សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា រដ្ឋាភិបាលម៉ាឡេស៊ីបានយល់ព្រមប្រគល់សាកសពលោកគីម ជុងណាម បងប្រុស ឪពុកតែមួយម្តាយទីទៃ របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដើម្បីជាការដោះដូរឲ្យពលរដ្ឋម៉ាឡេស៊ី ដែលកូរ៉េខាងជើងមិនឲ្យចាកចេញនោះបានវិលត្រឡប់មកស្រុកវិញ ។
សារព័ត៌មាន China Press បានផ្សាយថា ភាគីម៉ាឡេស៊ី ក៏បានយល់ព្រមអនុញ្ញាតឲ្យជនសង្ស័យ ៣នាក់ជាជនជាតិកូរ៉េខាងជើង ដែលបានលាក់ខ្លួននៅក្នុងស្ថានទូត កូរ៉េខាងជើងប្រចាំនៅទីក្រុងកូឡាឡំពួរវិលត្រឡប់ទៅស្រុកវិញផងដែរ ។ ហេតុការណ៍ខាងលើគឺជាការដោះដូរ ពលរដ្ឋ ប្រទេសទាំងពីរ និងបញ្ចប់ភាពតានតឹង នៅក្នុងប្រទេសនេះ។
សារព័ត៌មាន ម៉ាឡេស៊ី បានផ្សាយថា សាកសព លោកគីម ជុងណាម មិនទាន់បានបូជានៅឡើយទេ ហើយបានប្រគល់ទៅឲ្យភាគីកូរ៉េខាងជើង នៅរសៀលថ្ងៃទី ២៧ ខែមីនា ។ ហេតុការណ៍ទាំងនោះគឺដើម្បី បញ្ចប់ភាពតានតឹង និងធ្វើឲ្យទំនាក់ទំនងការបរទេសរបស់ប្រទេសទាំងពីរវិលត្រឡប់មកដូចដើមវិញ ។ នៅពេលនេះដែរ ម៉ាឡេស៊ីមិនទាន់ប្រកាសពីកិច្ចព្រមព្រៀង ប្រគល់សាកសពលោកគីម ជុងណាម ទៅឲ្យកូរ៉េខាងជើង នោះឡើយ។
កាលពីថ្ងៃទី២៦ ខែមីនា ស្ថានទូតកូរ៉េខាងជើង បានអនុញ្ញាតឲ្យប៉ូលិស ម៉ាឡេស៊ី បើកការស្រាវជ្រាវ ពីការស្លាប់របស់លោកគីម ជុងណាម ។ កន្លងមក ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសថា ពលរដ្ឋម៉ាឡេស៊ី ដែលរស់នៅកូរ៉េខាងជើង នឹងមិនអាចវិលត្រឡប់ទៅប្រទេសវិញឡើយ រហូតដល់ ពលរដ្ឋកូរ៉េខាងជើង និងមន្ត្រីការបរទេស នៅទីក្រុងកូឡាឡំពួរ មានសុវត្ថិភាព។
បុរសម្នាក់ដែលគេបញ្ជាក់ថា ជា លោកគីម ជុងណាម ត្រូវបានស្ត្រីពីរនាក់លួចធ្វើឃាតនៅ ក្នុងអាកាសយានដ្ឋានអន្តរជាតិ កូឡាឡំពួរ ក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ។ ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ថា ជនជាតិកូរ៉េខាងជើងម្នាក់ជាប់ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ រួមទាំងមនុស្ស៣នាក់ទៀត ដែលបានភៀសខ្លួននៅស្ថានទូតកូរ៉េខាងជើង ។
ក្រុមស្រាវជ្រាវម៉ាឡេស៊ីបានចោទប្រកាន់ ទៅលើរដ្ឋាភិបាលកូរ៉េខាងជើង ជាអ្នកនៅពីក្រោយការស្លាប់របស់លោកគីម ជុងណាម ប៉ុន្តែ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានច្រានចោល រាល់ការចោទប្រកាន់ទាំងនោះ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង បានចោទប្រកាន់ម៉ាឡេស៊ី ចូលដៃជើង ជាមួយកូរ៉េខាងត្បូង ដើម្បីទម្លាក់កំហុសទៅឲ្យកូរ៉េខាងជើង ៕ ម៉ែវ សាធី