្រេងនៅអាស៊ីចុងក្រោយនេះ បើអាមេរិកមិនអាចសម្រួលកំហឹងចិនបាន ចិនក៏ប្រហែលពិបាកមានចិត្តជួយអាមេរិកទៅដំឡើងសំឡេងដាក់កូរ៉េខាងជើងទៀតដែរ។ ថ្ងៃអង្គារនេះ ក្រុងព្យុងយ៉ាងទើបនឹងព្រមានវាយប្រហារអាមេរិកដោយឥត សំចៃករណីអាមេរិកហ៊ានប៉ះពាល់ដល់ ភាពថ្លៃថ្នូររបស់កូរ៉េខាងជើង។ ក្រុងព្យុង យ៉ាងយល់ថា ការមកដល់នៃបណ្តានាវា ផ្ទុកយន្តហោះអាមេរិកក្នុងតំបន់ គឺជាការឃុបឃិតដើម្បីវាយប្រហារកូរ៉េខាងជើង។ កូរ៉េខាងជើងបានលើកឡើងដែរថា គ្រាន់តែថ្ងៃ១១មីនាតែមួយថ្ងៃប៉ុណ្ណោះ មានយន្តហោះសត្រូវច្រើនគ្រឿងបានហោះក្បែរដែន អាកាសរបស់កូរ៉េខាងជើង៕ ម៉ែវ សាធី

af


ចែករំលែក៖